ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩​ក្នុងប្រទេសថៃ

៧ចំណុច ដែលអ្នកគួរដឹងពីស្ថានការណ៍ក្រឡាប់ចាក់នៃការរាតត្បាតកូវីដ-១៩ ក្នុងប្រទេសថៃ


ប្រទេសថៃ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ បាននិងកំពុងបន្ដផ្ទុះការឆ្លងកូវីដ-១៩ រីករាលដាលក្នុងសហគមន៍ជាថ្មីទៀតហើយ ដោយចំនួនអ្នកដែលឆ្លងត្រូវបានរកឃើញវិជ្ជាមានកូវីដ-១៩ មានដល់រាប់រយនាក់ក្នុងមួយថ្ងៃ នៅចំពេលដែលប្រទេសថៃកំពុងដាក់ចេញនូវផែនការការស្ដារវិស័យទេសចរណ៍ឡើងវិញ និងបើកឲ្យពលរដ្ឋធ្វើដំណើរនៅអំឡុងថ្ងៃចូលឆ្នាំថ្មីនៅក្នុងប្រទេសថៃ។ តើមកទល់ពេលនេះ ស្ថានការកូវីដ-១៩នៅក្នុងប្រទេសថៃ កំពុងមានភាពក្រឡាប់ចាក់យ៉ាងដូចម្ដេចខ្លះ?
៧ចំណុច ដែលអ្នកគួរដឹងពីស្ថានការណ៍ក្រឡាប់ចាក់នៃការរាតត្បាតកូវីដ-១៩ ក្នុងប្រទេសថៃ (រូបភាព៖ The Thaiger)
ដោយ

តាមរយៈ​សារព័ត៌មា​ន​បាងកកប៉ុស្ដិ៍ចុះផ្សាយ​នៅប៉ុន្មាន​ថ្ងៃមកនេះ អាជ្ញាធរ​ថៃ​ហាក់​កំពុងឈឺក្បាល​មែនទែន ជុំវិញនឹង​បញ្ហា​ទប់ទល់​នឹង​ការឆ្លងរីករាលដាល​នៃមេរោគ និងការ​ដាក់ចេញវិធានការ​បន្ទាន់​​ដើម្បីទប់​ស្កាត់ការឆ្លងផង និងកុំឲ្យប៉ះពាល់​ខ្លាំងដល់​​សកម្មភាព​សេដ្ឋកិច្ច​​​ដែលកំពុង​ត្រដាបត្រដួសផង។ ៧ចំណុចខាងក្រោមនេះ ជា​ការសង្ខេប​ពីព្រឹត្តិការណ៍សំខាន់ៗ​ ដែលបាន​និង​កំពុងកើតឡើង​នៅក្នុងប្រទេសថៃ។

ចំណូលពីវិស័យទេសចរណ៍​នៅអំឡុង​ថ្ងៃបុណ្យចូលឆ្នាំថ្មី​អាចធ្លាក់ចុះ ៥០%

អាជ្ញាធរ​ទេសចរណ៍ថៃ បាន​បញ្ជាក់​ថ្មីៗនេះថា ដោយសារតែ​ការផ្ទុះរលក​ឆ្លង​រាលដា​ល​នៃកូវីដ-១៩ វិស័យទេសចរថៃរំពឹងថា ​នឹង​ធ្លាក់ចុះប្រាក់ចំណូល​ពាក់កណ្ដាល​នូវអំឡុង​ថ្ងៃឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​នេះ បន្ទាប់ពី​មាន​ខេត្ត​ជាច្រើន​បាន​ដាក់ចេញ​នូវ​ការធ្វើចត្តាឡីស័ក​ដោយស្ម័គ្រចិត្ត​រយៈពេល ១៤ថ្ងៃ ខណៈដែល​មាន​កម្មវិធី​ជាច្រើន​ ត្រូវបាន​លុបចោល ឬពន្យារពេល។ ភ្ញៀវទេសចរ​ទៀតសោត ក៏ហាក់មិនសូវ​មានទំនុកចិត្ត​ក្នុងការ​ធ្វើដំណើរ​នៅអំឡុងពេលនេះផងដែរ។

អាជ្ញាធរ​ទេសចរណ៍ថៃ ធ្លាប់បាន​ប៉ាន់ប្រមាណថា នៅអំឡុង​ថ្ងៃបុណ្យសង្ក្រាន្ដ​ឆ្នាំថ្មី​នេះ ថៃនឹង​ទទួលបាន​ការធ្វើដំណើរ​ក្នុងស្រុក​​ចំនួន​ជាង ​៣លាន​២សែន​​ការធ្វើដំណើរ ដោយនឹង​ផ្ដល់​ចំណូល​សម្រាប់​សេដ្ឋកិច្ច​ជាង ៣៨០លាន​ដុល្លារអាមេរិក ប៉ុន្ដែ​ដោយសារតែ​បញ្ហា​ផ្ទុះរាលដាល​កូវីដ-១៩ ជាថ្មីនេះ ចំណូល​រំពឹងថា​ធ្លាក់ចុះ​ ៥០%។

រាជរដ្ឋាភិបាលថៃផ្ដល់ជូន​កញ្ចប់​ធានារ៉ាប់រងធ្វើដំណើរ​​

មន្ត្រីនាំពាក្យ​​រាជរដ្ឋាភិបាល​ថៃ បាន​បញ្ជាក់​ថ្មីៗនេះថា រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ពិសេស នឹងផ្ដល់ជូន​ដល់​អ្នកដែលធ្វើដំណើ​រ​នៅអំឡុង​ថ្ងៃឈប់សម្រាក​ចូលឆ្នាំថ្មីនេះ នោះគឺការ​ការផ្ដល់​សេវាធានារ៉ាប់រង​សម្រាប់​គ្រោះថ្នាក់​ពេល​ធ្វើដំណើរ និង​ការប៉ះពាល់ដោយ​​កូវីដ-១៩ ហើយការលក់សេវា​ធានារ៉ាប់រងនេះ នឹងត្រូវបន្ដ​រហូតដល់ចុង​ខែក្រោយ​។

សម្រាប់​កញ្ចប់សេវា​ធានារ៉ាប់រងខ្នាតតូច នឹងផ្ដល់​សំណង​១០ម៉ឺនបាត ស្មើនឹង​ជាង​៣ពាន់​ដុល្លារអាមេរិក​ការស្លាប់បាត់បង់ជីវិត បាត់បង់អវយវៈ ឬពិការភាព ដែលបណ្ដាលមកពី​គ្រោះថ្នាក់ចរាចរណ៍។ រីឯអ្នកស្លាប់​ ឬបាត់បង់អវយៈ​ ដោយសារតែ​អំពើឃាតកម្ម ឬការវាយប្រហារណាមួយ នឹងទទួលបាន​សំណង​ជាង ១.៥០០ ដុល្លារអាមេរិក។

ជាមួយគ្នានោះ សម្រាប់​អ្នកដែល​រងគ្រោះ​ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬ​រងផលប៉ះពាល់​សុខភាព​ដោយសារតែ​ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលតម្រូវឲ្យសម្រាក​នៅពេទ្យនោះ ក៏នឹង​មានសិទ្ធិទទួលបាន​សំណង​ចំនួន ៣០០បាត​ ស្មើនឹងជិត​ ១០ដុល្លារ​ក្នុងមួយថ្ងៃ សម្រាប់​រយៈពេល​២០ថ្ងៃផងដែរ។ បើស្លាប់​ដោយសារតែ​​ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងទទួលបាន​ ៥ពាន់បាត ស្មើនឹង​​១៦០ដុល្លារអាមេរិក។ ដោយឡែក សម្រាប់​អ្នកឆ្លង​កូវីដ-១៩ ក៏ទទួលបាន​សំណងជិត​១០​០​ដុល្លារអាមេរិកផងដែរ ប៉ុន្ដែ ក្នុងនោះ មិនមាន​បញ្ជាក់​ពី​ធានារ៉ាប់រង​ ចំពោះ​អ្នកស្លាប់បាត់បង់​ជីវិត​ដោយសារតែឆ្លង​កូវីដ-១៩នោះទេ។

ពលរដ្ឋហាក់មិនសូវចេញ​ពីបាងកក​​​ ឆ្ពោះទៅស្រុកកំណើត​ច្រើន​ដូចការរំពឹងទុកទេនៅអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីនេះ

តាមការប៉ាន់ស្មាន​របស់​អាជ្ញាធរថៃ មានពលរដ្ឋ​ប្រមាណ ៥ម៉ឺននាក់ បាន​ធ្វើដំណើរចេញពី​ក្រុងបាងកក តាមរយៈរថយន្ដក្រុង ដើម្បីឆ្ពោះទៅកាន់​ស្រុកកំណើតរបស់ពួកគេ​គិតត្រឹម​ថ្ងៃសុក្រទី ៩ ខែមេសា​ ដែលចំនួននេះ គឺមាន​ត្រឹមតែ​​ប្រហែល​ពាក់កណ្ដាល​ប៉ុណ្ណោះ នៃអ្វីដែលបាន​ព្យាករទុកសម្រាប់​ការធ្វើដំណើ​រ​អំឡុង​ថ្ងៃចូលឆ្នាំថ្មីនេះ ដោយសារតែពលរដ្ឋ​ថៃហាក់មាន​ការភ័យខ្លាច​ពីការឆ្លង​កូវីដ១៩។

អាជ្ញាធរ​ថៃ កាលពីថ្ងៃទី ៨ ខែមេសា បាន​ដឹកមនុស្ស​ពីបាងកក​ទៅស្រុក​កំណើត​ជាង​៤ម៉ឺននាក់ ដែលមាន​ការដឹកជញ្ជូន​​ជាង​៣ពាន់ជើង។

ហាងផឹកស៊ី និងហាងម៉ាស្សា​នៅក្នុងខេត្ត​ចំនួន​៤១ ត្រូវបានបិទ

មានហាង​ផឹកស៊ី និងហាងម៉ាស្សា​នៅក្នុងខេត្ត​ចំនួន​៤១ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ជា​ឲ្យបិទទ្វារ​រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃ​សៅរ៍ទី ១០ ខែមេសាតទៅ ដោយសារតែ​ចលនានៃការ​ឆ្លងរីករាលដាល​នៃមេរោគ​កំពុង​កើនឡើង​ខ្លាំងនៅទូទាំងប្រទេស។ ខេត្ដក្រុង​ដែលបាន​បិទហាងទាំងអស់នោះ រួមមានទាំង ក្រុង បាងកក​, ខេត្ត​ឈុនបូរី, ឈៀងមៃ, ឈាងរ៉ៃ, ភូកេត, កាន់ចាន់ណាបូរី, សូរ៉ាត់តានី, ឡាមប៉ាង, តាក់ និងភីតចាប៊ុន។ល។

មន្ទីរពេទ្យឯកជន​នៅក្នុងប្រទេសថៃ​កំពុង​ខ្វះគ្រែសម្រាប់​អ្នកជំងឺ

មន្ទីរពេទ្យឯកជន បាន​បន្ទោស​ទៅលើ​បទបញ្ជា​របស់​រាជរដ្ឋាភិបាលថា ​ការដែល​បញ្ជា​ឲ្យ​ពួកគេ​ទទួលយក​អ្នកជំងឺកូវីដ-១៩ ភ្លាមៗ​ឲ្យ​ចូល​សម្រាក​ព្យាបាល បានធ្វើឲ្យ​មន្ទីរពេទ្យ​​ខ្វះខាត​​គ្រែសម្រាប់​អ្នកជំងឺផ្សេងទៀត។ មន្ទីរពេទ្យឯកជន នៅក្នុង​ក្រុងបាងកក បាន​ពន្យារ​ការ​ធ្វើតេស្ដ​រកកូវីដ-១៩ ដោយសារតែ​តម្រូវការគ្រែមានខ្ពស់ ហើយកង្វះឧបករណ៍​​សម្រាប់​ការធ្វើតេស្ដនៅចំពេល​ដែល​ការឆ្លងរាលដាល​កំពុង​កើនឡើងខ្លាំង។

លោកប្រយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បាន​និយាយ​កាលពីថ្ងៃទី ៩ ខែមេសាថា មន្ទីរពេទ្យឯកជន​មាន​ដំណោះស្រាយ​​គ្រប់គ្រាន់​សម្រាប់​ធ្វើតេស្ដ​រក​កូវីដ-១៩ ប៉ុន្ដែ បញ្ហារបស់ពួកគេ​គឺនៅត្រង់ថា មានគ្រែសម្រាប់​អ្នកជំងឺ​តិចតួចពេក។ បើតាម​បញ្ជា​របស់​លោក​ប្រាយុទ្ធ បើ​មន្ទីរពេទ្យណា តេស្ដអ្នកជំងឺហើយរក​ឃើញថា ​មានវិជ្ជមាន​កូវីដ-១៩ មន្ទីរពេទ្យនោះ មាន​អាទិភាពក្នុងការទទួលយក​អ្នកជំងឺមកព្យាបាល។

សូមបញ្ជាក់ថា មន្ទីរពេទ្យរដ្ឋ និងឯកជន​នៅក្នុងប្រទេសថៃ​បច្ចុប្បន្ននេះ កំពុងធ្វើតេស្ដ​រកកូវីដ១៩ ក្នុងមួយថ្ងៃ​ ២ម៉ឺននាក់។
យោធាថៃនឹងបង្កើត​មន្ទីរពេទ្យបណ្ដោះអាសន្នចំនួន ១០បន្ថែម ​សម្រាប់​ព្យាបាល​អ្នកកូវីដ-១៩

មន្ទីរពេទ្យ​ដែលសាងសង់ឡើងបណ្ដោះអាសន្ន​ចំនួន ១០ ដែលមានគ្រែអ្នកជំងឺ​ដល់ទៅ៣ពាន់គ្រែ នឹងត្រូវ​យោធាថៃ​សាងសង់ឡើង ដើម្បីទទួល​អ្នកជំងឺកូវីដ-១៩ ឲ្យចូលសម្រាក​ព្យាបាល​នៅចំពេលដែល​ការឆ្លង​ក្នុងសហគមន៍​កំពុង​រាតត្បាតខ្លាំង។ យោធាថៃ នឹង​ប្រើប្រាស់​តំបន់យោធា​ចំនួន ១០កន្លែង​ ស្ថិតនៅក្នុងទីក្រុងបាងកក និងនៅជាប់ខេត្ត​នានា ដើម្បីសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ននេះ។

មន្ទីរពេទ្យឯកជនថៃ​អាចទិញវ៉ាក់សាំង​កូវីដ-១៩ទៅតាមជម្រើស​របស់ពួកគេ

មន្ទីរពេទ្យ​ឯកជន​ក្នុងប្រទេសថៃ អាច​ទិញវ៉ាក់សាំង​កូវីដ-១៩ ចំនួន​១០លាន​ដូស ដែលអាចចាក់ជូន​ពលរដ្ឋ​បាន​៥លាននាក់ បន្ថែមលើ​វ៉ាក់សាំង​ដែលរដ្ឋាភិបាល​បានបញ្ជាទិញរួច។

រដ្ឋាភិបាលថៃ​បាន​និងកំពុង​ទិញវ៉ាក់សាំង​កូវីដ-១៩​ចំនួន ៧០លានដូស សម្រាប់​ចាក់ជូន​ពលរដ្ឋ​៣៥លាននាក់ ហើយ​យ៉ាងហោចណាស់​ថៃត្រូវការ​ចាក់ជូន​ពលរដ្ឋ​ឲ្យបាន​យ៉ាងតិច​៤០លាននាក់។ អ្នកជំនាញ​បានលើកឡើងថា មន្ទីរពេទ្យឯកជន​ថៃ គួរតែ​រកទិញ​វ៉ាក់សាំងណា​ក្រៅពី​ក្រុមហ៊ុន​ ដែលរដ្ឋាភិបាល​បានចុះបញ្ជី​​បញ្ជាទិញរួច ដើម្បីជា​ការធ្វើ​ពិធិធកម្ម និងការបែងចាយ​ហានិភ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ទី ១០ ខែមេសា ប្រទេសថៃ មានអ្នកស្លាប់ថ្មីដោយសារកូវីដ-១៩ ​ចំនួន​ម្នាក់បន្ថែមទៀតហើយ និងចំនួន​អ្នកឆ្លង​ថ្មី​ត្រូវបាន​រកដល់ទៅ ៧៨៩នាក់ ក្នុងនោះ​ករណីឆ្លង​ក្នុងស្រុក​មាន ៧៨១នាក់។ សរុបចំនួន​អ្នកឆ្លង​នៅក្នុងប្រទេសថៃ មានដល់ទៅជាង​៣ម៉ឺននាក់ហើយ ខណៈដែលអ្នកស្លាប់មាន ៩៧នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងអនុវត្តការបញ្ចុះអត្រាការប្រាក់បញ្ញើឆាប់ៗនេះ បន្ទាប់ពីមានការស្នើពីសម្តេចតេជោ ហ៊ុន សែន

ព័ត៌មាន
សមាគមគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃទី ១០ ខែមេសា បានអះអាងថា សមាជិករបស់សមាគមទាំងអស់នឹងពិភាក្សាគ្នាបន្ថែម និងឈានទៅអ…

WHO ៖ ជិត ៩០% នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំងកូវីដនៅ​លើ​ពិភពលោក បានទៅប្រទេស​អ្នកមាន

ព័ត៌មាន
ក្នុងចំណោម​វ៉ាក់សាំង​កូវីដ-១៩ ជាង ៧០០លាន​ដូស ដែល​បាន​ចាក់​រួច​នៅ​ទូទាំង​ពិភព​លោក មាន​ជាង ៨៧% បាន​ទៅដល់​ប្រទេស​អ្នកមាន ពោល​គឺ​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ