វិស័យកាស៊ីណូ

កាស៊ីណូចំនួន ៦៧ បានបើកដំណើរការឡើងវិញនៅ១០ខែឆ្នាំនេះ


១០ខែឆ្នាំនេះមានកាស៊ីណូចំនួន១៧០បានដាក់ពាក្យស្នើសុំបើកអាជីវកម្មឡើងវិញ ប៉ុន្ដែមកទល់ពេលនេះមានកាស៊ីណូតិចតួច ដែលបានបើកដំណើរការឡើងវិញ ពោលគឺមានត្រឹមតែ ៦៧កាស៊ីណូប៉ុណ្ណោះ។ កត្តានេះអាចនឹងធ្វើឲ្យការប្រមូលចំណូលពន្ធក្នុងវិស័យនេះនឹងនៅតែបន្ដមានតិចតួចនៅឡើយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិស័យកាស៊ីណូ
ដោយ

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ មានកាស៊ីណូចំនួន៨៦ប៉ុណ្ណោះក្នុងចំណោមកាស៊ីណូដាក់ពាក្យស្នើសុំចំនួន១៧០ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកដំណើរការអាជីវកម្មរបស់ខ្លួន។ ខណៈកាស៊ីណូនៅជិត៩០ផ្សេងទៀត​កំពុងស្ថិតក្នុងនីតិវិធីនៃ​ដំណើការឯកសារ និងការត្រួតពិនិត្យ និងវាយតម្លៃ​ពីមន្ត្រីជំនាញ មុនឈាន​ដល់ការផ្តល់ ឬមិនផ្តល់អាជ្ញាបណ្ណដល់ពួកគេ។ បើតាមការគូស​បញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ កត្តាដែលធ្វើឲ្យកាស៊ីណូភាគច្រើនមិនអាចទទួលបានអាជ្ញាបណ្ណ គឺដោយសារការយល់ដឹងពីច្បាប់ស្តីពីល្បែងពាណិជ្ជកម្មរបស់ពួកគេនៅមានកម្រិត ស្របពេលនៅមួយរយៈចុងក្រោយ រាជរដ្ឋាភិបាលមានការរឹតបន្តឹងខ្លាំងលើល្បែងស៊ីសង។

បើទោះបីមានកាស៊ីណូ​ជាច្រើនបានដាក់ពាក្យស្នើសុំ​អាជ្ញាបណ្ណ ដើម្បីបើកអាជីវកម្មឡើងវិញ​ក៏ដោយ តែឯកឧត្តម រស់ ភីរុណ អះអាងថា ស្ថានភាពវិស័យពាណិជ្ជកម្ម​នៅកម្ពុជាពុំមានការរីកចម្រើនឡើង​វិញ​គួរកត់សម្គាល់នោះទេ បើធៀបនឹងពេលមិនទាន់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ជាក់ស្តែង ក្នុងចំណោមកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណខាងលើ មានកាស៊ីណូតែ៦៧ប៉ុណ្ណោះបានរៀបចំបើកដំណើរការអាជីវកម្មក្រោមការស្ទាបស្ទង់ទីផ្សារឡើងវិញ។ ហើយការបើកដំណើរការឡើងវិញទៀតសោត ពួកគេក៏ជួបបញ្ហាប្រឈមច្រើនផងដែរពាក់ព័ន្ធការខូចខាតហេដ្ឋារចនា និងកង្វះកម្លាំងពលកម្មជាដើម។

ជុំវិញការប្រមូលចំណូលពន្ធក្នុងវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំនេះ ឯកឧត្តម រស់ ភីរុណ ហាក់គ្មានក្តីរំពឹងខ្ពស់ថា នឹងមិនអាចទទួលបានចំណូលច្រើនពីវិស័យនេះនោះទេ បើទោះបីស្ថានភាពវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំនេះហាក់មានភាពល្អប្រសើរជាងឆ្នាំមុនៗក៏ដោយ។ ជាក់ស្តែងនៅ១០ខែកន្លងមកនេះ ការប្រមូលចំណូលពន្ធពីវិស័យនេះ ទើបសម្រេចបានប្រមាណ២០%ប៉ុណ្ណោះ នៃផែនការដែលបានកំណត់ តែចំនួននេះមានការកើនឡើងច្រើនបើធៀបនឹងឆ្នាំ២០២០ និង២០២១ ដែលកាលណោះសម្រេចបានមិនដល់១០%ផងក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្រោយពិភពលោករួមទាំងកម្ពុជា ទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អាជីវកម្មក្នុងវិស័យកាស៊ីណូបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយកាស៊ីណូជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ និងផ្អាកដំណើរការជាបណ្តោះអាសន្នជាបន្តបន្ទាប់។ កត្តានេះ បានធ្វើឲ្យការប្រមូលចំណូលពីវិស័យនេះរបស់ រដ្ឋ មានការធ្លាក់ចុះយ៉ាងគំហុក។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅ រដ្ឋទទួលបានចំណូលពីវិស័យនេះ តែជាង៩លានដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះនៅឆ្នាំនេះ រដ្ឋ បានដាក់គោលដៅប្រមូលចំណូលពីវិស័យនេះ ឲ្យបានគ្រប់ផែនការ ៣៥លានដុល្លារ បន្ទាប់ពីទម្លាក់២៥% នៃផែនការប្រមូលចំណូលក្នុងវិស័យនេះ៕




អត្ថបទបន្ទាប់


Forte: រស់នៅដោយភាពជឿជាក់

ព័ត៌មាន
សូនីតា មានក្តីសុបិន ។ ឪពុកម្តាយរបស់នាងមានចក្ខុវិស័យ ។ ពួកគាត់បានផ្ដល់ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់នាង ជាពិសេសបង្ហាត់បង្រៀននាងឱ្យ…

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់កសិករចិញ្ចឹមជ្រូកពង្រឹងតម្លៃលក់ជូ្រករស់ ក្រោយមើលឃើញតម្លៃជ្រូកធ្លាក់ចុះខ្លាំង

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា សព្វថ្ងៃនេះតម្លៃលក់ជ្រូករស់នៅតាមបណ្តាខេត្តក្រុង គឺឋិតនៅលើមាត់ឈ្មួញកណ្តាលដើរប្រមូលទិញរាល់ថ្ងៃ ដែលបណ្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ