បញ្ហាតម្លៃប្រេងឥន្ធនៈ

តើកម្ពុជាអាចឈានដល់ការខ្វះប្រេង និងហ្គាស ដូចប្រទេសឡាវ និងស្រីលង្កាដែរ ឬយ៉ាងណា?


បញ្ហាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈជាសាកល បាននិងកំពុងក្លាយជាប្រធានបទក្ដៅគគុកសម្រាប់ពិភពលោក នាពេលបច្ចុប្បន្ននេះ ដែលវាបានកើតឡើង ដោយសារតែបញ្ហាកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ហើយបញ្ហានេះ ក៏បានធ្វើឲ្យប្រទេសមួយចំនួនកំពុងស្ថិតក្នុងវិបត្តិខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ផងដែរ ដូចជាប្រទេសស្រីលង្កា និងឡាវជាដើម។ តើកម្ពុជាអាចឈានដល់វិបត្តិនេះដែរ ឬក៏យ៉ាងណា?
បញ្ហាការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈជាសកល អាចនាំឱ្យកម្ពុជាឈានដល់ការខ្វះប្រេង និងហ្គាស?

ជុំវិញបញ្ហានេះ បើតាម​សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាង​យ៉ាងច្បាស់ៗថា សម្រាប់កម្ពុជា ដ្បិតថាបញ្ហាតម្លៃប្រេងឥន្ធនៈបានកើនឡើងជាបន្តជាបន្ទាប់ក៏ដោយចុះ ប៉ុន្ដែ​ កម្ពុជា នៅមានលទ្ធភាពនាំចូល និងផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់​តាមតម្រូវការនៅឡើយ ហើយក៏មិនទាន់ឈានដល់ការខ្វះខាតប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់ ដូចជា ប្រទេសដទៃមួយចំនួនដែរ។ សម្ដេចតេជោ ហ៊ុន សែន អះអាង​យ៉ាងដូច្នេះ នាឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ ១កក្កដា នៅអាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងនាឱកាសអញ្ជើញប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានការយោគយល់ចំពោះការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន។​ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ គឺជាបញ្ហារួមរបស់ពិភពលោកទាំងមូល មិនមែនមានតែកម្ពុជានោះទេ ដែលផ្ដើមចេញពីវិបត្តិសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន ដែលធ្វើឲ្យប្រេងឡើងថ្លៃ។ បើតាមនាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ហានេះបានធ្វើឲ្យតម្លៃឧស្ម័ន និងហ្គាសឡើងរហូត៣៥% ដោយសារតែពិភពលោកមានតម្រូវការកើនឡើង និងកាន់តែប៉ះពាល់ដល់ពិភពលោក ខណៈបណ្ដាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប បាននិងកំពុងចាប់ផ្ដើមប្រើប្រាស់ធ្យូងថ្ម ជំនួសឲ្យការប្រើប្រាស់ឧស្ម័នហ្គាស។

ជាមួយគ្នានោះ សម្ដេចក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន នៅបណ្ដាប្រទេសមួយចំនួន ដូចជា ប្រទេសឡាវ និងប្រទេសស្រីលង្កា ជាដើម បាននិងកំពុងជួបនូវវិបត្តិខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ ដោយសារតែឥទ្ធិពលសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន។ ដោយឡែក សម្រាប់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជានៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ប្រេង ហើយកម្ពុជា ក៏មិនទាន់ឈានដល់ការខ្វះខាតប្រេងឥន្ធនៈនៅឡើយទេ។ ក៏ប៉ុន្តែ បើទោះបីជាបែបនេះក្ដី សម្ដេចក៏បានបង្ហាញពីការព្រួយបារម្ភដែរថា ដ្បិតកម្ពុជា មិនទាន់ជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈ តែបញ្ហានេះ អាចនឹងរីករាលដាលកាន់តែខ្លាំង ហើយទៅថ្ងៃខាងមុខ ទោះជាមានលុយ ក៏មិនប្រាកដថា អាចទិញប្រេងបាននោះដែរ ដូច្នេះ ទាមទារឲ្យប្រជាពលរដ្ឋមានការយល់យល់ចំពោះបញ្ហាប្រេងសាំងឡើងថ្លៃ នាពេលបច្ចុប្បន្ន និងចូលរួមកាត់បន្ថយ​ទៅតាមលទ្ធភាព ក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលប្រើសាំង ជំនួសឲ្យការប្រើប្រាសរថយន្តដើរដោយថាមពលអគ្គិសនី និងរថយន្តប្រភេទហាយប្រ៊ីដ ដើម្បីកាត់បន្ថយ​ការប្រើប្រាស់ប្រេងឥន្ធនៈ ជាដើម។

ជុំវិញបញ្ហាតម្លៃប្រេងឥន្ធនៈនេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិ្ជកម្ម បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា គឺជាប្រទេសដែលនាំចូលប្រេងទាំងស្រុង ដូច្នេះ នៅពេលតម្លៃប្រេងជាសាកលកើនឡើង វានឹងជះឥទ្ធិពលដល់តម្លៃប្រេង នៅកម្ពុជា។ ដ្បិតថា តម្លៃប្រេងឥន្ធនៈ មានការកើនឡើង ក៏ប៉ុន្តែ មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ក៏បានអះអាងដែរថា កម្ពុជា មិនងាយប្រឈមនូវការខ្វះខាតប្រេងឥន្ធនៈនោះទេ ដោយឯកឧត្តមបានបន្តថា កម្ពុជា មានយុទ្ធសាស្រ្តនៃការគ្រប់គ្រងប្រេង ទន្ទឹមនឹងការអនុវត្តសន្ធិសញ្ញាពាណិជ្ជកម្មបានល្អប្រសើរ ខណៈកម្ពុជា ស្ថិតនៅចំណុចកណ្ដាល និងនៅជិតប្រភពនៃនាំចូលប្រេង ផងដែរ។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ឲ្យដឹងដែរថា នៅត្រីមាសទី១នៅឆ្នាំ២០២២ កម្ពុជា​បានតម្លៃនៃការនាំចូលប្រេង​បាន​កើនឡើងមកដល់ទៅជាង ៥៨០លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤៨% ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ឯកឧត្តម នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ តម្លៃនៃការនាំចូលប្រេងឥន្ធនៈ របស់កម្ពុជា បានកើនឡើងខ្ពស់នេះ ដោយសារតែ​ ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសផ្នែកផលិតកម្ម ក្រោយពីខ្សែច្រវាក់ផ្គត់ផ្គង់ ត្រូវបានរំខានដោយការរីករាលដាលនៃមេរោគកូវីដ-១៩ ជាង២ឆ្នាំ កន្លងមកនេះ។ ទន្ទឹមនិងតម្រូវការកើនឡើង ការផ្គត់ផ្គង់ប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ នៅមានកំរិតនៅឡើយ គួបផ្សំនឹងការផ្ទុះឡើងនូវសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី ក៏បានធ្វើឲ្យថ្លៃប្រេងលើទីផ្សារអន្តរជាតិ កាន់តែឡើងខ្ពស់បន្ថែមមួយកម្រិតទៀតផងដែរ។

តាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ តម្លៃប្រេងលក់រាយនៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី១ កក្កដា ដល់ថ្ងៃទី១០កក្កដា មានតម្លៃ ៥,៨០០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៦,២០០រៀល ក្នុង១លីត្រ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាយកបញ្ហាកូវីដ១៩ ទៅលេងសើច ឬបំភ្លៃការពិត

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានដល់ជនណាដែលយកបញ្ហាកូវីដ១៩ ទៅលេងសើច ឬបំភ្លៃខុសពីការពិត ឬបំពុលបរិយាកាសសង្គម ត្រូវចាប់ខ្…

អ៊ីស្រាអែលមានបំណងចុះ MOU ជាមួយកម្ពុជា ដើម្បីនាំពលករកម្ពុជាទៅបម្រើការងារក្នុងវិស័យកសិកម្ម

ព័ត៌មាន
លោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងបាងកកប្រទេសថៃបានបង្ហាញពីបំណងចង់ឲ្យរដ្ឋាភិបាលទាំងពីរកម្ពុជា និងអ៊ីស្រាអែល ចុះអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ