អ្នកដំណើរតាមផ្លូវអាកាសកម្ពុជា

ក្រុមហ៊ុន Boeing របស់អាមេរិកព្យាករថា អ្នកដំណើរតាមផ្លូវអាកាសកម្ពុជានឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំក្រោយ


ក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរដ៏ធំមួយរបស់សហរដ្ឋអាមេរិក Boeing បានព្យាករថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជានឹងវិលមករកភាពល្អប្រសើរឡើងវិញដូចឆ្នាំ២០១៩ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើគ្មានបញ្ហាសកលអ្វីកើតឡើងបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ក្រុមហ៊ុន Boeing របស់អាមេរិកព្យាករថា អ្នកដំណើរតាមផ្លូវអាកាសកម្ពុជានឹងល្អប្រសើរឡើងវិញនៅចុងឆ្នាំក្រោយ
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានសហការជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing ដើម្បីវាយតម្លៃ និងព្យាករណ៍ពីស្ថានភាពនៃការវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ​នៃការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជា។ ក្នុងនោះក្រុមហ៊ុន Boeing បានព្យាករថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជានឹងអាចវិលមករកភាពល្អប្រសើរដូចពេលមិនទាន់មានកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ឡើងវិញ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ប្រសិនបើមិនមានហេតុការណ៍ ឬបញ្ហាសកលអ្វីមួយបានកើនឡើងបន្ថែមទៀតទេនោះ។

ការព្យាករបែបនេះរបស់ក្រុមហ៊ុន Boeing ធ្វើឡើងដោយផ្អែកលើការកំណើនជើងហោះហើរ និងចំនួនអ្នកដំណើរចូលមកកម្ពុជាតាមផ្លូវអាកាសមានកើនឡើងនៅប៉ុន្មានខែកន្លងមកនេះ។ មុនចេញលទ្ធផលព្យាករនេះ ក្រុមហ៊ុនបានសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់លើស្ថានការណ៍ និងទិន្នន័យផ្សេងៗ ដែលបានមក​ការសហការរួមគ្នា​ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) សមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ(IATA), ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ជុំវិញបញ្ហានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នា​ក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា បើផ្អែកតាមស្ថានភាពបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈម​នឹងភាពតានតឹងភូមិសាស្ត្រនយោបាយលកស ការកើនឡើងអតិផរណា​និង​តម្លៃទំនិញ ការព្យាករនេះ ហាក់ដូចជាឆាប់រហ័សពេក​សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ អ្នកជំនាញវិស័យទេសចរណ៍រូបនេះបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើប្រទេសចិនបើកឲ្យប្រជាជនខ្លួនធ្វើដំណើរដោយសេរីឡើងវិញ ក្រោយសមាជបក្សកុម្មុយនីយចិន​នៅអំឡុងខែតុលា ខាងមុខនេះ វិស័យទេសចណ៍អាចនឹងស្ទុះងើបឡើងវិញ។ ប៉ុន្តែ ប្រសិនបើចិនមិនបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរទេ នោះលទ្ធផលអាចនឹងខុសឆ្ងាយពីការព្យាករនេះ។

ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាយល់ឃើញថា យ៉ាងហោចណាស់កម្ពុជាត្រូវការយ៉ាងតិច៣ឆ្នាំ ដើម្បីអាចស្តារស្ថានភាពវិស័យទេសចរណ៍ និងការធ្វើដំណើរតាមផ្លូវអាកាសឲ្យវិលមករកភាពល្អប្រសើរឡើងវិញ។ ការវាយតម្លៃបែបនេះ ធ្វើឡើងក្រោយអ្នកជំនាញរូបនេះមើលឃើញថា កម្ពុជា ក៏ដូចជាពិភពលោកបន្តរងការវាយលុកពីជំងឺរាតត្បាតកូវិដ-១៩ ហើយសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ក៏មិនដឹងថានឹងបញ្ចប់នៅពេលណានោះដែរ។ ភាពមិនច្បាស់លាស់ទាំងនេះនៅតែជាបញ្ហាប្រឈមសម្រាប់ការស្តារវិស័យទេសចរណ៍ ក៏ដូចជាការធ្វើដំណើរតាមផ្លូវអាកាសរបស់កម្ពុជា។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៥ក្រុមហ៊ុនបានដំណើរការហោះហើរឡើងវិញ ដែលជំរុញចំនួនអ្នកដំណើរចូលកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ពីមួយខែ​ទៅមួយខែ។ ក្នុងនោះ កម្ពុជាទទួលបានអ្នកដំណើរជិត១លាន២សែននាក់នៅ៨ខែឆ្នាំ២០២២ កើនឡើងជិត៦០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្ដែ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ជាពេលមិនទាន់មានជំងឺ​កូវីដ-១៩រាតត្បាត ចំនួននេះបន្តធ្លាក់ចុះជាង៧២%។ ចំណែកចំនួនជើងហោះហើរ មានការកើនឡើងជាង១សែន៥ពាន់ជើងនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ មានការកើនឡើង១២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ នៅបន្តធ្លាក់ចុះ៧០%នៅឡើយ៕




អត្ថបទបន្ទាប់


តើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-អាមេរិក មានការប្រែប្រួលយ៉ាងណាខ្លះនៅ៨ខែឆ្នាំ២០២២?

ព័ត៌មាន
ប្រទេសចិន និងសហរដ្ឋអាមេរិក សុទ្ធតែជាទីផ្សារធំៗ និងសំខាន់បំផុតរបស់កម្ពុជា ក្នុងការនាំចេញទំនិញសំខាន់ៗ ដូចជា ផលិតផលកសិកម្ម និងផលិតផលកា…

ថៃ និងវៀតណាមនឹងពិភាក្សាអំពីផែនការដំឡើងថ្លៃទីផ្សារអង្ករពិភពលោក ២០%បន្ថែម នៅខែតុលា

ព័ត៌មាន
ប្រទេសវៀតណាម និងថៃ ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី២ និងទី៣ក្នុងពិភពលោកនោះ នឹងបើកការពិភាក្សាអំពីការដំឡើងថ្លៃអង្ករនាំចេញទៅកាន់ទីផ្សារព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ