ផ្លូវជាតិលេខ៤១

តើគម្រោងជួសជុលផ្លូវជាតិលេខ៤១ តម្លៃជាង ៦៧លានដុល្លារ នឹងផ្តល់សារៈសំខាន់យ៉ាងណាខ្លះដល់វិស័យដឹកជញ្ជូន?


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ដែលមានប្រវែងសរុបជាង ៩៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ផ្លូវជាតិលេខ៤១នេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន០៤ រួមមានខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗផងដែរ។
ផ្លូវជាតិលេខ៤១
ដោយ

ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ គិតចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ។

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងចំណាយពេលសាងសង់ប្រមាណ ៣០ខែ ដែលនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវជាតិលេខ៤១នេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែក្រុងព្រះសីហនុ កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣ផងដែរ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ផ្លូវជាតិលេខ៤១នេះ គឺជាផ្លូវមួយដែលស្ថិតនៅក្នុងចំណុចកណ្តាលរវាងផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងនៅតំបន់ដែលមានរោងចក្រច្រើន និងមានសារៈសំខាន់ចាំបាច់សម្រាប់ការដឹកជញ្ជូមទំនិញនានាឆ្លងកាត់ផ្លូវជាតិលេខ៤១នេះ ទៅកាន់ខេត្តកំពត ខេត្តព្រះសីហនុ និងការដឹកទំនិញមកកាន់រាជធានីភ្នំពេញ និងព្រលានយន្តហោះវិញជាដើម។ មិនតែប៉ុណ្ណោះ លោក ជា ចាន់ដារ៉ា បន្ថែមថា បន្ទាប់ពីការស្តារ និងលើកកម្រិតគុណផ្លូវនេះហើយ ប្រាកដណាស់ បានរួមចំណែកកាន់តែងាយស្រួលបន្ថែមទៀតដល់វិស័យដឹកជញ្ជូនកម្ពុជា និងបានសម្រួលដល់កម្រៃនៃការដឹកជញ្ជូនតាមផ្លូវកាត់ ក៏ដូចជាការជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែសំខាន់ៗផ្សេងទៀតផងដែរ។

សូមជម្រាបថា គម្រោងជួសជុលផ្លូវជាតិលេខ៤១នេះ នឹងរួមបញ្ចូលការសាងសង់បន្ថែម ពង្រីកស្ពានចាស់ ១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ៕




អត្ថបទបន្ទាប់


វិស័យមីក្រូហិរញ្ញវត្ថុរក្សាបានកំណើនជាង ២០% ទោះរងការគំរាមកំហែងពីកូវីដ និងឥទ្ធិពលនៃសង្គ្រាមនៅអ៊ុយក្រែនក្តី

ព័ត៌មាន
បើទោះបីសេដ្ឋកិច្ចកម្ពុជារងការគំរាមកំហែងពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងឥទ្ធិពលនៃភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងវិបត្តិសង្គ្រាមនៅអ៊ីយ…

តើចិនបានចំណាយថវិកាអស់ប៉ុន្មាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាគិតមទល់ពេលនេះ?

ព័ត៌មាន
ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ហិរញ្ញប្បទានជាបន្តបន្ទាប់ ក្នុងវិស័យហេដ្ឋារចនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ