ពលរដ្ឋអាមេរិក

ពលរដ្ឋអាមេរិកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ចាប់ពីខែកញ្ញាតទៅ


នៅទីបំផុតអាមេរិកសម្រេចឲ្យពលរដ្ឋខ្លួនចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសទី៣ទាំងអស់គ្នាចាប់ពីខែកញ្ញាតទៅ ! នៅចំពោះមុខភាពមិនប្រាកដប្រជានៃការរីករាលដាលកូវីដ១៩ បំប្លែងខ្លួនថ្មី ឌែលតា បូករួមនឹងការថយចុះប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងទៅតាមពេលវេលាផងដែរនោះ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី២០ខែកញ្ញាខាងមុខនេះតទៅហើយ ខណៈដែលបច្ចុប្បន្នអាមេរិកកំពុងប្រឈមមុខកាន់តែខ្លាំងនឹងការឆ្លងរាលដាលមេរោគបំប្លែងថ្មីឌែលតា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
ពលរដ្ឋអាមេរិកនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣
ដោយ

នាយកដ្ឋាន​សុខាភិបាល​សាធារណៈ​របស់​អា​មេ​រិ​ក​អះអាង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​ផ្តល់​វ៉ាក់សាំង​ដូ​ស​ទី​៣​ឬ​ដូ​ស​ជំរុញ ដល់​ពលរដ្ឋ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ប្រភេទ ម៉ូ​ឌឺ​ណា និង ហ្វា​យ​ហ្សឺ រួច យ៉ាង​ហោច​ណាស់​៨​ខែ​។ ប្រការ​នេះ បាន​ចោទ​ជា​សំណួរ​ឡើង​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង Johnson & Johnson តែ​មួយ​ដូ​ស ថា​តើ​ពួ​គ​គេ​ត្រូវ​ចាក់​ដូ​ស​ជំរុញ​ដែរ​ឬ​យ៉ាងណា? 

ជាក់ស្តែង បើ​តាម​មន្ត្រី​សេត​វិមាន​អា​មេ​រិ​កបាន​គូសបញ្ជាក់​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង Johnson & Johnson តែ​មួយ​ដូ​ស ក៏​តម្រូវ​ឲ្យ​ចាក់​ដូ​ស​ជំរុញ​ដូច​គ្នា​ដែរ គ្រាន់តែ​គេ​មិន​ទាន់​បាន​សម្រេច​ពី​ប្រភេទ​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ​សម្រាប់​ដូ​ស​ជំរុញ​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ចូ បៃ​ឌិន បាន​គូសបញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ជា​វិធី​ល្អ​បំផុត​ដើម្បី​ការពារ​ខ្លួន ពី​ការ​ឆ្លង​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា​។ លោក ចូ បៃ​ឌិន បាន​លើក​ឡើង​ថា វា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព​យូរ​ជាង​មុន និង​ឆាប់​បាន​ឈាន​ទៅ​បិទ​បញ្ចប់​ជំងឺ​រាតត្បាត​នេះ បាន​លឿន​ជាង​មុន​ផង​ដែរ​។

បើ​តាម​ការ​គ្រោងទុក​ជំហាន​ដំបូង រដ្ឋាភិបាល​អា​មេ​រិ​ក គ្រោង​នឹង​ផ្តល់​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ​ប្រមាណ ១០០​លាន​ដូ​ស ដោយ​ចែកចាយ​ទៅ​កាន់​តំបន់​តូច​ធំ​ជាង ៨​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​អា​មេ​រិ​ក​តែ​ម្តង​។ 

តើ​អា​មេ​រិ​ក​មើលឃើញ​ពី​ភាព​ចាំបាច់​អ្វីខ្លះ ដែល​ប្រញាប់ប្រញាល់​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ដូច​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​យ៉ាង​ដូច្នេះ?

បើ​តាម​ការ​អះអាង​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ បាន​បញ្ជាក់​ថា មាន​មូលហេតុ​ធំ​ៗ​ចំនួន​ពីរ​ដែល​ជំរុញ ឲ្យ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ទូ​ទាំង​ប្រទេស​នេះ​។ មូលហេតុ​ទី​១ គឺ​ការ​ធ្លាក់​ចុះ​ប្រសិទ្ធិ​ភាព​ការពារ​របស់​វ៉ាក់សាំង​ក្រោយ​ពី​ចាក់​បាន ៦​ខែ ឬ​ច្រើន​ជាង​នេះ ជា​ពិសេស​ខែល​ការពារ​មេរោគ​កូ​វី​ដ បាន​ធ្លាក់​ចុះ​ខ្លាំង សម្រាប់​មនុស្ស​ចាស់​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​។

មូលហេតុ​ទី​២ គឺ​ការ​កម្រើក​ឡើង​វិញ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ នូវ​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​តែ​ម្តង​។ ទិន្នន័យ​បង្ហាញ​ថា មួយ​រយៈ​ចុង​ក្រោយ សហរដ្ឋអាមេរិក​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ចំនួន​ជាង ៥០០​នាក់​ក្នុង​មួយ​ថ្ងៃ ខណៈ​ករណី​ឆ្លង​ថ្មី​បាន​កើនឡើង​ពី​១​ម៉ឺន​ករណី​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែកក្កដា កើនឡើង​ដល់​ជាង ១៥​ម៉ឺន​នាក់​ក្នុង​ខែសីហា​នេះ ដែល​ភាគច្រើន ជា​ករណី​មេរោគ​ឌែ​លតា​។

តាម​ការ​សិក្សា​មួយ​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer-BioNTech បាន​បង្ហាញ​ថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ខ្លួន គឺ​នឹង​មានការ​ធ្លាក់​ចុះ​ទាប​ជាង​មុន​បន្ទាប់​ពី​ការ​ចាក់​ដូ​ស​ទី ២ រួច​ក្រោយ​រយៈពេល​៦​ខែ ពោល​គឺ​ធ្លាក់​ចុះ​ប្រសិទ្ធភាព ១៣​ពិន្ទុ​ភាគរយ ដូច្នេះ​ហើយ ទើប​ខាង​ក្រុមហ៊ុន​បាន​ស្នើ​ទៅ​ដល់​រដ្ឋាភិបាល​អា​មេ​រិ​ក​ឲ្យ​មានការ​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ​ប្រជាពលរដ្ឋ​អា​មេ​រិ​កាំ​ង​។

សូម​ជម្រាប​ថា នៅ​ចំពោះ​មុខការ​គម្រាមកំហែង​នៃ​មេរោគ​កូ​វី​ដ​១៩​ឌែ​លតា​នៅ​ទូ​ទាំង​ពិភពលោក មិនមែន​មាន​តែ​សហរដ្ឋអាមេរិក​នោះ​ទេ ដែល​កំពុង​ចាត់ចែង​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​។ ក្នុង​នោះ​មាន​ប្រទេស​ជា​ច្រើន​រួច​ហើយ ដែល​បាន​និង​កំពុង​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ប្រជាជន​ខ្លួន ក្នុង​នោះ​មាននៅ​អឺរ៉ុប អា​រ៉ាប់ និង តំបន់​អាស៊ី​អាគ្នេយ៍ ជាក់ស្តែង​រួម​មាន​កម្ពុជា​យើង​ក៏​កំពុង​ចាក់​ដូ​ស​ជំរុញ​នេះ​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF បិទខ្ទប់សិទ្ធិដកយកទុនបម្រុង៤៤០លានដុល្លាររបស់អាហ្វហ្គានីស្ថាន

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិបានឲ្យដឹង ថា ខ្លួនបានផ្អាកការប្រើប្រាស់ធនធានរបស់ខ្លួនសម្រាប់ផ្ដល់ឲ្យប្រទេសអាហ្វហ្គានីស្ថានមួយរយៈសិន ក្នុងនោះ…

អូស្រ្តាលីចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី

ព័ត៌មាន
រដ្ឋាភិបាលអូស្រ្តាលី តាមរយៈភាពជាដៃគូមេគង្គ-អូស្រ្តាលី នឹងផ្ដល់នូវធនធានថ្មី ដើម្បីគាំទ្រការធ្វើទំនើបកម្ម ដល់វិស័យកសិកម្មកម្ពុជា និងការអភិវឌ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ