នារីខ្មែរ​វ័យ​ក្មេង​ឡើង​ភ្នំ Everest

នារី​ខ្មែរ​វ័យ​ក្មេង​«ដែល​គ្មាន​ការ​ភ័យ​ខ្លាច» បង្កើត​កំណត់ត្រា​​ឡើង​ភ្នំ​ខ្ពស់​បំផុតនៅ​លើ​ពិភពលោក


នារី​ខ្មែរ​វ័យ​ក្មេង​​ដែល​គ្មាន​ការ​ភ័យ​ខ្លាច​​ពីរ​រូប ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ ដោយ​បាន​ឡើង​​ភ្នំ​ទៅ​ដល់​ចំណុច Everest Base Camp ដែល​មាន​កម្ពស់​ជាង ៥​ពាន់​ម៉ែត្រ នៃ​ភ្នំ​​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក គឺ​ភ្នំ អេវឺរេស (Everest) ស្ថិត​នៅ​រវាង​ព្រំដែន​ប្រទេស​នេប៉ាល់​និង​ប្រទេស​ចិន។
ដោយ
កញ្ញា ហ៊ាន សុជាតា (រូបខាងឆ្វេង) និងកញ្ញា ម៉ៅ ច័ន្ទដាលី ថតរូបជាមួយមគ្គុទ្ទេសក៍​ជនជាតិ​នេប៉ាល់ នៅ​លើ​ភ្នំ Everest។

ការព្យាយាម​លើក​ដំបូង​របស់​ជន​ជាតិ​ខ្មែរ​ ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១២ ដែល​ពេល​នោះ​ប្អូន​ប្រុស​ឈ្មោះ លឹម ពិសិដ្ឋ អាយុ​២៧ឆ្នាំ បាន​ស្លាប់​នៅ​ពេល​ឡើង​ជាមួយ​នឹង​គោលបំណង​ទៅ​ដោត​ទង់ជាតិ​កម្ពុជា នៅ​លើ​កំពូល​ភ្នំ​នេះ។

ក៏​ប៉ុន្តែ កញ្ញា ហ៊ាន សុជាតា អាយុ ២៨ឆ្នាំ ធ្វើការ​នៅ​ស្ថានទូត​អូស្ត្រាលី និង​កញ្ញា ម៉ៅ ច័ន្ទដាលី អាយុ ២៧​ឆ្នាំ ធ្វើការ​នៅ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយ​បាន​ឡើង​ដល់ចំណុច Everest Base Camp ដែល​មាន​កម្ពស់ ៥៣៦៤​ម៉ែត្រ នៅថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ បន្ទាប់​ពី​ដើរ​ចំនួន​៦​ ទៅ​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ នៅលើ​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​ ១២៨​គីឡូម៉ែត្រ។

សុជាតា និង ដាលី បាន​ចំណាយ​ពេល​ដើរ​ចំនួន​៧​ថ្ងៃ ជាមួយ​មគ្គុទ្ទេសក៍​​ជនជាតិ​នេប៉ាល់​១រូប ដោយ​ត្រូវ​ពុះពារ​ជំនះ​អាកាសធាតុ​ដ៏​លំបាក​បំផុត រួមមាន កម្រិត​ទាប​នៃ​បរិមាណ​អុកស៊ីសែន ដែល​ទាមទារ​ឲ្យ​មាន​ការស៊ូ​ទ្រាំ​ខ្លាំង​បំផុត។

កញ្ញា ហ៊ាន សុជាតា អាយុ ២៨ឆ្នាំ ថតរូបនៅ​លើ​ភ្នំ Everest នាថ្ងៃទី១៧ ឧសភា ២០១៩។

នៅក្នុង​បទសម្ភាសន៍​ពី​ប្រទេស​នេប៉ាល់ សុជាតា បាន​និយាយ​ថា ពួកគាត់​បាន​ឮថា ការ​ឡើង​ជំរំ​ភ្នំ​អេវឺរេស មាន​ភាព​លំបាក​ខ្លាំង​ណាស់ ដូច្នេះ ជាមួយ​នឹង​មិត្ត​ភ័ក្រ្ត ក៏​បាន​សម្រេច​ចិត្ត​សាកល្បង​ដើម្បី​យក​ឈ្នះ​ខ្លួន​ឯង។

សុជាតា បាន​និយាយ​ដូច្នេះ​ថា ៖ «សម្រាប់​ពួកយើង ការ​ធ្វើ​ដំណើរ​ទៅ Everest Base មិន​ត្រឹម​តែ​អំពី​ការ​ទៅ​ដល់​គោលដៅ​ទេ ប៉ុន្តែ ក៏​ជា​ការរីករាយ​នឹង​ការ​ធ្វើ​ដំណើរ​ផង​ដែរ - ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត, ភាព​ស្រស់​ស្អាត​នៃ​ភ្នំ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ក្នុង​ស្រុក និង​ជាមួយ​អ្នក​ដើរ​កម្សាន្ត​ផ្សេងៗ​ទៀត គឺ​ពិត​ជា​អស្ចារ្យណាស់»។

សុជាតា បាន​បន្ត​ថា ៖ «ខ្ញុំ​មិនមែន​ជា​អ្នក​ប្រថុយ​ប្រថាន​ជឿជាក់​ទេ។ ដូច​មនុស្ស​ដទៃ​ដែរ ខ្ញុំ​ក៏​ភ័យ​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​យក​ការ​រំភើប​ចិត្ត ជាជាង​យក​ការ​ភ័យ​ខ្លាច។»

សុជាតា គឺ​ជាអ្នក​ឡើង​ភ្នំ​ដ៏​មាន​បទពិសោធន៍​កន្លង​មក។ សុជាតា បាន​ឡើង​ភ្នំ Fansipan នៅ​វៀតណាម ដែល​មាន​កម្ពស់​ ៣១៤៣​ម៉ែត្រ កាលពី​ឆ្នាំ​​២០១៧ ដែល​វា​គឺ​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​ឥណ្ឌូចិន។ កាល​ពី​ឆ្នាំ​២០១៨ សុជាតា ក៏​បាន​ឡើង​ភ្នំ​ឱរ៉ាល់​ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​នៅ​កម្ពុជា មាន​កម្ពស់ ១៨១៣​ម៉ែត្រ។

កញ្ញា ម៉ៅ ច័ន្ទដាលី អាយុ ២៧​ឆ្នាំ ថតរូបលេងនៅលើ​ភ្នំ Everest ពេលដែល​នាង​ឡើង​ទៅដល់ នាថ្ងៃទី១៧ ឧសភា ២០១៩។

សម្រាប់ ដាលី ការ​ឡើង​ភ្នំ​គឺ​មាន​គំនិត​ធ្វើ​តាម សុជាតា ហើយ​និយាយ​បន្ថែម​ថា អ្នក​ផ្សេង​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ជន​ជាតិ​កម្ពុជា បាន​ឡើង​ដល់​ទីនោះ។

ដាលី បាន​និយាយ​ដូច្នេះ​ថា ៖ «យើង​បាន​និយាយ​ជាមួយ​ជនជាតិ​នេប៉ាល់ និងអ្នក​ដើរ​លេង​ដទៃ​ទៀត ហើយ​ពួកគេ​មើល​ទៅ​ភ្ញាក់​ផ្អើល ដោយ​ដឹង​ថា យើង​ជា​ជន​ជាតិ​កម្ពុជា​ដោយ​លើក​ឡើង​ថា ពួកគេ​ស្ទើរ​តែ​មិន​ដែល​បាន​ជួប​ជន​ជាតិ​កម្ពុជា។»

ដាលី បាន​និយាយ​ថា មិនសូវ​មាន​ជនជាតិ​កម្ពុជា​ទៅ​ច្រើន ប្រហែល​ដោយសារ​វា​លំបាក​ខ្លាំង​ណាស់ ដែល​អាកាសធាតុ​ត្រជាក់​ជួន​កាល -១១​អង្សារសេ ដូច្នេះ​នៅពេល​ទៅ​ដល់​ទី​នោះ​ភ្លាម ពួក​ខ្លួន​បាន​ធ្វើ​ពិធី​ស្ងប់ស្ងាត់​ពីរ ឬ​បី​នាទី ដើម្បី​បញ្ជាក់​ការ​ជឿជាក់​ថា ពិត​ជា​ធ្វើ​បាន​សម្រេច​មែន។

កញ្ញា ម៉ៅ ច័ន្ទដាលី អាយុ ២៧​ឆ្នាំ ថតរូបលេងនៅលើ​ភ្នំ Everest ពេលដែល​នាង​ឡើង​ទៅដល់ នាថ្ងៃទី១៧ ឧសភា ២០១៩។

សម្រាប់​បណ្តា​ប្រទេស​លោក​ខាង​លិច ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រីចូ​លរួម​ការ​កម្សាន្ត​បែប​នេះ។ ក៏​ប៉ុន្តែ នៅ​កម្ពុជា​ដែល​នៅ​ប្រកា​ន់ប្រពៃណី​ខ្លាំង និង​តួនាទី​របស់​ស្ត្រី​នៅ​មាន​កម្រិត អ្វី​ដែល​ សុជាតា និង ដាលី បាន​ធ្វើ​គឺ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ប្រទេស។

សុជាតា ជាមន្រ្តី​ប្រព័ន្ធ​បណ្តាញ​សង្គម​និង​ស្រាវជ្រាវ នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ហើយ ​ដាលី ជា​មន្រ្តី​ទំនាក់ទំនង​ជាន់​ខ្ពស់ នៅ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ។

នៅតាម​បណ្តាញ​សង្គម មាន​សារ​អបអរ​សាទរ​ជាច្រើន រួមទាំង សារ Twitter ដោយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី លោកស្រី Angela Corcoran ផងដែរ ដល់ សុជាតា និង ដាលី ក្នុង​នាម​ជា​នារី​កម្ពុជា​វ័យ​ក្មេង ដែល​បាន​បង្កើត​​កំណត់ត្រា​មួយ​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗចំនួន ៨ បានកាត់ផ្ដាច់ទំនាក់ទំនងរកស៊ី ជាមួយក្រុមហ៊ុនចិន Huawei

ព័ត៌មាន
ក្រោយពីរដ្ឋាភិបាលអាមេរិកសម្រេចដាក់ក្រុមហ៊ុនចិន Huawei ចូលក្នុងបញ្ចីខ្មៅរួចមក យ៉ាងហោចណាស់ មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន៨ ត្រូវបានរដ្ឋា…

ADB ផ្ដល់ថវិកា ៧,៦ លានដុល្លារ ដល់កម្ពុជា ផលិតថាមពលអគ្គិសនី កម្លាំង១០០ មេហ្គាវ៉ាត់ តាមរយៈ​ថាមពល សូឡា

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី ADB បានអនុម័តឥណទានសម្បទាន ចំនួន ៧,៦៤ លានដុល្លារអាមេរិក សម្រាប់កម្ពុជា ដើម្បីគាំទ្រដល់ការសាងសង់ ឧទ្យានថាមពលពន្លឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ