អាជីវកម្មរ៉ែមាស

គម្រោងអាជីវកម្មរ៉ែមាសធំមួយទៀតនៅខេត្តកំពង់ធំ មានលទ្ធភាពចម្រាញ់មាសបានប្រហែល១៨០គីឡូក្រាមក្នុងមួយឆ្នាំ


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ថ្មីៗនេះ បានសម្រេចអនុម័តលើគម្រោងនិយោគអាជីវកម្មរ៉ែមាសដ៏ធំមួយទៀត ដែលមានតម្លៃដើមទុនវិនិយោគ១៣លានដុល្លារ នៅក្នុងខេត្តកំពង់ធំ។ បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា គម្រោងនេះ អាចនឹងចាប់ផ្ដើមអាជីវកម្មរបស់ខ្លួននៅឆ្នាំ២០២៣ខាងមុខនេះ ខណៈគិតមកទល់បច្ចុប្បន្ន មានតែក្រុមហ៊ុនចំនួន៨ហើយ ដែលទទួលបានអាជ្ញាបណ្ណរុករក និងចម្រាញ់រ៉ែមាសនៅកម្ពុជា។
គម្រោងអាជីវកម្មរ៉ែមាសធំមួយទៀតនៅខេត្តកំពង់ធំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តគម្រោងវិនិយោគអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD មានទីតាំងវិនិយោគ ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ​បានចំនួន ៣០០កន្លែង ដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

បើតាម​ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋាន​ក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ដែរថា គម្រោងអាជីវកម្មរ៉ែមាស​នៅក្នុង​ខេត្ត​កំពង់ធំនេះ ជាអាជីវកម្មកម្រិតមធ្យម ដូច្នេះ អាចផលិតរ៉ែមាស ប្រមាណ ១៨០គីឡូក្រាម ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ យ៉ាងណាមិញ អគ្គនាយកនៃអគ្គនាយកដ្ឋានរូបនេះ បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុនអាជីវកម្មរ៉ែ ដែលស្ថិតក្នុងខេត្តកំពង់ធំ នេះអាចនឹងចាប់ផ្ដើមធ្វើអាជីវកម្ម នៅអំឡុងខែសីហា ឆ្នាំ២០២៣ ខាងមុខ។

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចំនួន៨ ដើម្បីរុករក និងចម្រាញ់រ៉ែមាសនៅកម្ពុជា។ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុនអូស្ត្រាលី​ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត មួយប៉ុណ្ណោះ ​ដែលបានបើករោងចក្រចម្រាញ់​រ៉ែមាស​​ជាលក្ខណៈឧស្សាហកម្ម​ទ្រង់ទ្រាយ​នៅកម្ពុជា ដែលមានផែនការផលិតរ៉ែមាស ៣,៦តោន ក្នុងមួយឆ្នាំ។ ចំណែកក្រុមហ៊ុនផ្សេងៗ ទៀតកំពុងស្ថិតក្នុងដំណាក់កាលសិក្សា រុករក និងចម្រាញ់សាកល្បង។ បើតាមថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល រហូតមកដល់ពេលនេះ កម្ពុជា ផលិតបានរ៉ែមាសសរុបជាង ៣ ៨០០គីឡូក្រាម ខណៈរាជរដ្ឋាភិបាល​ទទួលបានចំណូល​សួយសារជិត ៦លានដុល្លារអាមេរិក ចូលថវិកាជាតិ។

ជុំវិញបច្ចុប្បន្នភាព​នៃវិស័យរ៉ែ វិញត្រូវបានឯកឧត្តម អ៊ឹង ឌីប៉ូឡា កត់សម្គាល់ឃើញថា បានបន្តរីកចម្រើនជាបន្តបន្ទាប់ ពិសេសចំណូលដែលប្រមូលបានពីវិស័យរ៉ែ តែម្ដង ព្រោះកម្ពុជា មានសក្ដានុពលលើវិស័យនេះ។ បើតាមអគ្គនាយកដ្ឋានធនធានរ៉ែ ខេត្តដែលមានសក្ដានុពលលើវិស័យរ៉ែមាស មានដូចជា មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ធំ ព្រះវិហារ និងបាត់ដំបង ជាដើម។ យ៉ាងណាមិញ ដើម្បីចូលរួមអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត អគ្គនាយកដ្ឋានធនធានរ៉ែរូបនេះ ក៏បានបង្ហាញការស្វាគមន៍ជានិច្ច​ចំពោះក្រុមហ៊ុន​វិនិយោគ ដែលមានបំណងវិនិយោគក្នុងវិស័យឧស្សាហកម្មរ៉ែ នៅកម្ពុជា៕




អត្ថបទបន្ទាប់


ធនាគារជាតិព្យាករថា អត្រាអតិផរណានៅកម្ពុជាអាចនឹងថយចុះទាបជាង ៥% នៅឆមាសទី២ ឆ្នាំ២០២២

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានព្យាករពីអត្រាអតិផរណារបស់កម្ពុជា ថានឹងអាចថយចុះទាបជាង៥% នៅឆមាសទី២ ក្នុងឆ្នាំ២០២២ ដោយផ្អែកទៅលើការងើបឡើងវិញនៃសេដ្…

ឥណ្ឌារឹតត្បិតការនាំចេញអង្កររបស់ខ្លួន កំពុងបង្កការគំរាមកំហែងកាន់តែខ្លាំងដល់អតិផរណាពិភពលោក

ព័ត៌មាន
ប្រទេសឥណ្ឌាដែលជាអ្នកដឹកនាំចេញអង្ករដ៏ធំបំផុតរបស់ពិភពលោកបានរឹតបន្តឹងការនាំចេញផលិតផលចំណីអាហារសំខាន់ៗមួយចំនួនដែលភាគច្រើនតែត្រូវបាននាំចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ