បណ្ណបំណុលធនាគារ ABA នឹង​បើកបោះផ្សាយលក់​នៅពាក់កណ្ដាល​ខែ​សីហា​ ឆ្នាំ២០១៩!

មានតែ ១០ ម៉ឺនរៀល ក៏អាចទិញបណ្ណបំណុលពីធនាគារ ABA បានដែរ!


ធនាគារ ABA រំពឹងនឹងអាចធ្វើការបោះផ្សាយលក់មូលបត្របំណុលនៅក្នុងផ្សារមូលបត្រកម្ពុជា នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីធនាគារនេះ បានទទួលការអនុញ្ញាត​ពី​ស្ថាប័ន​ជាតិ ដែលជានិយ័តកររួចរាល់ហើយ។ បើតាម ការប្រកាសរបស់ធនាគារ ABA តម្លៃបណ្ណបំណុលដែលខ្លួនត្រៀមនឹងលក់ចេញនោះ គឺមានតម្លៃត្រឹមតែ១០ម៉ឺនរៀល ឬស្មើនឹងប្រមាណ ២៥ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយបណ្ណ ខណៈដែលចំនួនបណ្ណបំណុលសរុបមាន១.២៨០.០០០ បណ្ណ។
មានតែ ១០ ម៉ឺនរៀល ក៏អាចទិញបណ្ណបំណុលពីធនាគារ ABA បានដែរ (រូបភាព៖ ហ្វេសប៊ុក ធនាគារ ABA)
ដោយ

ក្រោយពីទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ពីធនាគារជាតិ និង​ការអនុម័ត​លើ សំណើសុំ​បោះផ្សាយ​លក់មូលបត្រ​បំណុល​ជាសាធារណៈ ពីគណៈកម្មកា​មូលបត្រ​កម្ពុជា​រួចមក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដែលគេស្គាល់ថា ធនាគារ ABA នោះ បានប្រកាសថា ខ្លួន​រំពឹង​នឹងអាច​បោះផ្សាយ​លក់មូលបត្រ​បំណុល​ជាផ្លូវការ​នៅ ក្នុង​ផ្សារមូលបត្រ​កម្ពុជា នៅថ្ងៃទី​១៦ សីហា ឆ្នាំ២០១៩​នេះហើយ ជាមួយនឹង​ទំហំ​ទឹកប្រាក់សរុប ៣២ លាន​ដុល្លារ​អាមេរិក។ ​

ថ្លែង​ក្នុង​ពិធី​ RoadShow ការបោះផ្សាយ​លក់សញ្ញាបណ្ណ​សារជីវកម្ម  របស់​ធនាគារ ABA កាលពីពេល​ថ្មីៗនេះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈកម្មការ​មូលបត្រកម្ពុជា បាន​ថ្លែងថា មូលបត្រ​បំណុល​ទំហំ​ទឹកប្រាក់​៣២ លាន​ដុល្លារ​របស់ធនាគារ ABA ដែលត្រៀម​នឹងបោះផ្សាយ​លក់នេះ គឺជាការប្រមូល​សាច់ប្រាក់​ក្នុងទីផ្សារ​មូលបត្រ​បានច្រើន​ជាងគេ ធៀបនឹង​ក្រុមហ៊ុន​ លក់​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្របំណុល​ផ្សេងទៀត​ដែលបាន​ដាក់លក់​ក្នុងផ្សារមូលបត្រ​​នាពេលកន្លងមក។ 

ក្រុមហ៊ុន SBI Royal Securities ​ត្រូវបាន​ធនាគារ ABA  ជ្រើសយក​ជាទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុន​ធានាទិញ​មូលបត្រ​តែមួយគត់​សម្រាប់ការ​បោះផ្សាយលក់​មូលបត្រ​បំណុលនេះ។

បើតាម ឯកឧត្តម ស៊ូ សុជាតិ ចំនួន​ទឹកប្រាក់​ដែលមាន​បោះផ្សាយ​លក់មូលបត្រ​នៅលើទីផ្សារ បើបូកទាំងមូលបត្រ​បំណុល​របស់ធនាគារ​ ABA ទៀតនោះ​អាចមានលើស​១៥០ លាន​ដុល្លារអាមេរិក​ ហើយឯកឧត្តម​​សង្ឃឹមថា នៅចុងឆ្នាំនេះ អាចនឹងកើនឡើងដល់​៤០០លាន​ដុល្លារអាមេរិក។

ក្នុងនោះ សម្រាប់ការលក់​មូលបត្របំណុលនេះ បូករួមទាំង ABA គឺមាន​មានការប្រមូល​សាច់ប្រាក់​លើទីផ្សារ​ប្រមាណ ៨២​លាន​ដុល្លារអាមេរិក។

ឯកឧត្តម បន្តទៀត​ថា ការលក់​មូលបត្រ​បំណុល​របស់ធនាគារ ABA គឺមានលក្ខណៈពិសេស​ជាង​ការ​លក់​របស់​ក្រុមហ៊ុន​មុនៗ​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា ដោយសារតែ​ABA ក៏បាន​អនុញ្ញាត​ឲ្យ​អ្នកវិនិយោគ​ដែលមាន​ដើមទុន​តិច ក៏អាច​មានលទ្ធភាពទិញបានដែរ ខណៈដែល​ក្រុមហ៊ុន​ដែលធ្លាប់បោះផ្សាយ​បណ្ណបំណុល​កាលពីមុនៗ គឺលក់សម្រាប់​តែវិនិយោគិនធំៗ ពោលគឺ​អ្នក​ដែលមានលុយ​ច្រើនប៉ុណ្ណោះ។ 

គណៈអធិបតី និងភ្ញៀវ​ចូលរួម​ក្នុង កម្មវិធី RoadShow ការបោះផ្សាយលក់សញ្ញាបណ្ណសារជីវកម្ម របស់ធនាគារ ABA (រូបភាព៖ សហការី)

បើតាម ឯកឧត្តម ស៊ូ សុជាតិ បញ្ជាក់ពីឯកឧត្តម ស៊ូ សុជាតិ តម្លៃបណ្ណបំណុល​របស់​ធនាគារ ABA ដែល​ត្រៀម​បោះផ្សាយ​​លក់​​ឆាប់ៗនេះ គឺមានតម្លៃ តែ​១០ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយបណ្ណ ដូច្នេះ អ្នកមានប្រាក់ចាប់ពី​ ១០ ម៉ឺនរៀល​ឡើងទៅ គឺអាច​ទិញ​​បណ្ណ​បំណុល​របស់​ធនាគារ​ ABA បានហើយ។ ​ប៉ុន្ដែ អ្វីដែល​ ឯកឧត្តម​បារម្ភនោះ គឺ អ្នកចង់ទិញខ្លះ ​អាចនឹង​ទិញមិនទាន់​ផង ព្រោះ​បន្ទាប់ពីមានការ​ប្រកាស​ដាក់​លក់​មក ​ឃើញថា មាន​អ្នក​ចាប់អារម្មណ៍​ទិញបណ្ណបំណុល​នេះ​ច្រើន។ 

បើតាមធនាគារ ABA មូលបត្រ​បំណុល​ដែលនឹងត្រូវបោះផ្សាយឆាប់ៗនេះ គឺមានចំនួនសរុប ១.២៨០.០០០ បណ្ណ ដែលមានតម្លៃ​ត្រឹមតែ ១០ម៉ឺនរៀល ឬស្មើនឹង​២៥ ដុល្លារប៉ុណ្ណោះ ក្នុង​មួយបណ្ណ។ ចំពោះ​​អត្រាកូប៉ុង ឬអត្រាការប្រាក់​វិញ គឺមាន​ចន្លោះពី ៧% ទៅ៧,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹង​រយៈពេល​៣ឆ្នាំ និងការទូទាត់សង​អត្រា​ការប្រាក់នេះ នឹងធ្វើឡើង​រៀងរាល់​ឆមាស។

ឯកឧត្តម ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បាន​ឲ្យដឹងថា ធនាគារ ABA នឹងក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី ៨ នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា និងជា​ធនាគារពាណិជ្ជទី១ ដែលបាន​ចុះបញ្ជី​លក់​សញ្ញាបណ្ណ។ ក្នុងចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​៧ ដែលមានស្រាប់​នា​បច្ចុប្បន្ន​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា គឺមានក្រុមហ៊ុន​ចំនួន ៥ ជាក្រុមហ៊ុន​ចុះបញ្ជី​លក់មូលបត្រ​កម្មសិទ្ធិ​ ឬហៅថា​ភាគហ៊ុន និង​មានក្រុមហ៊ុន​២ផ្សេងទៀត គឺជា​ក្រុមហ៊ុន​ចុះបញ្ជីលក់​សញ្ញាបណ្ណ ឬហៅថា​មូលបត្រ​បំណុល។ 

គណៈអធិបតី ចូលរួម​ក្នុង កម្មវិធី RoadShow ការបោះផ្សាយលក់សញ្ញាបណ្ណសារជីវកម្ម របស់ធនាគារ ABA (រូបភាព៖ សហការី)

ឯកឧត្តម ហុង សុហួរ បន្ថែមថា ការចុះបញ្ជី​ក្នុងផ្សារហ៊ុន​ ​ក្រុមហ៊ុន​ចុះបញ្ជី​មិនត្រឹមតែ​ទទួលបាន​ហិរញ្ញ​វត្ថុ​យកទៅប្រើប្រាស់​សម្រាប់ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជួយដល់​ការជ្រោមជ្រែង​អភិវឌ្ឍន៍​ដល់​វិស័យ​ផ្សារមូលបត្រដ៏ក្មេងខ្ចីនេះ ដើម្បី​ផ្ដល់នូវឧបករណ៍វិនិយោគ​បន្ថែមដល់​សាធារណៈជនក្នុងស្រុក​ ខណៈដែលបច្ចុប្បន្ននេះ ពួកគាត់​ផ្ដោត​ការយកចិត្ត​ទុកដាក់​តែលើ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប៉ុណ្ណោះ ដែលបាន​និងកំពុង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​កាន់តែរីកប៉ោង​ធំឡើង​ និងកំពុង​មាន​ហានិភ័យ​ប្រឈម​នឹងវិបត្តិ។ 

ឯកឧត្តម ហុង សុហួរ​បាន​គូសបញ្ជាក់ថា ការ​រីកប៉ោង​នៃ​វិស័យ​អចលនទ្រព្យ​ ក៏អាច​ជាឧបសគ្គ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ។ 

លោក Askhat Azhikhanov នាយកប្រតិបត្តិ​នៃធនាគារ ABA បាន​លើកឡើងដែរថា សញ្ញា​បណ្ណសាជីវកម្ម ABA គឺជាការ​ផ្ដល់ជូន​លើកដំបូង នៃមូលបត្រ​បំណុល​ពីធនាគារពាណិជ្ជ នៅកម្ពុជា ហើយវាជា​សញ្ញាបណ្ណ​កម្ពុជា​ដំបូងគេ ដែលទទួលបាន​ចំណាត់ថ្នាក់​លទ្ធភាពសង កម្រិត ‘B’ ពីភ្នាក់ងារ​វាយតម្លៃ S&P Global​ Ratings។ ​ធនាគារ ABA ​គឺជាអ្នកបោះ​ផ្សាយដំបូង​ដែលផ្ដល់​សញ្ញាបណ្ណ​សាជីវកម្ម ដល់វិនិយោគិន​រូបវន្ត។ ធនាគារ ABA ចាត់ទុកការផ្ដល់​ជូននេះ ជាជំហានដ៏ សំខាន់មួយ ដែលមិនមែន សម្រាប់តែ ​ប្រយោជន៍​របស់ធនាគារតែមួយ​ប៉ុណ្ណោះទេ ប៉ុន្តែក៏​សម្រាប់ទីផ្សារ​ហិរញ្ញវត្ថុ​ទាំងមូលរបស់​កម្ពុជាដែរ។ 

បើតាម ការគូសបញ្ជាក់ពីលោក Askhat តាមរយៈ​ការបោះផ្សាយ​សញ្ញាបណ្ណនេះ ធនាគារ ABA នឹងមានលទ្ធភាព អាចផ្ដល់​ឥណទាន​ជាប្រាក់​រៀល បានកាន់តែ ច្រើនបន្ថែម​ទៀតដល់​អាជីវកម្មខ្នាតតូច, សហគ្រាសខ្នាតតូច និងមធ្យម នៅតាមជនបទ ដើម្បី​គាំទ្រ​អាជីវកម្ម និង ប្រតិបត្តិការ​របស់​ពួកគាត់។

គួរបញ្ជាក់ថា ធនាគារ ABA គឺជា​ធនាគារ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ឈានមុខ​គេ​នៅកម្ពុជា ដែលត្រូវបានបង្កើតឡើង​ក្នុងឆ្នាំ​១៩៩៦។ គិតមកទល់​ថ្ងៃទី ៣១​ ខែឧសភា ឆ្នាំ២០១៩ ទ្រព្យសកម្ម​របស់​ធនាគារ​ABA មានចំនួន ៣,៣៦ ពាន់លាន​ដុល្លារអាមេរិក ដែលធ្វើឲ្យ​ធនាគារនេះ ក្លាយជា​ធនាគារ​ធំទី៣ នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុ​អ្វី​សំរាម​ប្លាស្ទិក​មក​ដល់​កម្ពុជា? មេគយ​ផ្តល់​ការ​វិភាគ​ពីរ​យ៉ាង!

ព័ត៌មាន
អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​ថា ខ្លួន​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ថា ហេតុអ្វី​កាក​សំណល់​ប្លាស្ទិក​ដែល​មាន​ចំនួន​ដ…

ទំហំពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ សម្រេចបានជាង ២ពាន់លានដុល្លារ

ព័ត៌មាន
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មតាមព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសថៃ គឺសម្រេចបានប្រមាណ ៨០ពាន់លានបាត ស្មើនឹងប្រមាណ ២,…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ