បំណុលជាតិអាមេរិកកើនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

បំណុលជាតិអាមេរិកកើនដល់៣០ទ្រីលានដុល្លារ ជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ


បំណុលជាតិអាមេរិកបានបំបែកនូវតួលេខកំណត់ត្រាថ្មី នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានកើនឡើងដល់៣០ទ្រីលានដុល្លារអាមេរិក។ នេះបើតាមតួលេខពីក្រសួងហិរញ្ញវត្ថុអាមេរិក ដែលបានផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ។
បំណុលជាតិអាមេរិកកើនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

បំណុល​ជាតិ​អា​មេ​រិ​ក ត្រូវ​បាន​កើនឡើង​ខ្លាំង​នៅ​គ្រា​ដែល​រដ្ឋាភិបាល​មានការ​ខ្ចីប្រាក់​បន្ថែម​កាន់តែ​ច្រើន នៅ​អំឡុង​ពេល​វិបត្តិ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩ ដោយសារ​តែ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ត្រូវ​ចំណាយ​ដ៏​ច្រើន​លើសលុប​ក្នុង​ការ​ទប់ទល់​សេដ្ឋកិច្ច​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ តួយ៉ាង បំណុល​ជាតិ​អា​មេ​រិ​ក បាន​កើនឡើង​បន្ថែម ៧​ទ្រី​លាន​ដុល្លារ​ឯណោះ គិត​តាំងពី​ចុងឆ្នាំ​២០១៩​មក​ទល់​ដើមឆ្នាំ​២០២២​នេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន CNN​។

ចំពោះ​សហរដ្ឋអាមេរិក វា​ពិតជា​ពិបាក​ដឹង​បាន​ណាស់​ថា តើ​បំណុល​ប៉ុន្មាន​ទើប​ច្រើន​ហួសហេតុ​នោះ ប៉ុន្ដែ នៅ​រយៈពេល​ចុង​ក្រោយ​នេះ ទំហំ​បំណុល​ជាតិ​អា​មេ​រិ​ក​ដែល​ជំពាក់​មិន​ទាន់​សង​រួច​បាន​កើនឡើង​កាន់តែ​ខ្ពស់​មិន​ធ្លាប់​មាន នៅ​ចំ​ពេល​ដែល​ការ​ចំណាយ​លើ​ការ​ខ្ចី​បំណុល​ពិសេស​អត្រា​ការ​ប្រាក់​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​កាន់តែ​ខ្ពស់​ថែម​ទៀត​ដែរ​។

បន្ទាប់​ពី​អត្រា​ការ​ប្រាក់​មាននៅ​ក្នុង​កម្រិត​ទាប​បំផុត​នៅ​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ឥឡូវនេះ ធនាគារកណ្ដាល​អា​មេ​រិ​ក​កំពុង​ផ្លាស់​ប្ដូរ​គោលនយោបាយ​របស់​ខ្លួន ទៅ​ជា​របៀប​ប្រយុទ្ធ​ទប់ទល់​នឹង​អតិផរណា​វិញ​។ ធនាគារកណ្ដាល​អា​មេ​រិ​ក​កំពុង​មាន​ផែនការ ដាក់​ចេញ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​កម្ចី ដោយ​គេ​រំពឹង​ថា ការ​ដំឡើង​អត្រា​ការ​ប្រាក់ ក៏​ដូច​ជា​សេវា​ខ្ចី​បំណុល​កាន់តែ​ខ្ពស់​ជាង​មុន នឹង​អាច​ជួយ​ទប់ទល់​ការ​កើនឡើង​នៃ​កម្រិត​បំណុល និង​អតិរ​ផ​ណា​។

លោក David Kelly ប្រធាន​យុទ្ធសាស្ត្រ​សកល​នៅ​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ JPMorgan បាន​និយាយ​ថា ផែនការ​ដំឡើង​អត្រា​ការ​ប្រាក់​ទប់ទល់​នឹង​អតិផរណា​របស់​អា​មេ​រិ​ក​នេះ វា​មិនមែន​មាន​ន័យ​ថា​នឹង​មាន​វិបត្តិ​នៅ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ ប៉ុន្ដែ មាន​ន័យ​ថា​ពលរដ្ឋ​អា​មេ​រិ​ក​នឹង​មាន​ជីវភាព​អន់​ថយ​ជាង​មុន​នៅ​ក្នុង​រយៈពេល​វែង​។

បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​សហព័ន្ធ​អា​មេ​រិ​ក មាន​ជំពាក់​បំណុល​វិនិយោគ​បរទេស និង​អន្តរជាតិ រហូត​ដល់​ទៅ​ជិត​៨​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ភាគច្រើន​ជំពាក់​វិនិយោគ​ជប៉ុន និង​ចិន ហើយ​បំណុល​ទាំងនោះ ត្រូវការ​សង​ត្រឡប់​ទៅ​វិញ​ជាមួយនឹង​ការ​ប្រាក់​ផង​ដែរ​។ ត្រង់​ចំណុច​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​ពន្យល់​ថា ក្នុង​ន័យ​នេះ គឺ​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ដែល​មានកា​ត្វ​កិច្ច​បង់ពន្ធ​ទាំងអស់ នឹង​ត្រូវ​ចំណាយ​ទូទាត់​សម្រាប់​ការ​ចូល​និវត្តន៍​ទៅ​ឲ្យ​ពលរដ្ឋ​ចិន និង​ជប៉ុន ដែល​ជា​ម្ចាស់បំណុល​របស់​ខ្លួន​។

ក្នុង​ចំណោម​បំណុល​ជាតិ​អា​មេ​រិ​ក​សរុប​៣០​ទ្រី​លាន​ដុល្លារ​នោះ រួម​មាន ជាង​២៣​ទ្រី​លាន​ដុល្លារ គឺជា​បំណុល​ដែល​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ជំពាក់​សាធារណជន ដូច​ជាតា​មរយៈ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជាដើម​។ ដោយឡែក បំណុល​ជាង​៦​ទ្រី​លាន​ដុល្លារ​ទៀត គឺ​កាន់កាប់​ដោយ​អន្តររដ្ឋាភិបាល​។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការ​របស់​ក្រសួង​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​។

បំណុល​ជាតិ​អា​មេ​រិ​ក​កើនឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​មាន​មួយ​ផ្នែក​ត្រូវ​បាន​ជំរុញ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​២០០៨ ហើយ​បន្ទាប់​មក​គឺ​វិបត្តិ​មេរោគ​រាតត្បាត​កូ​វី​ដ​១៩​នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​តែ​ម្ដង​។ តួយ៉ាង​នៅ​ឆ្នាំ​២០០៧ បំណុល​ជាតិ​អា​មេ​រិ​ក​មាន​ត្រឹមតែ​ជាង​៩​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​។ ហើយ​គិត​ត្រឹម​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់​ត្រាំ ចូល​កាន់​តំណែង​ដំបូង​នៅ​ដើមឆ្នាំ​២០១៧ គឺ​បំណុល​ជាតិ​អាម​រិ​ក​មាន​ជិត​២០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​នៅ​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បំណុល​ជាតិ​អា​មេ​រិ​កបាន​កើនឡើង​ប្រមាណ​១០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​រង​នូវ​វិបត្តិ​ជំងឺ​រាតត្បាត​ក្ដី ប៉ុន្ដែ​សេដ្ឋកិច្ច​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១ នៅ​តែ​រក្សា​បាន​កំណើន​ខ្ពស់​ដល់​ទៅ ៥,៧% ជា​អត្រា​ខ្ពស់​បំផុត​គិត​តាំងពី​ឆ្នាំ​១៩៨៤​មក ក្រោយ​ពី​បាន​ដាំ​ក្បាល​ចុះ ៣,៤% កាលពី​ឆ្នាំ​២០២០​។ ដោយឡែក នៅ​ឆ្នាំ​២០២២​នេះ សេដ្ឋកិច្ច​អា​មេ​រិ​ក​ត្រូវ​បាន​ក្រុម​សេដ្ឋវិទូ​រំពឹង​ថា អាច​នឹង​កើន ៣,៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីពាណិជ្ជកម្មអាមេរិកនិយាយថា ចិនបានបរាជ័យក្នុងការបំពេញតាមការប្ដេជ្ញាចិត្តក្នុងដំណោះស្រាយពាណិជ្ជកម្មដំណាក់កាលទី១

ព័ត៌មាន
តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនបានបរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្រោមកិច្ចព្រមព្រ…

ចិនគ្រោងនឹងបង្កើតអង្គភាពពិសេសមួយ ដើម្បីសហការផលិតបន្ទះឈីបជាមួយក្រុមហ៊ុនបរទេសជាច្រើន

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងបង្កើតអង្គភាពពិសេសមួយ ដែលដើរតួជាអ្នកសម្របសម្រួលកិច្ចសហការរវាងក្រុមហ៊ុនក្នុងស្រុក និងរោងចក្រផលិតបន្ទះឈីបក្រៅប្រទេសដូចជា Int…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ