តម្លៃជ្រូករស់

តម្លៃជ្រូករស់ក្នុងស្រុកចាប់ផ្ដើមប្រសើរឡើងវិញបន្តិច ក្រោយការនាំចូលជ្រូកពីខាងក្រៅបានថយចុះ


តម្លៃជ្រូករស់នៅកម្ពុជា កំពុងចាប់ផ្ដើមប្រសើរឡើងវិញបន្តិច បើប្រៀបនឹងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលកន្លងមក។ ជាក់ស្ដែង បច្ចុប្បន្ន ជ្រូករស់ក្នុងស្រុក អាចលក់បានក្នុងតម្លៃ ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ជ្រូករស់ក្នុងស្រុកអាចលក់បានត្រឹម ៩ពាន់រៀលក្នុងមួយគីឡូក្រាម។
កសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករក្នុងស្រុកមួយកន្លែង

ជុំវិញ​ការ​ប្រែប្រួល​នៃ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​នា​ពេល​នេះ ត្រូវ​បាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​អះអាង​ថា ស្ថានភាព​ទីផ្សារ និង​ការ​ចិញ្ចឹម​ជ្រូក​ចាប់ផ្ដើម​មើលឃើញ​ពី​ភាព​វិជ្ជមាន​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ និង​មាន​ក្ដី​រំពឹង​ខ្ពស់​ថា តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​កាន់តែ​ប្រសើរ​ជាង​នេះ​ថែម​ទៀត​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ថា សព្វថ្ងៃ តម្លៃ​ជ្រូក​រស់​ក្នុងស្រុក មាន​ភាព​ប្រសើរ​ឡើង​វិញ​បន្តិច ដោយ​មាន​តម្លៃ ពី ៩​ពាន់​៥​រយ​រៀល ទៅ​១​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម​។ ប្រធាន​សមាគម​រូប​នេះ បាន​គូសបញ្ជាក់​ថា ការ​ប្រែប្រួល​នៃ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក ដោយសារ​តែ​តម្លៃ​ជ្រូក​រស់ នៅ​ប្រទេស​ជិតខាង ដូច​ជា ប្រទេស​ថៃ និង​វៀតណាម​ជាដើម មានការ​ឡើងថ្លៃ ដូច្នេះ ឈ្មួញ​ដែល​ធ្លាប់​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ បាន​ផ្អាក​នាំ​ចូល​ជ្រូក​រស់​មក​កម្ពុជា ។ ជាមួយ​គ្នា​នោះ ស្ថាប័ន​ពាក់ព័ន្ធ​កាន់តែ​រឹត​បន្តឹង​ច្បាប់​នាំ​ចូល​ជ្រូក​រស់ ក៏​ដូច​ជា ការ​នាំ​ចូល​ជ្រូក​រស់​ខុសច្បាប់​ផង​ដែរ ដែល​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​ចាប់ផ្ដើម​ប្រសើរ​ឡើង​វិញ​។ បន្ថែម​លើ​នេះ លោក ស្រ៊ុ​ន ពៅ ក៏​មានគំនិត​សុទិដ្ឋិនិយម​ផង​ដែរ ចំពោះ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ដោយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា វិស័យ​នេះ​នឹង​ងើបឡើង​វិញ ពិសេស​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក នឹង​កាន់តែ​ប្រសើរ​ជាង​នេះ​។

ដើម្បី​សម្រួល​ដល់​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក កន្លង​មក ក្រសួងកសិកម្ម បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​បរទេស​មក​នៅ​ត្រឹម ៧០០​ក្បាល ទៅ​៨០០​ក្បាល ក្នុង​មួយ​ថ្ងៃ ហើយ​ចុង​ក្រោយ​ន​បេះ ក្រសួង​បន្ត​កាត់​បន្ថយ​ការ​នាំ​ចូល​ជ្រូក​រស់​មក​នៅ​ត្រឹមតែ ៣០០​ក្បាល ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់​ប្រមាណ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ នៅ​លើ​ទីផ្សារ​ក្នុងស្រុក ខណៈ​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​ជ្រូក​រស់​ជិត ៨​ពាន់​ក្បាល ទៅ​ហើយ ក្នុង​មួយ​ថ្ងៃ ដូច្នេះ កម្ពុជា មិន​ចាំបាច់​នោះ​ទេ ក្នុង​ការ​បន្ត​នាំ​ចូល​ជ្រូក​រស់​ពី​បរទេស​បន្ត​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញស្រូវសម្រេចបានទឹកប្រាក់ លើសពីការនាំចេញអង្ករជិត២ដង នៅ១០ខែឆ្នាំ២០២១

ព័ត៌មាន
ទឹកប្រាក់នាំចេញអង្ករ និងស្រូវរបស់កម្ពុជាបូកបញ្ចូលគ្នានៅ១០ខែឆ្នាំ២០២១នេះ សម្រេចបានដល់ទៅ ជិត៩៦០លានដុល្លារអាមេរិក ដោយក្នុងនោះ ទឹកប្រាក់ដែល…

ខេត្តសៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍កីឡាធំមួយ ដើម្បីបង្ហាញពីការបើកតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ទេសចរអន្តរជាតិឡើងវិញ

ព័ត៌មាន
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសសម្រេចរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាបឡើងវិញ ក្រោយមើលឃើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ