ABA បោះផ្សាយមូលបត្របំណុល

ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក


ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសកាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅថ្មីៗនេះថា ខ្លួនទើបទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការរៀបចំ ការបោះផ្សាយមូលបត្របំណុល ឬហៅថា សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។
ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក (រូបភាព ពីគេហទំព័រ ABA Bank))
ដោយ

ធនាគារ ABA ត្រូវបានដឹងថា គឺជា​ស្ថាប័នហិរញ្ញវត្ថុទី៣ ហើយដែល បាន​បោះផ្សាយមូលបត្រ​បំណុលនេះ បន្ទាប់ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថាកសិករ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ LOLC។

តាមសេចក្ដី​ប្រកាសព័ត៌មាន ធនាគារ​ ABA គ្រោងនឹង​បោះផ្សាយ​មូលបត្រ​បំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លាន​រៀល ឬស្មើនឹងប្រមាណ ២៥ លាន​ដុល្លារ​អាមេរិក។

ធនាគារ ABA សញ្ញាបណ្ណសាជីវកម្ម ឬហៅថា មូលបត្របំណុល​ដែល​ធនាគារនេះ គ្រោងនឹង​បោះផ្សាយលក់​ជាផ្លូវការនេះ គឺមានរយៈពេល ៣ឆ្នាំ និងអត្រាការប្រាក់ពី ៧ ទៅ ៧,៧៥ ភាគរយ ក្នុងមួយឆ្នាំ។ 

ធនាគារ​ ABA​ នឹង​ដាក់​ជូន​ឯកសារ​ផ្តល់​ព័ត៌មាន​ ដើម្បី​ស្នើ​សុំ​ការ​អនុម័ត​យល់ព្រម​ ក្នុង​ការ​បោះផ្សាយ​នេះ​ ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ (SECC)​ សម្រាប់​នីតិវិធី​បន្ត​ទៀត​។​ហើយធនាគារនេះ  រំពឹង​ថា​សញ្ញា​​បណ្ណ​នេះ​ នឹង​ត្រូវ​ចុះបញ្ជី​លក់​ នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​​។​

បើតាម​ការបញ្ជាក់ ពីធនាគារមួយនេះ ទឹកប្រាក់ ដែលបានមកពីការ​បោះផ្សាយលក់​មូលបត្របំណុលនេះ នឹង​ត្រូវ​យកទៅ​ប្រើសម្រាប់​ការចំណាយ​លើប្រតិបត្តិការ ក៏ដូចជា ការបង្កើន​ចំនួន​ប្រាក់កម្ចី សម្រាប់អាជីវកម្ម ដែលនឹងគាំទ្រ ដល់​អាជីវកម្ម ខ្នាតតូចបំផុត សហគ្រាស​ធុនតូច និងមធ្យម ដែលរួមមាន​សហគ្រិនស្ត្រី​នៅកម្ពុជា​ផងដែរ។

ជាមួយនេះ ក្រុមហ៊ុន SBI Royal Securities ត្រូវបាន​ធនាគារ​ABA ជ្រើសយកជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និងក្រុមហ៊ុនធានា​ទិញមូលបត្រ​តែមួយគត់​សម្រាប់ការបោះផ្សាយនេះ។ 

គួរបញ្ជាក់ថា ក្រៅពី ធនាគារ ABA នេះ កន្លងមកថ្មីៗនេះ ក៏មាន​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន​២ ហើយ ដែលបាន​បោះផ្សាយ​លក់​មូលបត្រ​បំណុល​របស់ខ្លួន ជាសាធារណៈ គឺគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ហត្ថាកសិករ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ ក្នុងនោះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានប្រកាស​បោះ​ផ្សាយលក់​មូលបត្រ​បំណុល​រហូតដល់ ១២០ ពាន់លានរៀល​ ឬស្មើនឹងប្រមាណ ៣០ លានដុល្លារអាមេរិក​ខណៈគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC វិញ បានបោះផ្សាយ​លក់​មូលបត្របំណុល​នេះ ក្នុងទំហំប្រាក់​សរុប ៨០ ពាន់​លានរៀល ស្មើនឹង ២០ លានដុល្លារអាមេរិក។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ឧសភា​ ២០១៩​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ ៣,៣៦​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ 

ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ធនាគារ​ ABA​ គឺ​ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​ទី​ប្រាំមួយ​នៅ​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​ Quebec​ ជា​កន្លែង​ដែល​ធនាគារ​នេះ​ក្លាយជា​ជម្រើស​ដៃគូ​សម្រាប់​សហគ្រិន​ធុន​តូច​និង​មធ្យម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន លើកលែងពន្ធនាំចូលផលិតផលគ្រឿងសមុទ្រ ៣៣មុខ ពីប្រទេសវៀតណាម

ព័ត៌មាន
ប្រទេសចិន បានសម្រេចលើកលែងពន្ធលើ ការនាំចូលផលិតផលគ្រឿងសមុទ្ររបស់ វៀតណាម រហូតដល់ ៣៣មុខឯណោះ ដែលក្នុងនោះមានទាំង ប្រភេទគ្រឿងសមុទ្រនាំចេញសំខ…

ធនាគារ ANZ Royal គ្រប់សាខា​​ទាំងអស់​ នឹងប្ដូឈ្មោះ​ថ្មី JTrust Royal ចាប់ពី​ខែ​សីហាតទៅ!

ព័ត៌មាន
ការទន្ទឹមរង់ចាំនៃការប្តូរឈ្មោះថ្មីរបស់ធនាគារ ANZ Royal ដែលកំពុងតែប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជានឹងចូលមកដល់នៅខែ សីហា ឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ