តម្លៃភាគហ៊ុនអេស៊ីលីដា

តម្លៃភាគហ៊ុនអេស៊ីលីដាហក់ឡើងខ្ពស់ ក្រោយក្រុមហ៊ុនអេស៊ីលីដាហ្វាយណាន់ស្សល់ ត្រាស់ប្រកាសទិញភាគហ៊ុនរយៈពេល៥ឆ្នាំ


ធនាគារអេស៊ីលីដាកាលពីពេលថ្មីៗបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីផែនការវិនិយោគរបស់អេស៊ីលីដាហ្វាយណាន់ស្សល់ ត្រាស់(AFT) ដែលជាភាគហ៊ុនិកធំមួយរបស់ អេស៊ីលីដា ក្នុងការទិញមូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដាដែលមានរយៈពេល៥ឆ្នាំ។
ធនាគារអេស៊ីលីដា

ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា និងអ្នកជំនាញក្នុងផ្សារមូលបត្រកម្ពុជា(CSX)អះអាងថា ការវិនិយោគរបស់ ក្រុមហ៊ុន អេស៊ីលីដា ហ្វាយណាន់ស្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិអេស៊ីលីដា គឺធ្វើឡើងស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់ភាគហ៊ុនិក។

ក្រោយការប្រកាសនេះ គេសង្កេតឃើញថា ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏មានការហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ ពោលគឺនៅម៉ោងបិទការជួញដូរនៅថ្ងៃចន្ទសប្ដាហ៍នេះ ភាគហ៊ុនអេស៊ីលីដាបានកើនឡើងដល់ទៅជិត៧% ដោយមួយភាគហ៊ុនមានតម្លៃដល់ទៅ ១១.០០០រៀល ខណៈដែលនៅថ្ងៃសុក្រសប្ដាហ៍មុន តម្លៃភាគហ៊ុនរបស់អេស៊ីលីដាមានត្រឹមតែ ១០.៣០០រៀល​ប៉ុណ្ណោះក្នុងមួយភាគហ៊ុន។

យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ នៅម៉ោងបើកជួញដូរដំបូង ភាគហ៊ុនអេស៊ីលីដា បន្ដកើនឡើងថែមទៀតដល់ទៅ ១០% ដោយភាគហ៊ុន​ក្នុងមួយហ៊ុន​ឡើងដល់ ១២.១០០រៀល​។  

ក៏ប៉ុន្ដែ បើធៀបនឹង​តម្លៃ​ដែលបានកំណត់​នៅក្រោយ​ ប៊ុកបៀលឌីង ភាគហ៊ុន​របស់ធនាគារអេស៊ីលីដា​នៅតែ​មានទាប​ជាង​តម្លៃដើមនៅឡើយ ពោលគឺ តម្លៃដែលត្រូវបានកំណត់ និងអនុម័ត​ដោយ​និយ័តករ​មូលបត្រ​កម្ពុជា គឺមាន ១៦.២០០រៀល។ 

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការវិនិយោគលើមូលបត្រកម្មសិទ្ធិរបស់អេស៊ីលីដា ដែលបានបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជាពីសំណាក់ក្រុមហ៊ុនអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាម្ចាស់ភាគហ៊ុនធំមួយរបស់អេស៊ីលីដា គឺធ្វើឡើងស្របតាមផែនការ និងយុទ្ធសាស្ត្រភាគហ៊ុនិក។ លោកស្រីសង្កត់ធ្ងន់ថា ភាគហ៊ុនិក និងសាធារណៈជនមានសិទ្ធិវិនិយោគលើភាគហ៊ុនរបស់អេស៊ីលីដា ដោយស្របតាមយន្តការទីផ្សារមូលបត្រកម្ពុជា។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ដូចគ្នាថា គ្រប់ភាគហ៊ុនិកនៃក្រុមហ៊ុន ឬស្ថាប័នដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាមានសិទ្ធិអាចទិញ ឬលក់ភាគហ៊ុនរបស់ខ្លួនដោយសេរី។ ប៉ុន្តែក្នុងករណីមានការរឹតត្បិត ឬហាមឃាត់ ភាគហ៊ុនិកមិនអាចលក់ ឬទិញភាគហ៊ុនរបស់ខ្លួនបាននោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា មិនមែនមានតែភាគហ៊ុនិកនោះទេ សូម្បីក្រុមហ៊ុនដែលបានចុះបញ្ជីខ្លួនឯង ក៏មានសិទ្ធិអាចទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញបានដែរ ប៉ុន្តែវិធីនេះមិនសូវត្រូវបានគេអនុវត្តទូលំទូលាយនោះទេ។

ឯកឧត្តមហុង សុហួរ បានវាយតម្លៃថា ផែនការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិអេស៊ីលីដាខាងលើ ទំនងជាក្រុមហ៊ុននេះគិតថា ភាគហ៊ុនរបស់អេស៊ីលីដានៅមានតម្លៃថោក ដែលអាចមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ។ ម្យ៉ាងទៀត ដោយសារក្រុមហ៊ុននេះមើលឃើញដំណើរការរបស់អេស៊ីលីដានៅមានប្រតិបត្តិការល្អ ទោះបីកម្ពុជារងនូវវិបត្តិកូវីដ-១៩។

បើតាមលោកស្រី ម៉ា អមរា អេស៊ីលីដាហ្វាយណាន់ហ្សល់ ត្រាស់ ជាភាគហ៊ុនិកធំមួយរបស់ធនាគារ អេស៊ីលីដា ដែលបានបង្កើតឡើង អនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅលើកទឹកចិត្តដល់ធនាគារអេស៊ីលីដាឱ្យប្រកាន់ខ្ជាប់នូវគោលបំណង ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរក្សានូវសញ្ជាតិជាក្រុមហ៊ុនខ្មែរ របស់អេស៊ីលីដា។ ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិធនាគារអេស៊ីលីដាមានរយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៦៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពន្យល់ពីហេតុផលដែលជ្រើសរើសតំបន់ប៉ែកឦសានធ្វើជាប៉ូលសេដ្ឋកិច្ចទី៤

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យកំណត់យកតំបន់ប៉ែកឦសាន ដើម្បីបង្កើតជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។ ការបង្ហាញពីគោលបំណងបង្កើតប៉ូលសេដ្ឋកិ…

ក្រសួងវប្បធម៌កំពុងរង់ចាំការឆ្លើយតបការបំភ្លឺពីភាគីវៀតណាម ជុំវិញរឿងរ៉ាវចម្លងរចនាបថប្រាសាទអង្គរវត្តខ្មែរ

ព័ត៌មាន
រឿងរ៉ាវទាក់ទងនឹងថៃកំពុងសាងសង់ប្រាសាទស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរនៅមិនទាន់ដោះស្រាយរួចរាល់ផង ស្រាប់តែថ្មីៗនេះ មានការចែករំលែកនូវវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ