បញ្ហាចិន-តៃវ៉ាន់

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលុបចោល និងប្តូរជើងហោះហើរ ក្នុងអំឡុងពេលចិនធ្វើសមយុទ្ធយោធាព័ទ្ធកោះតៃវ៉ាន់


ក្រោមស្ថានការដ៏អាប់អួរក្នុងអំឡុងពេលយោធាចិនបានបើកធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ ក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួន បានលុបចោលជើងហោះទៅកាន់ទីក្រុងតៃប៉ិ និងប្តូរទិសដៅផ្សេងដោយប្រើដែនអាកាសក្បែរនោះវិញ ព្រោះតែចរាចរណ៍ស៊ីវិលត្រូវបានបិទ មិនឲ្យហោះកាត់ពីលើតំបន់ច្រកសមុទ្រកោះតៃវ៉ាន់នោះឡើយ ដោយហេតុថា សមយុទ្ធបាញ់គ្រប់ពិតទ្រង់ទ្រាយធំមិនធ្លាប់មានរបស់ចិនដែលកំពុងធ្វើឡើងព័ទ្ធជុំវិញកោះតៃវ៉ាន់នោះ អាចបង្កគ្រោះថ្នាក់ខ្លាំងមែនទែន ដល់យន្តហោះស៊ីវិល។ នេះបើតាមរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអាកាសចរណ៍លុបជើងហោះហើរ ចំពេលចិនធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់

បើតាមសេចក្ដីរាយការណ៍ពី សារព័ត៌មានរដ្ឋចិន CCTV ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនព័ទ្ធជុំវិញកោះតៃវ៉ាន់នេះ គឺបានចាប់ផ្ដើមឡើងតាំង​ពីម៉ោង ១១ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) កាលពីថ្ងៃទី៤ សីហា ហើយនឹងត្រូវបញ្ចប់នៅម៉ោង១១ថ្ងៃត្រង់ នាថ្ងៃអាទិត្យទី៧ខែសីហា ។ ក្នុងនោះ កាលពីថ្ងៃទី២ ខែសីហា យោធាចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងតំបន់ដែនទឹកនៃកោះតៃវ៉ាន់ផងដែរ។

ការណ៍នេះហើយបានរារាំង​ និងបង្កហានិភ័យយ៉ាងខ្លាំង​ដល់ការធ្វើដំណើរតាមអាកាសពីតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា បើទោះបីជាដែនអាកាសនេះ មានទំហំតូចក៏ដោយ។ ហើយក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានលុបចោល ក៏ដូចជាប្តូរទិសដៅ​ជើងហោះហើរចូលកោះតៃវ៉ាន់តែម្តង។

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ (Korean Air Lines Co Ltd) និងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines Ltd) បាននិយាយថា ខ្លួនបានលុបចោលជើងហោះ​ហើរ​ពីកូរ៉េ និងសិង្ហបុរីចូលទៅកាន់តៃវ៉ាន់​រហូតដល់ថ្ងៃអាទិត្យ ដោយសារតែ​សមយុទ្ធរបស់ចិន តែក្រុមហ៊ុនទាំងពីរ​នឹងបន្តតាមដានស្ថានការណ៍ ដែលអាចកែប្រែនៅពេលក្រោយទៀត។​

ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុនចំនួនពីរគឺ (ANA Holdings In) និង (Japan Airlines Co Ltd) បានបញ្ជាក់ប្រាប់ទីភ្នាក់ងាររ៉យទ័រថា ក្រុមហ៊ុ​នខ្លួននឹងនៅតែដំណើរការ​ជើងហោះហើរទៅកាន់ទីក្រុងតៃប៉ិ​ដូចធម្មតា តែក៏កំពុង​ត្រួតពិនិត្យមើល និងជៀសវាង​ដែនអាកាស ដែលរងនូវការគំរាមគំហែង​ដូចជា​ផ្លូវ​ទៅកាន់ ហុងកុង និងប្រទេសអាស៊ីអាគ្នេយ៍ជាដើម។

ទោះជាយ៉ាងណា ទីភ្នា​ក់ងារ​តាមដានជើងហោះហើររបស់​ស៊ុយអែត (FlightRadar24) បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍​ខ្នាតយក្សរបស់​តៃវ៉ាន់ពីរគឺ (China Airlines Ltd) និង (EVA Airways) នៅតែហោះហើរទៅមកកោះនេះ​នៅព្រឹកថ្ងៃសុក្រទី៥ខែសីហា។ រីឯ ក្រុមហ៊ុនអាកាសចរណ៍​ហ្វីលីពីន និងក្រុមហ៊ុនដឹកជញ្ជូន​ទំនិញ​​អាមេរិក (FedEx Corp) និង (United Parcel Service Inc) ក៏បន្តដំណើរការ​ប្រតិបត្តិការ​​ដូចធម្មតា បូករួមក្រុមហ៊ុន​​អាកាសចរណអេមីរ៉ាត់​​អារ៉ាប់រួម (Emirates) នៅតែគ្រោង​ហោះហើរ​​ទៅកាន់ទីក្រុងតៃប៉ិ​​នៅទី ៥ខែសីហានេះដូចធម្មតា។ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។

ទោះជាបែបនេះក្ដី បើតាមទីភ្នាក់ងារត្រួតពិនិត្យផ្លូវអាកាសចរណ៍​អន្តរជាតិ​ (OPSGROUP) បានចុះផ្សាយថា សមយុទ្ធយោធា​របស់ចិនជុំវិញតៃវ៉ាន់​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់សុវត្ថិភាព​ផ្លូវអាកាសសំខាន់ៗ​​រវាងប្រទេស​នៅ​អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដែលត្រូវតែប្តូរទិស​ដៅ​​ហោះហើរ​​មួយរយៈសិន៕




អត្ថបទបន្ទាប់


តើវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនទំនិញកម្ពុជា រងការប៉ះទង្គិចពីការបិទច្រកសមុទ្រតៃវ៉ាន់ ដោយសារសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនដែរ ឬទេ?

ព័ត៌មាន
ស្របពេលដែល មានការបិទច្រកសមុទ្រ និងដែនអាកាសនៅកោះតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល និងប៉ាល់ធំៗ ដោយសារតែការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិននៅតំប…

លោកស្រីផេឡូស៊ីថា ទស្សនកិច្ចនៅអាស៊ីមិនមានបំណងផ្លាស់ប្តូរស្ថានការណ៍នៅតៃវ៉ាន់ និងតំបន់នោះឡើយ

ព័ត៌មាន
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី នៅថ្ងៃសុក្រនេះនិយាយថា ការធ្វើដំណើរទស្សនកិច្ចរបស់លោកស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ