លំហូរវិនិយោគនៅតែល្អនៅឆ្នាំ២០២២

អ្នកជំនាញ៖ ការវិនិយោគនៅកម្ពុជានឹងមិនថមថយឡើយ ហើយចិននឹងបន្ដឈរកំពូលតារាងវិនិយោគ


អ្នកជំនាញ សង្កេតឃើញថា ទោះបីកម្ពុជារងការញាំញីដោយសារវិបត្តិកូវីដ-១៩ និងឥទ្ធិពលពីវិបត្តិភូមិសាស្ត្រនយោបាយសកលក៏ដោយ ប៉ុន្ដែលំហូរវិនិយោគអភិវឌ្ឍន៍លើគម្រោងថ្មីៗនៅកម្ពុជានៅតែមានជាហូរហែ និងបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅជិត៣ខែ កន្លងមកនេះ។
ភ្នំពេញប្រែក្លាយពីគំនរផះផង់កាលពី៣ទសវត្សរ៍មុន បច្ចុប្បន្នក្លាយជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា (រូបភាព៖ Quantum Communications)

អ្នកជំនាញ​ជឿជាក់​ថា ការ​វិនិយោគ​លើ​គម្រោង​ថ្មី​ៗ​នៅ​កម្ពុជា​នឹង​មិន​មានការ​ថយ​ឡើយ បើ​ទោះបី​វិបត្តិ​សង្គ្រាម​រុ​ស្ស៊ី​វាយ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​សកល​រួម​ទាំង​កម្ពុជា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ក៏​ដោយ​។ ជាមួយ​គ្នា​នេះ​អ្នកជំនាញ​នៅ​តែ​រំពឹង​ថា ចិន​នឹង​បន្ត​ក្តោប​ក្តាប់​គម្រោង​វិនិយោគ​បរទេស​ធំ​ជាងគេ​ក្នុង​ចំណោម​ប្រទេស ដែល​បាន​មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ឆ្នាំ​នេះ​។ 

ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​អះអាង​ថា វិបត្តិ​កូ​វី​ដ​-១៩ និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​មិន​បាន​ជះ​ឥទ្ធិពល​មក​ការ​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ​។ ពោល​គឺ​ការ​វិនិយោគ​លើ​គម្រោង​ថ្មី​ៗ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជិត​៣​ខែ​កន្លង​មកនេះ បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រក្សា​កំណើន​ល្អ​ប្រសើរ​នៅ​ឆ្នាំ​នេះ បើ​ទោះបី​បច្ចុប្បន្ន​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ក៏​ដោយ​។ ការ​ជឿជាក់​បែប​នេះ គឺ​ដោយសារ លោក​ឧកញ៉ា មើលឃើញ​ថា យន្តការ​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩ សម្រាប់​អ្នកដំណើរ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​មាន នឹង​ជួយ​ស្រូប​ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ឡើង​។ 

អនុប្រធាន​សភាពាណិជ្ជកម្ម​រូប​នេះ​មើលឃើញ​ថា ក្រុមហ៊ុន​ដែល​បាន​មក​បោះទុន​វិនិយោគ​លើ​គម្រោង​ថ្មី​ៗ​នៅ​កម្ពុជា​ជិត​៣​ខែ​កន្លង​មកនេះ គឺ​ចម្រុះ​វិស័យ​ដែល​នឹង​ក្លាយជា​ជ​ន្ទ​ល់​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច កម្ពុជា​នៅ​ពេល​បាត់បង់​ការ​លើកលែង​ពន្ធ​មួយ​ចំនួន​នា​ពេល​អនាគត ក្រោយ​កម្ពុជា​នឹង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​មួយ​កម្រិត​ទៀត​។ ឧកញ៉ា លឹ​ម ហេង ជឿជាក់​ថា វិនិយោគិន​ចិន​នឹង​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​វិនិយោគ​បរទេស​ច្រើន​ជាងគេ​នៅ​កម្ពុជា បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​ចំនួន​៣៩​គម្រោង​ដែល​មាន​ទុន​វិនិយោគ​ជាង​២​ពាន់​៣​រយ​៨៦​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​២៧០​លាន​ដុល្លារ​បើ​ធៀប​នឹង​បី​ខែ​ពេញ​កាលពី​ឆ្នាំ​២០២១ ដែល​បាន​អនុម័ត​គម្រោង​ចំនួន​៤០ ជាមួយ​ទុន​វិនិយោគ​ប្រមាណ​២​ពាន់​១​រយ​១៥​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុម័ត​គម្រោង​សរុប​ចំនួន​១៦១​គម្រោង ដោយ​មាន​ទុន​វិនិយោគ​ជិត​៤​ពាន់​លាន​ដុល្លារ និង​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ជាង​១០​ម៉ឺន​កន្លែង​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា នៅតែរំពឹងកំណើនឥណទាន និងប្រាក់បញ្ញើខ្ពស់នៅឆ្នាំ២០២២

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា អះអាងថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើប្រតិបត្តិការ…

ប្រធានាធិបតីអាមេរិកថា «មិនអាចឲ្យលោកពូទីនបន្តកាន់អំណាចទៀតបានទេ»

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក Joe Biden នាចុងសប្ដាហ៍មុននេះ បាននិយាយចំៗថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin មិនអាចបន្តកាន់អំណាចទៀតទេ។ លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ