គ្រោះទឹកជំនន់នៅប៉ាគីស្ថាន

ពលរដ្ឋ១១លាននាក់នៅប៉ាគីស្ថាន ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់


យ៉ាងហោចណាស់ពលរដ្ឋប៉ាគីស្ថានចំនួន ១១ លាននាក់ស្មើនឹង ៥% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ កំពុងតែប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងក្រៃលែងដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមកាលពីខែមិថុនា ហើយចំនួនមនុស្សស៊ូទ្រាំរស់នៅដោយគ្មានអាហារគ្រប់គ្រាន់ ទំនងជានឹងកើនឡើងថែមទៀត។ នេះបើតាមលោកស្រី Rathi PalaKrishnan អនុប្រធានកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប៉ាគីស្ថាន។
ប៉ាគីស្ថានប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់

នៅក្នុងបទសម្ភាសន៍តាមអ៊ីនធឺណិតមួយជាមួយនឹង​សារព័ត៌មានជប៉ុន Nikkei កាលពីថ្ងៃសុក្រទី១៦ ខែ​កញ្ញា​ អនុប្រធាន​កម្មវិធីស្បៀងអាហារ​នៃ​អង្គការ​សហប្រជាជាតិប្រចាំប្រទេស​ប៉ាគីស្ថាន លោកស្រី Rathi Palakrishnan ​បាននិយាយថា ស្រុកចំនួន ៥៩​ នៅប្រទេសអាស៊ីខាងត្បូង​មួយ​នេះ ​ត្រូវបានប្រកាសថាបាន​រងគ្រោះមហន្តរាយ​ទឹកជន់លិច​ ហើយនៅស្រុកទាំង ៥៩ នោះ​មានប្រជាជនចំនួន​ ១១ លាននាក់ គឺគ្មានសុវត្ថិភាពស្បៀងអាហារទាល់​តែ​សោះ​​។ ប៉ុន្តែឥឡូវនេះ ចំនួនស្រុក​ដែល​រង​គ្រោះ​មហន្តរាយ​នេះ ​​បាន​​កើន​ឡើង​ពី ៥៩ ទៅ ៨១ ស្រុក​ហើយ​​ ដូច្នេះ​វា​​ប្រាកដ​​ណាស់​ថា ចំនួន​ពលរដ្ឋដែល​រង​គ្រោះ​​ ១១ លាន​នាក់​នេះ​​​អាច​​​កើន​ឡើងថែម​ទៀត​។​

លោកស្រី​ PalaKrishnan បាន​និយាយ​​ថា ប្រជាពល​រដ្ឋ​ប៉ាគីស្ថានដែល​គ្មានសុវត្ថិភាពស្បៀងអាហារ​គឺ​មានចំនួនជិត​៥លាននាក់រួចហើយទៅហើយ នៅមុនពេល​ទឹកជំនន់បាន​​​​កើត​ឡើង​នៅ​ក្នុងប្រទេស​នេះ។

​សូមរំលឹក​ថា​ ​​ភ្លៀងធ្លាក់ខ្លាំងបង្ក​ជា​ទឹកជំនន់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ៣៣ លាននាក់​នៅក្នុងខេត្តមួយ​ចំនួន​នៅភាគខាងត្បូង​ និងខាងលិច​ប្រទេសប៉ាគីស្ថាន ​ ហើយ​មក​ទល់​នឹង​ពេល​នេះ​គ្រោះមហន្តរាយនេះបានសម្លាប់មនុស្សជិត ១ពាន់​៥រយ​នាក់​។

លោកស្រី​​​ PalaKrishnan បាននិយាយថា កង្វះអាហារូបត្ថម្ភរបស់កុមារ​​មាន​ការ​រីករាលដាល​កាន់​តែ​ទូលំទូលាយ​​នៅក្នុងតំបន់​ ដែលរងផលប៉ះពាល់ដោយ​គ្រោះមហន្តរាយ​នេះ​។

កម្មវិធីស្បៀង​អាហារ​ពិភព​លោក​ (WFP)​ បានអំពាវនាវឱ្យមានការបរិច្ចាគជាបន្ទាន់ចំនួន ១៦០ លានដុល្លារនៅចុងខែសីហា ហើយគ្រោងនឹងនាំយកជំនួយស្បៀងអាហារទៅ​ឱ្យ​មនុស្ស ២ លាន​នាក់នៅពាក់កណ្តាលខែតុលាខាង​មុខ​នេះ​ ខណៈ​ដែល​រហូត​មក​ដល់​ពេល​នេះ​ កម្មវិធី​នេះ​បាន​រៃ​អង្គាស​​ថវិកា​​​បាន​ចំនួន ៥៣ លាន​ ៨ សែន​​ដុល្លារ​ហើយ​។

លោកស្រី​ PalaKrishnan បាននិយាយថា ចំពោះប្រទេសមួយ​ចំនួន មាន​​​​​ប្រទេស​​ប៉ាគីស្ថាន​ជា​អាទិ៍​វា​​​មិនមែន​ជា​ការ​ខុស​ឆ្គង​អ្វី​​នោះ​ទេ​ ក្នុង​ការ​លះ​បង់​នូវ​អ្វី​ដែល​ពួកគេ​​បានធ្វើ​​រួម​គ្នា​ចំពោះ​ភព​ផែន​ដី​នេះ​​ ហើយ​​លោកស្រីក៏​បាន​​​​ជំរុញ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ជួយ​ផ្ដល់​ជំនួយភ្លាមៗដល់​ប្រទេសរង​គ្រោះ​ទាំង​នេះផង​ដែរ​​។​

ដោយសម្តែងការព្រួយបារម្ភថា កង្វះស្បៀងអាហាររបស់ប្រទេសនេះ​អាចកាន់តែអាក្រក់ទៅៗ​នោះ​លោកស្រី​ PalaKrishnan បាននិយាយថា ប្រហែល ១២,៤% នៃផ្ទៃដី​ស្រែនៅ​ប្រទេសប៉ាគីស្ថាន​បានខូច​ខាត​​ដោយសារទឹកជំនន់​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីឥណ្ឌាប្រាប់លោកពូទីន ថា «សម័យនេះមិនមែនជាពេលធ្វើសង្គ្រាមទេ»

ព័ត៌មាន
ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោកពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសអ៊…

ក្រុមហ៊ុនមេរបស់ TikTok នឹងចំណាយ ៣ ពាន់លានដុល្លារដើម្បីប្រមូលទិញចំណែកភាគហ៊ុនពីអ្នកវិនិយោគ

ព័ត៌មាន
ក្រុមហ៊ុន បាយដេនស៍ (ByteDance) ជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok គ្រោងនឹងប្រើប្រាស់សាច់ប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិក ដើម្បីទិញយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ