វិស័យសំណង់

អគារ​ភ្លោះ Gold Tower ៤២​ជាន់ បំបែក​ឯតទគ្គ​កម្ម​សាងសង់​យូរ​ជាង​គេ​បំផុត​នៅ​កម្ពុជា


គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៦ កម្ពុជា​មាន​សំណង់​អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​ចាប់​ពី​៥​ជាន់ ដល់ ៥៥​ជាន់ សរុប​ចំនួន ៦៨៥​អគារ។ អគារ​ខ្ពស់ៗ​ទាំង​អស់​នេះ ភាគច្រើន​ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​គ្រប់គ្រង់​រួមគ្នា​រវាង​វិនិយោគិន​ក្នុង​ស្រុក និង ​ក្រៅ​ប្រទេស។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។
សំណង់​អគារ​ភ្លោះ Gold Tower ៤២ជាន់ ដែល​ជាប់​គាំង​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​អគារ​ខ្ពស់ៗ​ទាំង ៦៨៥​អគារ គេ​សង្កេត​ឃើញ​មាន​អគារ Gold Tower ៤២​ជាន់ គឺ​ជា​អគារ​ដែល​បាន​សាងសង់​យូរ​ជាង​គេ​បង្អស់​នៅ​កម្ពុជា និង​អាច​និយាយ​បាន​ថា ជាប់​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា។

គម្រោង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​នានា កំពុង​ទន្ទឹង​រង់ចាំ​មើល​ការ​ត្រឡប់​មក​វិញ​នៃ​ម្ចាស់​គម្រោង​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ ប៉ុន្តែ ត្រូវ​បាន​ម្ចាស់​គម្រោង​ពន្យារ​ពេល​សាងសង់​ម្តង​ហើយ​ម្តង​ទៀត ថា​នឹងសាង​សង់​ឡើង​វិញ ចុង​ឆ្នាំ​នេះ ដើម​ឆ្នាំ​នេះ ឬ​ពាក់​កណ្តាល​ឆ្នាំ​នេះ ឆ្នាំ​នោះ បើ​រាប់​ទៅ​មិន​តិច​ជាង​១០​ដង​នោះ​ឡើយ។

គិត​មក​ដល់​ពេល​នេះ រយៈពេល​ជិត​១០​ឆ្នាំ​ហើយ បន្ទាប់​ពី​អគារ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​សាង​សង់​ក្នុង​ឆ្នាំ​២០០៨ ហើយ​ក៏​ផ្អាក​សាងសង់​ទៅ​វិញ​ក្នុង​ឆ្នាំ​២០០៩ ដោយសារ​តែ​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក ដែល​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន  ជា​ហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អគារ​នេះ​ដែរ។ 

អគារ​នេះ​សាងសង់​បាន​ត្រឹម​ជាន់​ទី​៣២។ បច្ចុប្បន្ន អគារ​ភ្លោះ Gold Tower ៤២​ជាន់ ស្ទើរ​តែ​ក្លាយ​ជា​ខ្មោច​អគារ​ទៅ​ហើយ និង​ជា​និមិត្ត​រូប​មិន​ល្អ​មួយ​នៃ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា។ អគារ Gold Tower ៤២​ជាន់ ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​ព្រះ​​សីហនុ ដែល​កាល​ពី​អំឡុង​ឆ្នាំ​២០០៨ គឺ​ជា​គម្រោង​អគារ​ខ្ពស់​ជាង​គេ​មួយ​ក្នុង​ចំណោម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទីក្រុង។ អគារ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​កម្ពស់ ៤២​ជាន់​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន Yon Woo Cambodia  ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សាងសង់​ប្រមាណ ២៤០​លាន​ដុល្លារ ដែល​គ្រោង​នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គម្រោង​ប្លង់​មេ​ដើម។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ដែល​ជា​អ្នក​វិនិយោគ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ Gold Tower ៤២​ជាន់​នេះ បាន​ដាក់​ពាក្យ​ស្នើសុំ​ដើម្បី​បន្ត​ការ​សាងសង់​ឡើង​វិញ មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ នៅតែ​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ឡើង​វិញ​នៅ​ឡើយ ខណៈ​ដែល​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​ស្រេច​បាច់​នៅ​ឡើយ​នោះ។

បើ​តាម​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី ក្រុមហ៊ុន​​នេះ​​ធ្លាប់​​អះអាង​ថា ចាប់​ផ្តើម​ធ្វើការ​សាងសង់​ឡើង​វិញ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ប៉ុន្តែ គម្រោង​នេះ​នឹង​ត្រូវ​ពន្យារ​ពេល​សាងសង់​ឡើងវិញ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​ពន្យារ​ពេល​ដដែល មិន​ដឹង​ពី​ពេល​វេលា​កំណត់​ច្បាស់​លាស់​ឡើយ។

របាយការណ៍​ពី​ក្រសួង​រៀបចំ​​ដែនដី នគរូបនីយ​កម្ម និង​សំណង់ បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៦ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា មាន​ចំនួន​ជាង ៨​ពាន់ ៥០០​លាន​ដុល្លារ​អាមេរិក។ តួលេខ​នេះ​កើន​ឡើង ១៥៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៥៕ ​




អត្ថបទបន្ទាប់


តើ​ហេតុ​អ្វី​ប្រជាជន​ជំពាក់​បំណុល? ខ្ចី​បំណុល​យក​ទៅ​ធ្វើ​អ្វីខ្លះ?

ព័ត៌មាន
ប្រធាន​បទ​នៃ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់​ជំពាក់​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ច្រើន​សន្ធឹក​សន្ធាប់ គឺ​ជា​ប្រធាន​ប…

​ប្រទេស​ពុក​រលួយ​បំផុត​ទាំង៥​ នៅ​អាស៊ី តើ​មាន​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
អំពើ​ពុករលួយ​ គឺ​ជា​បញ្ហា​សកល​លោក ដែល​ត្រូវ​បាន​គេ​បន្ទោស​ថា ជា​ជំងឺ​សង្គម​មួយ​ដែល​បន្ទច់​បង្អាក់​ការអភិវឌ្ឍ​ដោយ​ចីរភាព ជា​កត្តា​ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ