បង្កើនការបញ្ចេញប្រេងពីក្នុងស្ដុកកាន់តែច្រើន

អាមេរិក និងប្រទេសជាសមាជិកទីភ្នាក់ងារថាមពលអន្តរជាតិ បង្កើនការបញ្ចេញប្រេងពីក្នុងស្ដុក ដើម្បីទប់កុំឲ្យប្រេងបន្ដហក់ឡើងខ្ពស់


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានប្រទេសជាសមាជិក៣១ប្រទេសនោះ បានសម្រេចយល់ព្រមបញ្ចេញប្រេងឆៅពីក្នុងស្ដុកប្រេងរបស់ខ្លួន ៦០លានបារ៉ែល ទៅលើទីផ្សារ បន្ថែមពីលើការបញ្ចេញស្ដុកប្រេង ១៨០លានបារ៉ែល ដែលសហរដ្ឋអាមេរិក បានប្រកាសបញ្ចេញកាលពីសប្ដាហ៍មុន ក្នុងគោលបំណងបន្ទាបតម្លៃប្រេងឆៅនៅលើទីផ្សារ កុំឲ្យបន្ដមានការហក់ឡើងកាន់តែខ្ពស់ថែមទៀត ស្របពេលដែល ទណ្ឌកម្មថ្មីៗរបស់លោកខាងលិចកំពុងតែត្រៀមមុខព្រួញដាក់បន្ថែមទៅលើទីក្រុងម៉ូស្គូជាបន្ដបន្ទាប់ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
រូបតំណាង

ប្រទេសជាទីភ្នាក់ងារថាមពលអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត បានសម្រេចបញ្ចេញប្រេងឆៅពីស្តុកទុកជាលើកទី ២ហើយ ក្នុងរយៈពេល ១ ខែមកនេះ ហើយវានឹងក្លាយជាការបញ្ចេញប្រេងលើកទី៥ ក្នុងប្រវត្តិសាស្ត្ររបស់ទីភ្នាក់ងារនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទីផ្សារប្រេងដែលកំពុងកើតមាន។

នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានលើកឡើងថា ទីភ្នាក់ងារថាមពលអន្តរជាតិ កំពុងឆ្ពោះទៅរកការបញ្ចេញប្រេងពីស្ដុកសរុបចំនួន ១២០ លានបារ៉ែល ខណៈមាន ៦០ លានបារ៉ែល ជាការរួមចំណែកដោយសហរដ្ឋអាមេរិក បានទាញយកចេញពីប្រេងបម្រុងរបស់ខ្លួន។

តាមរយៈការបញ្ចេញប្រេងពីស្ដុកនេះនឹងជួយធ្វើឲ្យ ការផ្គត់ផ្គង់ប្រេងប្រមាណ ១ លានបារ៉ែល ក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារសម្រាប់រយៈពេល ៦ ខែ ហើយអាចផ្គត់ផ្គង់បានរហូតដល់ចុងឆ្នាំនេះស្របពេលដែលផលិតកម្មប្រេងក្នុងស្រុកក៏កំពុងបង្កើនល្បឿនផងដែរ។

ការដាក់ទណ្ឌកម្មលើរុស្ស៊ី បានធ្វើឲ្យមានផលរំខានលើការផ្គត់ផ្គង់ប្រេងរបស់ប្រទេសនេះយ៉ាងខ្លាំង ហើយបញ្ហានេះ ក៏បានធ្វើឲ្យតម្លៃប្រេងលើទីផ្សារពិភពលោកមានការកើនឡើងខ្ពស់ដែរ ពោលគឺកើនជិត១៤០ដុល្លារក្នុងមួយធុងបារ៉ែលកាលពីដើមខែមីនាកន្លងទៅនេះ។ 

យ៉ាងណាមិញ ទីផ្សារប្រេងឆៅហាក់ដូចជាត្រូវបានធូរស្បើយឡើងវិញ នៅពេលមានការផ្លាស់ប្តូរចុងក្រោយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិពោលគឺបន្ទាប់ពីមានការប្រកាសបញ្ចេញប្រេងបន្ថែមទៀត បានធ្វើឲ្យតម្លៃប្រេងឆៅធ្លាក់ចុះតម្លៃប្រហែល ៥% មកវិញ ក្នុងតម្លៃប្រហែលជាង ១០១ ដុល្លារ ក្នុងមួយបារ៉ែលកាលពីថ្ងៃទី ៦ ខែមេសានេះ។

ទោះជាយ៉ាងនេះក្តី អ្នកវិភាគបាននិយាយថា ការបញ្ចេញប្រេងពីក្នុងស្តុកបម្រុងទៅផ្គត់ផ្គង់ទីផ្សារ ដើម្បីកាត់បន្ថយនឹងការកើនឡើងនៃតម្លៃប្រេងនោះ ប្រហែលជាមិនជោគជ័យក្នុងការធ្វើឱ្យតម្លៃធ្លាក់ចុះក្នុងរយៈពេលវែងនោះទេ តែវាអាចជួយទប់ទល់បានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា កន្លងមក អាមេរិក អង់គ្លេស និងជប៉ុន ហាក់មានកិច្ចខំខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ក្នុងការជំរុញឲ្យប្រទេសមជ្ឈិមបូព៌ាផលិតប្រេងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងគោលបំណងជំនួយទីផ្សារប្រេងពីរុស្ស៊ី ប៉ុន្ដែ ប្រទេសមជ្ឈិមបូព៌ាខ្លះ ទោះបីជាចង់បង្កើនការបូមប្រេង ក៏មិនងាយស្រួលដែរ ដ្បិតថាពួកគេមួយចំនួនខ្វះខាតធនធានសម្រាប់ផលិតកម្ម៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការនាំចេញទំនិញកម្ពុជាក្រោមកិច្ចព្រមព្រៀង RCEP មានសម្ទុះកើនឡើងយ៉ាងណាដែរ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបង្ហាញពីតួលេខនៃការនាំចេញទំនិញរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬ…

ទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីពិភពលោកថយចុះ ខណៈលោក Elon Musk នៅតែឈរតំណែងលេខ១

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អ៊ីឡន ម៉ាស (Elon Musk) នៅតែរក្សាបានចំណាត់ថ្នាក់ជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងពិភពលោកពិភពលោក ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ