យក្សអឺរ៉ុបអាល្លឺម៉ង់សម្រេចផ្តល់រថក្រោះធន់ធ្ងន់លីអូផាតទៅឱ្យអ៊ុយក្រែន

ក្រោយអាមេរិកផ្តល់សញ្ញាត្រៀមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏លែងរារែកចិត្តនឹងផ្ដល់ជូនដែរ


បើទោះបីជាកិច្ចចរចាអាមេរិក និងសម្ព័ន្ធមិត្តនៅថ្ងៃទី២៥ខែមករាទទួលបរាជ័យមែន ប៉ុន្តែនៅពេលនេះអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសម្រេចចិត្តថា នឹងបញ្ជូនរថក្រោះធុនធ្ងន់ Leopard 2 ទៅឲ្យអ៊ុយក្រែន និងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតដូចជាប៉ូឡូញធ្វើដូចគ្នាដែរ។ សេចក្តីសម្រេចនេះធ្លាក់មក ស្របពេលដែលប្រភពច្បាស់ការពីរនៃរដ្ឋបាលលោក បៃដិន បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា សហរដ្ឋអាមេរិកក៏កំពុងគិតគូរផ្តល់រថក្រោះធុនធ្ងន់ Abrams ទៅឱ្យទីក្រុងកៀវផងដែរ។
ក្រោយអាមេរិកផ្តល់សញ្ញាត្រៀមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏លែងរារែកចិត្តនឹងផ្ដល់ជូនដែរ

យោងតាមទស្សនាវដ្តីក្នុងស្រុកអាល្លឺម៉ង់ ដែលបានរាយការណ៍ព័ត៌មាននេះដំបូងគេ ឱ្យដឹងថា អាល្លឺម៉ង់នឹងបញ្ចូនរថក្រោះ Leopard 2 យ៉ាងហោចណាស់សម្រាប់ទាហានមួយកង ទៅឱ្យទីក្រុងកៀវតាមរយៈក្រសួងការពារជាតិ។ កងរថក្រោះមួយក្រុមជាធម្មតាមានចំនួន១៤គ្រឿង។ ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ ក្រសួងការបរទេស និងក្រសួងការពារជាតិ សុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើការចុះផ្សាយបញ្ហានេះទេ។

បើតាមលោក គ្រីស្ទៀន ឌូអឺ(Christian Duerr) មេដឹកនាំសភាអាល្លឺម៉ង់មកពីគណបក្សប្រជាធិបតេយ្យសេរី (FDP) ត្រូវបានគេដកស្រង់សម្តីថា៖ «ថ្ងៃនេះអធិការបតីបានធ្វើការសម្រេចចិត្តមួយ ដែលគ្មាននរណាម្នាក់បាននឹកស្មានដល់»។ ការពិតនោះគឺ អាល្លឺម៉ង់នឹងគាំទ្រអ៊ុយក្រែនជាមួយនឹងរថក្រោះ Leopard ដែលវាគឺជាសញ្ញាដ៏រឹងមាំនៃសាមគ្គីភាពរបស់យើង»។

ទស្សនាវដ្តីក្នុងស្រុកដដែលបានរាយការណ៍ទៀតថា សម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់ដូចជាប្រទេសដាណឺម៉ាក ន័រវែស និងស៊ុយអែត ក៏មានបំណងដូចគ្នាជាមួយប្រទេសអាល្លឺម៉ង់ក្នុងការផ្គត់ផ្គង់រថក្រោះ Leopard របស់ពួកគេដល់ទីក្រុងកៀវដែរ។

នៅក្នុងរយៈពេលខាងមុខ នឹងមានរថក្រោះធុនធ្ងន់កាន់តែច្រើននឹងត្រូវបញ្ចូនទៅអ៊ុយក្រែន បើអាល្លឺម៉ង់យល់ព្រមមុនគេ ហើយសព្វាវុធធុនធ្ងន់ទាំងនេះ នឹងជួយស្តារឡើងវិញនូវស្ថានការសង្គ្រាមរបស់អ៊ុយក្រែន។ គួរជម្រាបដែរថា អាល្លឺម៉ង់ គឺជាប្រទេសដែលផលិតរថក្រោះលីអូផាតនេះ ហើយក៏បានសិទ្ធិវេតូលើប្រទេសដែលប្រើរថក្រោះប្រភេទនេះផងដែរ។ វាគឺជាចំណុចរបត់មួយ ព្រោះកាលពីពេលកន្លងទៅ ប្រទេសអឺរ៉ុបផ្សេងទៀតដូចជាប៉ូឡូញមិនហ៊ានបញ្ចូន រថក្រោះលីអូផាត ទៅឱ្យអ៊ុយក្រែនទេ ព្រោះអាល្លឺម៉ង់មិនទាន់សម្រេចថាឱ្យ ឬអត់។

ទន្ទឹមគ្នានេះ មន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ក្នុងពេលឆាប់ៗនេះ ក្រុងវ៉ាស៊ីនតោនអាចនឹងទម្លាក់ចោលការប្រឆាំងរបស់ខ្លួនក្នុងការបញ្ចូនរថក្រោះធុនធ្ងន់ Abrams ទៅកាន់ប្រទេសអ៊ុយក្រែន។ ដោយឡែក មន្ត្រីរដ្ឋបាលលោក បៃដិន ពីររូបផ្សេងទៀតបានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារទី២៤មករានេះដែរថា សហរដ្ឋអាមេរិកហាក់កំពុងដើរបញ្ច្រាស់ពីការលើកឡើងរបស់ខ្លួនកាលពីពេលដំបូង ដោយវ៉ាស៊ីនតោនក៏កំពុងផ្តល់សញ្ញានឹងចាប់ផ្តើមដំណើរការ ដើម្បីបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams រាប់សិបគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែនដែរ ក្រោយការប្រកាសឱ្យរបស់អាល្លឺម៉ង់នោះ។

យ៉ាងណាមិញ មន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសណាមួយទាក់ទិននឹងការបញ្ចូន Abrams ទៅឱ្យអ៊ុយក្រែននោះទេ។ មន្ត្រីអាមេរិកម្នាក់ដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានរ៉យទ័រថា អាចនឹងមានការប្រកាសណាមួយធ្វើឡើងនៅសប្តាហ៍នេះ។ បើតាមប្រភពបីរូបទៀតបានឱ្យដឹងដែរថា អាមេរិកអាចនឹងបញ្ចូនរថក្រោះ Abrams ប្រហែល ៣០ គ្រឿងទៅឱ្យអ៊ុយក្រែន ដែលនឹងត្រូវចែកចាយក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ក្នុងនោះដែរ រថក្រោះ Abrams ទំនងជានឹងត្រូវបានផ្តល់ទៅឱ្យទីក្រុងកៀវតាមរយៈមូលនិធិដែលគេស្គាល់ថាជាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលលោក Joe Biden ទទួលបានអាវុធពីឧស្សាហកម្មផលិតថ្មីតែម្តង ជាជាងពីស្តុកអាវុធដែលមានស្រាប់របស់សហរដ្ឋអាមេរិក តែដំណើរការនេះអាចចំណាយពេលរាប់ខែ និងរាប់ឆ្នាំឯណោះ។

សូមជម្រាបថា អ៊ុយក្រែនមានជំនឿយ៉ាងមុតមាំថា រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិចពិសេស Leopard 2 នឹងផ្តល់ឱ្យកងទ័ពរបស់ខ្លួននូវការចល័តផ្លាស់ទីបានយ៉ាងលឿនរហ័ស ក៏ដូចជាការពារខ្លួនប្រកបដោយប្រសិទ្ធភាពពីការវាយលុកថ្មីៗ របស់កងទ័ពរុស្ស៊ី។ ទីក្រុងកៀវរំពឹងថា រថក្រោះពិឃាតទាំងនោះអាចនឹងផ្តល់សមត្ថភាពគ្រប់គ្រាន់សម្រាប់អ៊ុយក្រែនក្នុងការវាយបក ព្រមទាំងដណ្តើមទឹកដីដែលធ្លាក់ចូលក្នុងដៃរុស្ស៊ីបានមកវិញផងដែរ៕




អត្ថបទបន្ទាប់


ចិនប្រាប់ឲ្យអាមេរិកដោះស្រាយបញ្ហាបំណុលក្នុងផ្ទះខ្លួនឯងសិនទៅ មុននឹងចង់លូកដៃរឿងបំណុលនៅប្រទេសដទៃ

ព័ត៌មាន
អ្នកការទូតចិន បាននិយាយសម្តីខ្លាំងដាក់អាមេរិកថា ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយក្នុងលោកមួយនេះគួរតែខិតខំដោះស្រាយបញ្ហាបំណុលដែលកំពុងជាប់គា…

ពាណិជ្ជកម្មអេឡិចត្រូនិកររបស់ថៃរំពឹងកើនឡើងដល់ទឹកប្រាក់៣៤ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ព័ត៌មាន
នាយកប្រតិបត្តិនៃក្រុមហ៊ុន PriceZa Group និងជាអ្នកវិភាគជំនាញលើវិស័យទីផ្សារអេឡិចត្រូនិច លោក ថាណាវ៉ាត់ ម៉ាឡាប៊ូហ្វា (Thanawat Malabupp…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ