ផ្សារទំនើប​អ៊ីអនទី៣

ផ្សារទំនើបអ៊ីអន ទី៣ នឹងសង់ក្នុងទីក្រុងរណប ING គ្រោងបើកទ្វារ នៅឆ្នាំ ២០២៣


ផ្សារទំនើបអ៊ីអន ដែលត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជានោះ បានប្រកាសនឹងសាងសង់គម្រោងផ្សារទំនើបសាខាទី៣ របស់ខ្លួន នៅក្នុងតំបន់ទីក្រុងរណប ING ភាគខាងត្បូងរាជធានីភ្នំពេញ ក្រោយពីផ្សារទំនើបយីហោជប៉ុនមួយនេះ បានចូលមកក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៤ និងបច្ចុប្បន្នមាន ២សាខាហើយកំពុងបើកដំណើរការ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ផ្សារទំនើប អ៊ីអន សាខាទី៣នេះ គ្រោងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ។
គម្រោងប្លង់​ផ្សារទំនើបអ៊ីអន ទី៣
ដោយ

ផ្សារទំនើប​​អ៊ីអន​ទី ៣នេះ ត្រូវបាន​ដឹងថា មាន​ទំហំធំ​ជាង​សាខាទី១ និងទី២​ទៅ​ទៀត ហើយ​ក៏អាច​ចាត់ទុក​បានថា ជាផ្សារទំនើប​​ធំជាងគេ​មួយ​នៅកម្ពុជា​ផងដែរ ដោយមាន​ផ្ទៃដី​សាង​សង់​​សរុប​រហូត​ដល់ ១៨ ហិកតា ខណៈ​ផ្សារទំនើប​អ៊ីអន​សាខា​ទី១ បាន​សាងសង់​លើផ្ទៃដី ត្រឹមតែ ៧ ហិកតា និងសាខាទី​២ មានផ្ទៃដីតែ ១០ហិកតា​ប៉ុណ្ណោះ។

បើមើល​ទៅក្នុង​បញ្ជី​ឈ្មោះ គម្រោង​ផ្សារ​ទំនើប​អ៊ីអន​ ដែល​នឹងត្រូវ​អភិវឌ្ឍ​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះនៅក្នុងបណ្ដាប្រទេស​មួយចំនួន​​នៅ​តំបន់​អាស៊ី បាន​បង្ហាញថា ផ្សារទំនើប​អ៊ីអន​​ទី​៣នេះ គឺធំជាង​ផ្សារ​ទំនើប​អ៊ីអន ដែល​ក្រុម​ហ៊ុន​គ្រោង​នឹងសាង​សង់​នៅ​ប្រទេសចិន និងវៀតណាម​ទៅទៀត។  ​ 

បើតាម​ការ​គូស​បញ្ជាក់​ពីក្រុមហ៊ុន ផ្សារទំនើប​អ៊ីអន ដែល​ខេមបូណូមីស​ទទួល​បាន បានឲ្យ​ដឹងថា ការសាងសង់​ផ្សារទំនើប​​សាខា​ទី៣​របស់ខ្លួន​​នៅទី​តាំង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ​ING នេះ គឺដោយសារ​តែ​មើលឃើញ​ពីសក្ដានុពល​​អភិវឌ្ឍន៍​ខ្លាំង នៅតំបន់​ភាគខាង​ត្បូង​រាជធានី​ភ្នំពេញបច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​​កើន​ឡើង​។ ​

ទោះយ៉ាងណា គេមិនទាន់​ដឹងនៅ​ឡើយទេ​ថា ផ្សារទំនើប​អ៊ីអន​សាខាទី៣​នេះ នឹងត្រូវ​ចំណាយ​ដើម​ទុនអស់​ប៉ុន្មាន​ក្នុងការ​សាងសង់​ឡើង ប៉ុន្ដែ បើតាម​បទ​ពិសោធន៍​នាពេល​កន្លង​ទៅ ​ផ្សារទំនើប​​អ៊ីអន ទី២ សែនសុខ ដែល​មាន​ទំហំផ្ទៃ​ដីតូច​ជាង​ផ្សារ​ទំនើប​អ៊ីអន​​ទី៣នេះ ៨ហិកតា​នោះ បាន​ចំណាយ​ទុន​អស់ ១២០​​លាន​​​ដុល្លារ​​អាមេរិកឯណោះ។  

គួរជម្រាបថា តំបន់ភាគ​ខាងត្បូង​បច្ចុប្បន្ន​ ក្រៅពី​មាន​គម្រោង​បុរីលំនៅដ្ឋាន​​រីកសាយ​ភាយ​​កាន់តែ​ខ្លាំង​នោះ គេសង្កេត​ឃើញថា តំបន់នេះ ក៏បាន​និងកំពុង​​ទាក់ទាញ​​ការវិនិយោគ​សាងសង់​​​គម្រោង​ផ្សារទំនើប​​ធំៗ​​ជាច្រើន​ផងដែរ។ តួយ៉ាង កាល​ពី​ពេល​​ថ្មី​នេះ ប៉េង ហួត បាន​បុក​គ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​ទៀត  PH Diamond Place តម្លៃ​វិនិយោគ​ប្រមាណ​​៦០​លាន​​ដុល្លារ​​អាមេរិក ស្ថិតនៅ​តាម​បណ្ដោយ​វិថី​សម្ដេច​តេជោ ហ៊ុន សែន ឬ​ហៅ​ថា​ផ្លូវ​៦០​ម៉ែត្រ ក្នុងគម្រោងអភិវឌ្ឍន៍​ទីក្រុងរណប​ ING។ 

គម្រោង​ផ្សារ​ទំនើប​របស់ក្រុមហ៊ុនបុរីប៉េងហួត​នេះ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃ​ដី​ជិត​៦​ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប​ជាង ៦,២​ម៉ឺនម៉ែត្រ​ការ៉េ ជាមួយ​នឹង​ចំណត​ដែល​អាច​ចតឡាន​បាន​ចំនួន ២៦៧១ គ្រឿង និង​ម៉ូតូ​ចំនួន ៩៥២​គ្រឿង ហើយ​គម្រោង​នេះ​នឹង​សាងសង់​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ។

នៅក្បែរគ្នានឹងគម្រោង​ផ្សារទំនើបអ៊ីអន៣ និងប៉េងហួតនោះដែរ ក្រុមហ៊ុនជីបម៉ុង ក៏ទើបតែបាន សម្ពោធបុកគ្រឹះ សាងសង់គម្រោង ផ្សារ​ទំនើប ជីបម៉ុង ២៧១ មេហ្គាម៉លដ៏ធំមួយផងដែរ ដោយមានផ្ទៃដី ៤១ហិកតា នៅក្នុង​គម្រោង​​អភិវឌ្ឍន៍​លំនៅដ្ឋាន​​ប្រណិត និងតំបន់​ពាណិជ្ជកម្ម ដឺ លែនម៉ាក ២៧១ របស់​ក្រុមហ៊ុន​ជីបម៉ុងលែន ខណៈដែល​គម្រោង​ផ្សារ​ទំនើប​ខ្នាតយក្ស​មួយនេះ នឹងត្រូវ​សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២០។ ផ្សារទំនើបខ្នាតយក្សមួយនេះ មាន​អាគារ​ទំាងមូល​​​កម្ពស់​ ៣ជាន់ មានផ្ទៃ​ក្រលា ១៦០​ ០០០ម៉ែត្រការ៉េ  និង​មាន​ចំណត​​អាចចត​​យានយន្ដ​​បាន​រហូត​​ដល់ ២.៦០០ គ្រឿង និងអម​ទៅដោយ​រចនាបថ​ទំនើប​ទាន់សម័យ។

គួរជម្រាបថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ ING Holding ត្រូវ​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពីរាជរដ្ឋា​ភិបាល​​កម្ពុជា​លើផ្ទៃដី​សរុប​​ជាង ២.៥០០ ហិកតា ស្ថិត​នៅភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​​តំបន់​​នេះ បាននិង​កំពុង​​មាន​ការអភិវឌ្ឍន៍​​គួរឲ្យកត់​សម្គាល់។ ជាក់ស្ដែង ក្រៅពី​សំណង់​បុរី អគារតូចធំ បាននិងកំពុងលេចរូប​រូបរាង​ឡើងជាបន្តបន្ទាប់​នោះ គេសង្កេត​ឃើញថា ​​ផ្លូវ​​ទំហំ​ទទឹង ៦០ម៉ែត្រ​មួយ​ខ្សែ ឬហៅ​ផ្លូវ​សម្តេចតេជោហ៊ុនសែន ប្រវែង​ជិត ១០គីឡូម៉ែត្រ ដែលពុះកាត់​ចំកណ្ដាល​នៃតំបន់​ទីក្រុងរណប​នោះ បាន​និងកំពុង​​បម្រើ​​ដល់ការ​ធ្វើដំណើរ​​ ក៏ដូចជា​ការដឹកជញ្ជូននានា​​ចេញ​​ចូល​​រាជធានី​ភ្នំពេញ កាន់តែ​ប្រសើរ​ឡើង​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្លើងខៀវពីមហាយក្សចិន​និងអាមេរិក កំពុងធ្វើឲ្យវិស័យកសិកម្មកម្ពុជា មានសង្ឃឹមខ្ពស់ជាងមុន

ព័ត៌មាន
កម្ពុជាធ្លាប់ត្រូវបានដឹងថា ជាប្រទេសរស់ពឹងផ្នែកលើវិស័យកសិកម្ម ដែលមានប្រជាពលរដ្ឋជាង ៨០% ជាកសិករ ធ្វើស្រែចម្ការ។ ប៉ុន្ដែ គិតត្រឹម ៥ឆ្នាំចុងក្រ…

សហភាព​អឺរ៉ុប​"ចាប់​ផ្ដើម​ដំណើរការ"​ដក​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា

ព័ត៌មាន
សហភាព​អឺរ៉ុប (EU) បានជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា ថា ខ្លួន​នឹង​​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​នីតិវិធី​សម្រាប់​ការ​ដក​ការអនុគ្រោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ