វិស័យកាត់ដេរ​ឆ្នាំ២០២២

ការនាំចេញវិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និងស្បែកជើង​កម្ពុជាឆ្នាំ២០២២ រំពឹងស្ទុះ​ងើប​ឡើង​ខ្លាំង​កម្រិតណា?


សមាគមរោងចក្រកាត់ដេរ (GMAC) មានភាពជឿជាក់ថា នៅឆ្នាំ២០២២ ខាងមុខ ការនាំចេញផ្នែកសម្ភារធ្វើដំណើរ នឹងបន្តកើនឡើងខ្ពស់ ខណៈការនាំចេញសម្លៀកបំពាក់វិញ នឹងកើនឡើងក្នុងកម្រិតមធ្យម ។
កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រូបភាព៖ betterwork.org

ជាក់ស្ដែង នៅរយៈពេល ១០ខែ ឆ្នាំ២០២១ ការនាំចេញសម្ភារៈធ្វើដំណើរ របស់កម្ពុជា បានកើនឡើងរហូតដល់ជាង ៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯ ការនាំចេញសម្លៀកបំពាក់ ឯណោះវិញ បានកើនឡើងត្រឹម ៧% ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។

ថ្លែងនាឱកាសសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ប្រធានសមាគមរោងចក្រាត់ដេរ កម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានគូសបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរ បានរីកចម្រើនខ្លាំងចាប់ពីពាក់កណ្ដាលទស្សវត្សរ៍៩០ ហើយបានក្លាយជាកត្តាលីករសំខាន់មួយសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ បើទោះបីជា កម្ពុជា បាននិងកំពុងជួបនូវវិបត្តិកូវីដ-១៩ តែឧកញ៉ា វ៉ាន់ ស៊ូអៀង បានសង្កត់ធ្ងន់ថា ដំណើរការនៃការនាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ នៅតែអាចដំណើរការជាធម្មតា បើទោះបី វិស័យនេះ បានរងផលប៉ះពាល់ខ្លះៗក៏ដោយ។

ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា លោកមានគំនិតសុទិដ្ឋិនិយមចំពោះវិស័យកាត់ដេរ និងវាយនភណ្ឌ នៅឆ្នាំ២០២២ ពិសេសសម្ទុះនៃការនាំចេញនូវសម្ភារៈធ្វើដំណើរនឹងបន្តកើនឡើងខ្លាំង ខណៈការនាំចេញផលិតសម្លៀកបំពាក់ កើនឡើងក្នុងកម្រិតមធ្យម។ លោក កាំង ម៉ូនីកា បានគូសបញ្ជាក់យ៉ាងដូច្នេះ ថា «បច្ចុប្បន្ន វិស័យកាត់ដេរ ចាប់ផ្ដើមមានស្ថិរភាពហើយ  ហើយនៅឆ្នាំក្រោយក៏សង្ឃឹមដែរថា វិស័យនេះនឹងបន្តប្រសើរឡើង ខណៈដែលប្រទេសចិន ក៏បានចាប់ផ្ដើមបញ្ជាទិញផលិតសម្លៀកបំពាក់ពីកម្ពុជាដែរ»។ 

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា នៅ១០ខែដំបូងឆ្នាំ២០២១ ការនាំចេញសរុបរបស់កម្ពុជាមានជាង១៤ពាន់លានដុល្លារថមថយចុះ ២% ខណៈការនាំចូលមកវិញមានដល់ទៅជាង ២៣ពាន់លានដុល្លារ កើនដល់ទៅ ៥៨%ឯណោះ បើធៀបនឹង១០ខែឆ្នាំ២០២០។ ក្នុងនោះដែរ នៅរយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជាសម្រេចបានទឹកប្រាក់នាំចេញជិត ៩ពាន់លានដុល្លារ ពីការនាំចេញផលិតសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជា ចែករង្វាន់រថយន្តទំនើប Rolls Royce ដល់អតិថិជន

ព័ត៌មាន
ពិតជាមិនធម្មតាពិតមែនដែល បុរី មេគង្គ លែន បានបង្កើតនូវភាពភ្ញាក់ផ្អើល ជាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួនគឺ កម្មវិធី ទិញផ្ទ…

វៀតណាម​ជា​ប្រទេស​អាស៊ាន​ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅកម្ពុជា

ព័ត៌មាន
វៀតណាម គឺជាប្រទេសអាស៊ានមួយ ដែលបានវិនិយោគផ្ទាល់មកកាន់ប្រទេសកម្ពុជាច្រើនជាងគេបំផុត ដោយបច្ចុប្បន្នមានគម្រោងវិនិយោគដោយក្រុមហ៊ុនវៀតណាមចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ