អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារ

អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារអាមេរិកសម្រាប់ការអភិវឌ្ឍកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG) ដែលក្នុងនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២លានដុល្លារអាមេរិក សម្រាប់ឆ្នាំទី១ នៃកិច្ចព្រមព្រៀង ៥ឆ្នាំ។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក

ក្នុងកិច្ចព្រមព្រៀងនោះ សម្រាប់​ឆ្នាំទី១ សហរដ្ឋអាមេរិក នឹង​ហិរញ្ញប្បទានប្រមាណជិត ៤២ លានដុល្លារ នឹងផ្ដល់ជូនសម្រាប់វិស័យសុខាភិបាល និងអប់រំ និង ជាង ២០លានដុល្លារទៀត ផ្ដល់សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG) ដែលទើបតែចុះហត្ថលេខានេះ មានហិរញ្ញប្បទានសរុបប្រមាណ ៣៣៨ លានដុល្លារអាមេរិក នឹងគ្រោងផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការអនុវត្តគម្រោងក្នុងវិស័យកសិកម្ម និងបរិស្ថាន ព្រមទាំងការពង្រឹងសេវាសុខភាព អប់រំនិងគាំពារកុមារផងដែរ។

គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណ ១ពាន់៧រយលានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

សូមបញ្ជាក់ថា អាមេរិកមិនត្រឹមតែស្ថិតនៅក្នុងចំណោមប្រទេសម្ចាស់ជំនួយដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែ អាមេរិក ក៏ជាទីផ្សារនាំចេញទំនិញដ៏ធំមួយរបស់កម្ពុជាផងដែរ។ ជាក់ស្ដែង នៅរយៈពេល៣ខែដំបូងនៅឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទៅអាមេរិកមានតម្លៃជាទឹកប្រាក់ជាង២ពាន់លានដុល្លារ កើនឡើងជិត៤៤% ខណៈការនាំចូលពីអាមេរិកមកវិញមានជិត៧៧លានដុល្លារ ធ្លាក់ចុះជិត១%។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះតារាសាគរជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរដំបូង

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុង ទទួលបានជោគជ័យលើការធ្វើតេស្តបច្ចេកទេសហោះហើរសាកល្បងដំណាក់កាលទី១ ក្រោយចំណាយពេល៨ថ្ងៃលើការធ្វើត…

ការស្ទង់មតិ៖ ពលរដ្ឋតៃវ៉ាន់ជាងពាក់កណ្តាលមិនជឿថា អាមេរិកនឹងចូលមកជួយឡើយ ប្រសិនចិនចូលវាយប្រហារ

ព័ត៌មាន
ចំនួនពលរដ្ឋពាក់កណ្តាលនៃកោះតៃវ៉ាន់ មិនជឿថាសហរដ្ឋអាមេរិក និងលើកទ័ពចូលមកជួយពួកគេឡើយ ប្រសិនបើថ្ងៃណាមួយចិនចូលវាយប្រហារមកលើកោះតៃវ៉ាន់មែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ