វិស័យអាកាសចរណ៍កម្ពុជា

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរើបបាន៧០% ខណៈការដឹកអ្នកដំណើរបន្តយ៉ាប់យ៉ឺន


ថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានសភាពប្រសើរល្អឡើងវិញហើយនៅមួយរយៈចុងក្រោយនេះ ប៉ុន្តែការដឹកអ្នកដំណើរនៅតែដាំក្បាលចុះយ៉ាងគំហុក។ ថ្នាក់រូបនេះរំពឹងថា ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវអាកាសនឹងមានភាពល្អប្រសើរឡើងវិញ ក្រោយគម្រោងបើកទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួចជាកញ្ចប់នៅចុងឆ្នាំរបស់ក្រសួងទេសចរណ៍ ត្រូវបានអនុវត្ត។
បុរសកំពុងរៀបទំនិញដែលដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (រូបភាព៖ Cambodia Airports)

តែ​យ៉ាងណា អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន បាន​គូសបញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​មិន​ទាន់​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ហើយ​ការ​ដឹក​តាម​វិធី​នេះ ក៏​គេ​មិនសូវ​ប្រើ​ច្រើន​នោះ​ដែរ ដ្បិត​វា​មាន​តម្លៃ​ថ្លៃ​។ ជាមួយ​គ្នា​នេះ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ​។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​អ្នកជំនាញ​។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​បាន​រើប​ឡើងជា​បណ្តើរ​ៗ​ហើយ ហើយ​វា​នឹង​អាច​វិល​មក​រក​ប្រក្រតី​ភាព​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ បើ​តាម​ការ​វាយតម្លៃ​របស់​អ្នកនាំពាក្យ​រូប​នេះ ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​កំរើក​ឡើង​បាន​ប្រមាណ​៧០% ហើយ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ចំណែក​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​វិញ ត្រូវ​បាន ឯកឧត្តម កត់សម្គាល់​ឃើញ​ថា នៅ​តែ​មាន​សភាព​យ៉ាប់​យ៉ឹ​ន​ដដែល ពោល​គឺ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​នេះ​ដែរ ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​ប៉ុន្មាន​នោះ​ទេ បើ​ធៀប​នឹង​ប៉ុន្មាន​ខែ​មុន​។ អ្នកជំនាញ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា ការ​ដឹក​ជញ្ជូន​តាម​របៀប​នេះ​នៅ​តែ​មាន​សភាព​ចង្អៀត​ដដែល ដ្បិត​វា​មិនសូវ​មាន​ជើងហោះហើរ ហើយ​បញ្ហា​តម្លៃ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​គេ​រារែក​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​នេះ​ដែរ​។ 

ជាមួយ​គ្នា​នេះ លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន​ទំនិញ​មើលឃើញ​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​បច្ចុប្បន្ន​ហាក់​មាន​ភាព​មមាញឹក​ឡើង​វិញ​គួរ​សមបើ​ធៀប​នឹង​រយៈពេល​កាលពី​ឆ្នាំ​មុន​។ លោក​កត់សម្គាល់​ឃើញ​ថា ភាពល្អ​ប្រសើរ​នេះ បាន​កើតឡើង​ក្រោយ​ការ​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ជួប​បញ្ហា​រឿង​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​កង្វះ​ទូរ​កុងតឺន័រ ដែល​ធ្វើ​ឲ្យ​អ្នក​រកស៊ី​មួយ​ចំនួន​ត្រូវ​បង្វែ​ការ​ដឹក​ជញ្ជូន​របស់​ខ្លួន​។ 

ប៉ុន្តែ លោក អះអាង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​នៅ​តែ​រង​ការ​គំរាមកំហែង​ពី​កូ​វី​ដ​-១៩ និង​នៅ​តែ​មាន​សភាព​ចង្អៀត​ដដែល ខណៈ​បច្ចុប្បន្ន​ជើងហោះហើរ​នៅ​តែ​មាន​ចំនួន​តិចតួច​នៅឡើយ​។

ដោយឡែក បើ​យើង​ក្រឡេក​ទៅ​មើល​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក និង​ផ្លូវទឹក​ឯណេះ​វិញ ឧកញ៉ា ស៊ិ​ន ច​ន្ធី សង្កេត​ឃើញ​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទាំង​ពីរ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ ពោល​គឺ​នៅ​តែ​រង​ការ​គំរាមកំហែង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ជាក់ស្តែង​បើ​មើលទៅ​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​តម្លៃ​ដឹក​ជញ្ជូន​នៅ​តែ​បន្ត​ឡើងថ្លៃ​ខ្ពស់ និង​ខ្វះ​ទូ​កុងតឺន័រ​ដដែល​។

គួរ​រំលឹក​ថា ក្រោយ​ពិភពលោក ក៏​ដូច​ជា​កម្ពុជា​ទទួល​រង​នូវ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក ខណៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​និង​ផ្លូវគោក ក៏​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ យើង​សង្កេត​ឃើញ​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​តម្លៃ​ដឹក​ជញ្ជូន​បាន​ឡើងថ្លៃ​ខ្ពស់កប់ពពក ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា ក៏​ដូច​មួយ​ចំនួន​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ កង្វះ​ទូ​កុងតឺន័រ និង​ចន្លោះ​សម្រាប់​ដឹក​ទំនិញ ក៏​ជា​បញ្ហា​ចោទ​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំរំពឹងថា គម្រោងទីក្រុងឆ្លាតវៃនឹងជួយទាក់ទាញអ្នកវិនិយោគនិងភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបកាន់តែច្រើន

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប បានអះអាងថា ទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន(JICA)នឹងជួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំក្រុងសៀមរាបឲ្យក្…

តើចរន្ដទិញទំនិញតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ហក់ឡើងខ្លាំងកម្រិតណាក្នុងអំឡុងពេលវិបត្តិកូវីដ-១៩?

ព័ត៌មាន
ចាប់តាំងពីមានជំងឺកូវីដ១៩មក ប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរឹតបន្តឹតក្នុងការធ្វើដំណើរ និងដើរហើរប្រចាំថ្ងៃ ស្ថិតក្នុងកាលទេសៈដ៏លំបាកន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ