កញ្ចប់ថវិកាកម្ចី១៥០លានដុល្លារជួយអាជីវកម្មទេសចរណ៍

កញ្ចប់ថវិកាកម្ចី១៥០លានដុល្លារជួយអាជីវកម្មទេសចរណ៍ គ្រោងដំណើរការនៅចុងខែនេះ


សហហិរញ្ញប្បទាន១៥០លានដុល្លារ ដែលជាគម្រោងកម្ចីក្រោមការសហការរវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍នោះ គ្រោងដាក់ឲ្យដំណើរការនៅចុងខែមិថុនា ឆ្នាំ២០២២នេះហើយ ខណៈបច្ចុប្បន្នគម្រោងនេះកំពុងរៀបចំនីតិវិធីទម្លាក់ថវិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារសហគ្រាសធុនតូច និងមធ្យម ដែលអះអាងថា មកទល់ពេលនេះមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាង១០ហើយ ចង់ចូលរួមក្នុងគម្រោងនេះជាមួយរាជរដ្ឋាភិបាល។
តំបន់មាត់សមុទ្រ រូបភាព៖ ក្រសួងទេសចរណ៍

ពាក់ព័ន្ធនឹងកញ្ចប់ថវិកាជំរុញ និងស្ដារអាជីវកម្មទេសចរណ៍នេះដែរ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍បង្ហាញពីក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ប៉ុន្ដែអ្នកជំនាញបារម្ភថា ម្ចាស់អាជីវកម្មអាចនឹងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញប្បទាននេះនៅឡើយ។

លោក នៀវ សុគន្ធ នាយកប្រតិបត្តប្រតិបត្តិការនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានគូសបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទាន១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាលដាក់ចេញសម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ នឹងត្រូវដាក់ឲ្យដំណើរការយ៉ាងយូរបំផុតនៅចុងខែមិថុនា ឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណើរការនីតិវិធីថវិការដ្ឋ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាច្រើនចង់សហការជាមួយគម្រោងនេះ ដោយមកទល់បច្ចុប្បន្នមានជាង១០ស្ថាប័នហើយ។ លោកជឿជាក់ថា គម្រោងនេះនឹងក្លាយជាប្រភពទុនដ៏សំខាន់សម្រាប់ប្រតិបត្តិករ និងម្ចាស់អាជីវកម្មក្នុងស្រោចស្រង់អាជីវកម្មដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងសហហិរញ្ញប្បទាននេះក្នុងការរួមចំណែកជួយស្រោចស្រង់ និងស្តារអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ជាងពីរឆ្នាំកន្លងមកនេះ។ លោកជំទាវ ជឿជាក់ថា តាមរយៈគម្រោងនេះវានឹងជួយផ្តល់ដើមទុន និងបង្កើនលទ្ធភាពបន្ថែមទៀតដល់ប្រតិបត្តិករក្នុងការបន្តប្រតិបត្តិការ និងរៀបចំអាជីវកម្មឡើងវិញដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលរំពឹងអាចស្រូបទាញបានចន្លោះពី៨០ម៉ឺនទៅ១លាននាក់នៅឆ្នាំនេះ។

ដោយឡែក លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជាទទួលស្គាល់ថា ដ្បិតគម្រោងសហហិរញ្ញប្បទាននេះនឹងដើរតួនាទីសំខាន់ក្នុងការជួយស្រោងស្រង់វិស័យទេសចរណ៍ពិតប្រាកដមែន ប៉ុន្តែលោកហាក់បារម្ភពីការខ្វះលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានរបស់ម្ចាស់អាជីវកម្ម។ ព្រោះម្ចាស់អាជីវកម្មមួយចំនួនមិនមានទ្រព្យធានា ដែលអាចជាកត្តារាំងស្ទះដល់ការទទួលបានកម្ចី ដែលមានអត្រាការប្រាក់ទាបនេះ។ ទន្ទឹមនឹងនេះលោកស្នើឲ្យរាជរដ្ឋាភិបាលមានលក្ខខណ្ឌពិសេសក្នុងការផ្តល់ហិរញ្ញប្បទាននេះ ខណៈបច្ចុប្បន្នលោករួមជាមួយភាគីពាក់ព័ន្ធកំពុងធ្វើការងារលើបញ្ហានេះដែរ។

មន្ត្រីជានខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់កាលពីពេលកន្លងទៅថា គម្រោងសហហិរញ្ញប្បទានទំហំ១៥០លានដុល្លារនេះមានការរួមចំណែកពីថវិកាជាតិចំនួន៧៥លានដុល្លារ និងគ្រឹះស្ថានហិរញ្ញវត្ថឯកជន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចខ្ចីហិរញ្ញប្បទានពីគម្រោងនេះ បានរហូតដល់៤០ម៉ឺនដុល្លារជាមួយអត្រាការប្រាក់៦,៥% ក្នុងមួយឆ្នាំ ដែលមានរយៈពេលកម្ចី៧ឆ្នាំ។ អ្វីដែលកាន់តែពិសេស គម្រោងនេះមានការពន្យារពេលសងត្រឡប់នៃប្រាក់ដើមរហូត១២ខែ។

គួរជម្រាបផងដែរថា នេះជាគម្រោងហិរញ្ញប្បទានទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញដើម្បីជួយស្តារអាជីវកម្ម ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដោយលើកទី១រាជរដ្ឋាភិបាលបានទម្លាក់កម្ចីហិរញ្ញប្បទានចំនួន១០០លានដុល្លារ និងលើកទីពីរ ២៤០លានដុល្លារ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនទៀត ដើម្បីជួយអាជីវកម្មក្នុងវិស័យទេសចរណ៍ និងអាជីវកម្មដែលរងផលប៉ះពាល់ផ្សេងទៀត ដូចជាការលើកលែងពន្ធ ការផ្ដល់ប្រាក់ឧបត្តម្ភ និងការបើកវគ្គបណ្ដុះបណ្ដាលជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗកំពុងចាប់អារម្មណ៍អាជីវកម្មកញ្ឆានៅថៃ ក្រោយរដ្ឋាភិបាលអនុញ្ញាតឲ្យដាំ និងជួញដូរស្របច្បាប់

ព័ត៌មាន
អាជីវកម្មកញ្ឆានៅប្រទេសថៃកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីក្រុមហ៊ុនតូចធំនៅក្នុងប្រទេសនេះ ដោយទាក់ទាញការវិនិយោគបានជាង ៣៥ លានដុល្លា…

ក្រុមហ៊ុន «អិមអ ត្រេនីង &យ៉ប សេនធ័រ» ប្តេជ្ញាជួយយុវជនអភិវឌ្ឍជំនាញឲ្យត្រូវទីផ្សារការងារ និងទទួលបានប្រាក់ចំណូលខ្ពស់

ព័ត៌មាន
ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ (MR Training & Jobs Center) ដែលជាក្រុមហ៊ុនអភិវឌ្ឍជំនាញនិងស្វែងរកការងារជូនយុវជន បានប្រកាសសម្ពោធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ