អាមេរិកក្ដោបក្ដាប់ទីផ្សារ ៤០% នៃការនាំចេញសរុបរបស់កម្ពុជាឆ្នាំ២០២២

អាមេរិកក្ដោបក្ដាប់ទីផ្សារ ៤០% នៃការនាំចេញសរុបរបស់កម្ពុជាឆ្នាំ២០២២ ទោះមានប្រឈមសម្ពាធអតិផរណាក្ដី


សហរដ្ឋអាម៉េរិក គឺជាទីផ្សារគោលដៅធំជាងគេបង្អស់របស់កម្ពុជា ដោយបានក្ដោបរហូត ៤០% នៃការនាំចេញសរុប ដែលគិតជាទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ ខណៈសហភាពអឺរ៉ុប ជាទីផ្សារនាំចេញធំទី២ ដែលមានចំណែក ១៨%។ រីឯ តំបន់អាស៊ាន បានក្លាយជាទីផ្សារគោលដៅទី៣ របស់កម្ពុជា ដែលបានក្ដោប ១៥% នៃការនាំចេញសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ច ជឿជាក់ថា នៅឆ្នាំ២០២៣នេះ អាម៉េរិកក៏នៅតែជាគោលដៅនាំចេញសំខាន់របស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់តែម្ដង។
អាមេរិកក្ដោបក្ដាប់ទីផ្សារ ៤០% នៃការនាំចេញសរុបរបស់កម្ពុជាឆ្នាំ២០២២ ទោះមានប្រឈមសម្ពាធអតិផរណាក្ដី

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ទោះបី ការផ្គត់ផ្គង់ទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារគោលដៅមួយចំនួន ហាក់នៅមានកម្រិតនៅឡើយក៏ដោយ ប៉ុន្ដែកម្ពុជានៅតែមានក្ដីរំពឹងចំពោះទីផ្សារអាម៉េរិក និងសហភាពអឺរ៉ុប ពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរជាដើម។ ជាក់ស្ដែង តួលេខេពីក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកាត់ដេរទាំងអស់ ក្នុងទំហំទឹកប្រាក់សរុបជាង ១២ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ។

ដោយឡែក ចំពោះទីផ្សារអាស៊ានវិញ បើតាមបណ្ឌិត ហុង វណ្ណៈ អះអាងថា ទោះបីនៅក្បែរខាងប្រទេសកម្ពុជា ក៏ពិតមែន តែតម្រូវការពីការតំបន់អាស៊ានលើទំនិញកម្ពុជា នៅមានទំហំតូចនៅឡើយ ដោយតំបន់អាស៊ាន មានតម្រូវការភាគច្រើនជាផលិតផលកសិកម្មមិនទាន់កែច្នៃ។

ដ្បិតថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារមួយចំនួន ដូចជាទីផ្សារចិន មានការធ្លាក់ចុះក្ដី ប៉ុន្ដែ លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា នៅក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាទីផ្សារអន្តរជាតិជារួម នៅមានលក្ខណៈល្អប្រសើរ ខណៈកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលរៀបចំឲ្យមានកំណែទម្រង់ និងធ្វើពិពិធកម្មលើវិស័យពាណិជ្ជកម្ម លើច្បាប់នៃការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ តាមរយៈបរិការណ៍នេះ កម្ពុជានឹងអាចទាក់ទាញទីផ្សារថ្មីៗ បន្ថែមទៀត ជាពិសេសជំរុញកំណើននៃការនាំចេញ ពង្រីកខ្សែច្រវ៉ាក់ផលិតកម្មក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក មានទំហំសរុបជាង ៩ពាន់លានដុល្លារ បានកើនឡើង ១៩% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ។ រីឯការនាំចេញទៅទីផ្សារអឺរ៉ុបវិញ មានក្នុងទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ ខណៈការនាំចេញទៅតំបន់អាស៊ានវិញ មានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕




អត្ថបទបន្ទាប់


កត្តាអ្វីធ្វើឲ្យការនាំចេញស្មាតហ្វូនរបស់ចិនទៅកាន់ពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំមកនេះ?

ព័ត៌មាន
ការដឹកជញ្ជូនស្មាតហ្វូនរបស់ប្រទេសចិនចេញទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២២ បានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំមកនេះ ដោយសារ…

រដ្ឋសម្រេចលើកលែងពន្ធរយៈពេល៣ខែទៀត សម្រាប់អាជីវកម្មទេសចរណ៍នៅសៀមរាប

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដលើកលែងពន្ធមួយចំនួន ដល់សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍រយៈពេល៣ខែបន្តទៀត គឺចាប់ពីខែ មករា ដល់ខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ