អាស៊ាន

អាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់ចិន


គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចចិន សម្រេចបាននូវទំហំពាណិជ្ជកម្មជាមួយប្រទេសនានាជាដៃគូ ប្រមាណជិត ៤ទ្រីលានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ២៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយក្នុងនោះបណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ចិន ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៥៦០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ។
តំបន់អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតមួយរបស់ ប្រទេសចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិន និងអាស៊ាន សម្រេចបានជាង ៥៦០ពាន់លានដុល្លារអាមេរិក
ដោយ

របាយការណ៍​ពី​ការិយាល័យ​ស្ថិតិ​ជាតិចិន បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល ៨​ខែ ដើមឆ្នាំ ២០២១​នេះ ប្រទេស​ចិន​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជា​ដៃគូ សរុប ៣,៨​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ការ​នាំ​ចេញ​ទំនិញ​របស់​ចិន សម្រេច​បាន ២,១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ៣៤% ហើយ​ការ​នាំ​ចូល​មក​វិញ សម្រេច​បាន ១,៧​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ៣៥%​។

ប្រធាន​ការិយាល័យ​ស្ថិតិ​ជាតិចិន បាន​លើក​ឡើង​ថា ដោយសារ​តែ​វិធានការ​គ្រប់គ្រង​បញ្ហា​មេរោគ​កូ​វី​ដ​១៩ បាន​យ៉ាង​ល្អ​ប្រសើរ សេដ្ឋកិច្ច​ប្រទេស​ចិន អាច​ងើបឡើង​វិញ​ជា​លំដាប់ និង​ដំណើរការ​ប្រកបដោយ​ស្ថិរភាព ជាមួយនឹង​កំណើន​ល្អ ក្នុង​នោះ ការ​នាំ​ចេញ​-​នាំ​ចូល មាន​កំណើន ២​ខ្ទង់​យ៉ាង​ល្អ​ប្រសើរ ហើយ​ប្រទេស​ចិន ក៏​សម្រេច​បាន​នូវ​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ ៣៦២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​ដល់​ទៅ ១៧% ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

នៅ​ក្នុងអំឡុងពេល ៨​ខែ​ឆ្នាំ​២០២១​នេះ បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​មួយ​របស់ ប្រទេស​ចិន ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ចិន និង​អាស៊ាន សម្រេច​បាន​ជាង ៥៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សហភាព​អឺរ៉ុប ក្លាយជា ដៃគូ​ពាណិជ្ជកម្ម​ធំ​បន្ទាប់ មាន​ទំហំ​ពាណិជ្ជកម្ម​ជាង ៥៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​បន្ទាប់​ពី​នោះ​គឺ​មាន អា​មេ​រិ​ក ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ៤៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយនឹង​ចិន​។

ចំណែកឯ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន ជាមួយនឹង បណ្តា​ប្រទេស​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​សម្រេច​បាន​ជាង ១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន ២៤%​។

ដោយឡែក ក្នុង​ខែសីហា​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​របស់​ចិន មាន​ជាង ៥៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន ១៨% ក្នុង​នោះ ការ​នាំ​ចេញ​មាន​ទំហំ ២៩៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចូល​ទំនិញ​របស់​ចិន មាន​ទំហំ ២៣៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

នៅ​ក្នុង​ខែសីហា​កន្លង​ទៅ​ថ្មី​ៗ​នេះ ការ​នាំ​ចេញ​របស់​ប្រទេស​ចិន ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ សម្រេច​បាន ៣៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ១៦% ធៀប​នឹង​ខែសីហា កាលពី​ឆ្នាំ​មុន ហើយ​ការ​នាំ​ចូល​មក​ប្រទេស​ចិន​វិញ មាន​ទំហំ ៣២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ ចិន មាន​អតិរេក​ពាណិជ្ជកម្ម ជាង ៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ១៦%​។

ប្រធាន​ការិយាល័យ​ស្ថិតិ​ជាតិចិន ក៏​បាន​ព្រមាន​ដែរ​ថា ដោយសារ​តែ បញ្ហា​មេរោគ​ឆ្លង​កូ​វី​ដ​១៩ នៅ​តែ​បន្ត​រីក​រាលដាល​ទូ​ទាំង​សកលលោក បរិយាកាស​សេដ្ឋកិច្ច​ខាងក្រៅ នឹង​កាន់តែ​ស្មុគស្មាញ ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​របស់​ចិន នៅ​ត្រីមាស​ទី ៤​ឆ្នាំ​នេះ អាច​នឹង​មានការ​ថមថយ​ចុះ​បន្តិច​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វៀតណាមត្រូវការពេលយូរដើម្បីស្ដារវិស័យវាយនភណ្ឌកាត់ដេរឡើងវិញ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរវៀតណាម បាននិយាយថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ និង ស្បែកជើងនៅក្នុងប្រទេសនេះ បានទទួលរងនូវវិបត្តិយ៉ាង…

តើយុទ្ធសាស្ត្ររបស់អាមេរិកដើម្បីទប់ទល់ចិននៅតំបន់ប៉ាស៊ីហ្វិកបរាជ័យ មែនទេ?

ព័ត៌មាន
សំណើរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន ក្នុងការចំណាយប្រាក់រហូតដល់ ១ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ សម្រាប់ចំណាយទៅលើប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ