បញ្ហាសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែនបារម្ភថា រុស្ស៊ីអាចពុះជ្រៀកប្រទេសរបស់ខ្លួនជាពីរ ដូចកូរ៉េខាងជើងនិងខាងត្បូង


ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូ ឌីមៀរហ្សេនលេនស្គី បានសម្ដែងពីការព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីអាចនឹងវាតទីយកអ៊ុយក្រែនមួយចំហៀងប្រទេស ហើយពុះប្រទេសខ្លួនចែកជាពីរ ដូចទៅនឹងកូរ៉េសព្វថ្ងៃដែលមានកូរ៉េខាងជើងផង និងកូរ៉េខាងត្បូងផង។ នៅចំពោះមុខក្តីបារម្ភនេះ លោក ហ្សេលេនស្គីបានបន្តអំពាវនាវសុំជំនួយបន្ថែមទៀត ដូចជាយន្តហោះចម្បាំង និងរថក្រោះពីលោកខាងលិច ដ្បិតថាមកទល់ពេលនេះអ៊ុយក្រែននៅមិនទាន់ទទួលបានជំនួយទាំងនេះនៅឡើយ។
អ៊ុយក្រែនបារម្ភថា ប្រទេសរបស់ខ្លួន អាចរុស្ស៊ីពុះជ្រៀកជាពីរ ដូចកូរ៉េខាងជើងនិងខាងត្បូង

លោក ហ្សេ​ឡេ​ន​ស្គី ក៏​បាន​ឆ្លៀត​ហៅ​ប្រទេស​លោក​ខាងលិច​ថា កំសាក ដែល​អស់​ពេល​១​ខែ​មក​ហើយ មិន​អាច​ផ្តល់​សព្វាវុធ​សំខាន់​ៗ​ទាំងនេះ មក​ឲ្យ​អ៊ុយ​ក្រែ​ន​បាន​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ធ្វើការ​អង្វរក​ម្តង​ហើយ​ម្តងទៀត សម្រាប់​យន្តហោះ​ចម្បាំង និង​រថក្រោះ ដើម្បី​ជួយ​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​រុ​ស្ស៊ី​។ រុ​ស្ស៊ី ដែល​ឥឡូវនេះ កំពុង​បង្ហាញ​យុទ្ធសាស្ត្រ​ថ្មី​របស់​ខ្លួន ដោយ​ផ្តោត​សំខាន់​លើ​ការ​កាន់កាប់​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ ប្រការ​នេះ​កំពុង​ធ្វើ​ឲ្យ​ភាគី​អ៊ុយ​ក្រែ​ន​បារម្ភ​ថា រុ​ស្ស៊ី កំពុង​ព្យាយាម​ឲ្យ​មាន​ភាព​បែកបាក់​អ៊ុយ​ក្រែ​ន​ជា​ពីរ​ប្រទេស​ផ្សេង​គ្នា​។

លោក ហ្សេ​ឡិន​ស្គី បាន​គូសបញ្ជាក់​ថា ប្រទេស​លោក​ខាងលិច មិន​មាន​សេចក្តី​ក្លាហាន​សូ​ម្បី​តែ​១% បើ​ធៀប​នឹង​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​ដ៏​អង់អាច​នៅ​ក្រុង​ម៉ា​រី​យូ​ប៉ូ​ល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ហ្សេ​លេ​ន​ស្គី​បាន​និយាយ​ដូច្នេះ​ថា​៖  ខ្ញុំ​បាន​ទំនាក់​ទំនងជា​និច្ច​ជាមួយ​ពួក​គេ​នៅ​ម៉ា​រី​យូ​ប៉ូ​ល ហើយ​ការ​តាំងចិត្ត គំរូ​វីរភាព និង​ភាពរឹងមាំ​របស់​ពួក​គេ​គឺ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែនទែន​។ ប្រទេស​លោក​ខាងលិច ចំណាយពេល ៣១​ថ្ងៃ​ទៅ​ហើយ អំពី​ការ​ប្រគល់​យន្តហោះ​ចម្បាំង និង​រថក្រោះ​រាប់​សិប​គ្រឿង​បន្ថែម​មក​អ៊ុយ​ក្រែ​ន បើ​ធៀប​គ្នា​ទៅ លោក​ខាងលិច មាន​ភាព​ក្លាហាន​ត្រឹមតែ ១%​ប៉ុណ្ណោះ នៃ​ភាព​ក្លាហាន​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ម៉ា​រី​យ៉ូ​ប៉ូ​ល​។

ហេតុ​អ្វី​អ៊ុយ​ក្រែ​ន​ចង់បាន​យន្តហោះ​ចម្បាំង​ខ្លាំង​ម្ល៉េះ?

សង្គ្រាម​ដែល​អូស​បន្លាយ​ជាង​មួយ​ខែ​មក​ហើយ​នេះ ភាគី​រុ​ស្ស៊ី​មិន​ទាន់​វាយ​យក​បាន​ក្រុង​សំខាន់​ណាមួយ​នោះ​ទេ ខណៈ​កងទ័ព​រុ​ស្ស៊ី​ខ្លះ​មិន​អាច​រុលទៅមុខ​បាន នៅ​ជាប់​គាំង និង​ខ្លះ​ថែម​ទាំង​ត្រូវ​ទ័ព​អ៊ុយ​ក្រែ​ន វាយ​ឲ្យ​ដកថយ​ថែម​ទៀត​។

ទោះ​មិនសូវ​ជា​មាន​ប្រៀប​នៅ​លើ​ការ​ប្រយុទ្ធ​ផ្ទាល់​ដី តែ​រុ​ស្ស៊ី​មាន​ប្រៀប​ខ្លាំង​ណាស់​នៅ​ការ​ប្រយុទ្ធ​លើ​អាកាស ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​។

អ៊ុយ​ក្រែ​ន​និយាយ​ថា ដើម្បី​កម្ចាត់​រុ​ស្ស៊ី​បាន លុះត្រាតែ​លោក​ខាងលិច​ផ្តល់​យន្តហោះ​ចម្បាំង បន្ថែម មិនមែន​ផ្តល់​ឲ្យ​ត្រឹមតែ​មី​ស៊ី​ល និង​ឧបករណ៍​យោធា​ផ្សេង​ទៀត​នោះ​ទេ​។ ការ​អះអាង​បែប​នេះ ស្រប​ពេល​ដែល​សំណើ​ផ្ទេរ​យន្តហោះ​ពី​ប៉ូ​ឡូញ ទៅ​កាន់​អ៊ុយ​ក្រែ​ន តាម​រយៈ​សហរដ្ឋអាមេរិក ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​មានការ​ព្រួយបារម្ភ​ថា វា​អាច​អូស​ទាញ​ឲ្យ​អង្គការ​ណា​តូ ចូលរួម​ប្រយុទ្ធ​ដោយ​ផ្ទាល់​ជាមួយ​រុ​ស្ស៊ី និង​បង្ក​ជា​សង្គ្រាម​រីក​រាលដាល​កាន់តែ​ធំ​នៅ​អឺរ៉ុប​។ 

ភ្លើងសង្គ្រាម​នៅ​តែ​បន្ត​ឆាបឆេះ ខណៈ​ការ​ចរចា​ក៏​នៅ​បន្ត​ធ្វើ​ដូច​គ្នា

 ប្រធានាធិបតី​ហ្សេ​លេ​ន​ស្គី បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា តាម​វី​ដេ​អូ​របស់​គាត់​ទៅ​កាន់​ប្រជាជន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​ថា ការ​ចរចា​សន្តិភាព​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​គ្រោង​នឹង​ធ្វើ​ឡើងជា​ថ្មី​ទៀត នៅ​ប្រទេស​តួ​ក​គី​ក្នុង​ស​ប្តា​ហ៍​នេះ​ហើយ​។ កិច្ច​ពិភាក្សា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល រដ្ឋធានី​របស់​តួ​គី រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​គ្រោង​នឹង​ផ្តល់​អាទិភាព​ដល់​ប្រធានបទ បូរណភាព​ទឹកដី របស់​អ៊ុយ​ក្រែ​ន​តែ​ម្តង​។ បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រុ​ស្ស៊ី TASS កិច្ចចរចា ទល់មុខ​គ្នា​លើក​ទី​៤​នេះ នឹង​រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​២៩ ដល់​៣០​ខែ មីនា​។

សូម​ជម្រាប​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រុ​ស្ស៊ី​ហាក់​បង្កើន​ការ​វាយប្រហារ​លើ​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់​ៗ​របស់​អ៊ុយ​ក្រែ​ន ច្រើន​មែនទែន ដូច​ជា ទីតាំង​ស្តុក​គ្រាប់ គ្រឿង​សព្វាវុធ មី​ស៊ី​ល​ការពារ​ដែនអាកាស និង​ឃ្លាំង​ស្តុក​ប្រេង​ជាដើម​។

ជាក់ស្តែង រុ​ស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​បាន​ប្រើ​កាំជ្រួច ដើម្បី​បាញ់​ទៅ​លើ​ឃ្លាំង​ផ្ទុក​ឥន្ធនៈ និង ឃ្លាំង​ស្តុក​កាំជ្រួច​ការពារ​ដែនអាកាស​មួយ​កន្លែង​ក្នុង​ទីក្រុង ល្វី​វ ជិត​ព្រំដែន​ប៉ូ​ឡូញ​។ កាលពី​យប់​ថ្ងៃអាទិត្យ ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុ​ក​កែ​ត​បាន​វាយប្រហារ​មូលដ្ឋាន​ប្រេង​មួយទៀត​នៅ​តំបន់ វ៉ូ​លី​ន (Volyn) ភាគ​ពាយ័ព្យ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិក ស្នើដាក់ពន្ធអប្បបរមា ២០% លើប្រាក់ចំណូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងដាក់ស្នើពន្ធអប្បបរមា លើមហាសេដ្ឋី គ្រាក់ៗរបស់អាមេរិក ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារយ៉…

តើរុស្ស៊ីអាចរកច្រកចេញដើម្បីលក់មាសជាង២ពាន់តោនរបស់ខ្លួនបានដោយរបៀបណា?

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងគៀបសង្កត់ទៅលើប្រទេស រុស្ស៊ីនៅក្នុងការលក់ទុនបម្រុងអន្តរជាតិជាមាស និងការរៃអង្គាសប្រាក់របស់ខ្លួនដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក្រោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ