ចំណូលក្រុមហ៊ុនApple

ចំណូលក្រុមហ៊ុនAppleកើនដល់ជិត ១០០ពាន់លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ


ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារទី២៦មេសា បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាថ្មី របស់ក្រុមហ៊ុន ដែលបានកើនឡើងប្រមាណ៩%សម្រាប់បីខែដំបូងឆ្នាំ២០២២នេះ។ កំណើនប្រាក់ចំណូលរបស់ខ្លួន ត្រូវបាន Apple ឲ្យដឹងថា ជាការជំរុញដោយការលក់ទូរសព្ទ័ iPhone។
ក្រុមហ៊ុនAppleកើនចំណូលជិត១០០ពាន់លានដុល្លារ
ដោយ

យ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា​យក្សរបស់​សហរដ្ឋអាមេរិកមួយនេះ កំពុងប្រឈមមុខនឹងទីផ្សារ​ដ៏តានតឹងមួយនៅចំពោះមុខ នោះគឺទីផ្សារក្នុងប្រទេសចិន ខណៈដែលចិន បច្ចុប្បន្នកំពុងមានការកើនឡើងករណីឆ្លង​កូវីដ១៩ដ៏ខ្លាំងក្លាមិនធ្លាប់មាន ស្របពេលដែលនិន្នាការនៃការលក់នៅចិន​បានចាប់ផ្តើម មានទំនោរធ្លាក់ចុះផងដែរ ទោះបីជាមិនទាន់ធ្លាក់ចុះខ្លាំង​ណាស់ណាក៏ដោយ។ ក្រៅពីនេះ ការដាក់បម្រាម និងការបិទខ្ទប់ក្នុង​ទីក្រុងធំៗដូចជាប៉េកាំង និងសៀងហៃជាដើម បានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ របស់ក្រុមហ៊ុននៅទីនោះទៀតផង។

ប្រាក់ចំណូលសរុបរបស់ Apple បានកើនឡើង៩% ក្នុងបីខែដំបូងឆ្នាំនេះដល់ទៅជាង៩៧ពាន់លានដុល្លារ។ កំណើននេះ លើសពីការព្យាកររបស់ស្ថាប័ន Wall Street នៅសហរដ្ឋអាមេរិកទៅទៀត។

ក្នុងនោះប្រាក់ចំណូលពីការលក់​ប្រភេទទូរសព្ទ iPhone បានកើនឡើង ៥,៥% ក្នុងឆ្នាំនេះដល់ទឹកប្រាក់ជាង៥០ពាន់លានដុល្លារ បើទោះបីជាមានឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ខ្លះក៏ដោយ។ បន្ទាប់ពីរយៈពេលជាងមួយឆ្នាំចុងក្រោយនៃកំណើនប្រាក់ចំណូលដល់ទៅពីរខ្ទង់នៅក្នុងប្រទេសចិន ដែលគ្របដណ្តប់ទាំងចិនដីគោក ហុងកុង និងតៃវ៉ាន់ ពេលនេះប្រាក់ចំណូលរបស់ Apple ក្នុងប្រទេស និងដែនដីទាំងនេះ បានកើនឡើងត្រឹមតែ ៣,៥%ប៉ុណ្ណោះ ក្នុងទឹកប្រាក់ជាង១៨ ពាន់លានដុល្លារ។

ក្រុមហ៊ុន Apple បាននិយាយថា ការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិនគឺ មួយផ្នែកដោយសារតែ ការបញ្ចេញលក់ទូរសព្ទ iPhone លើទីផ្សារប្រទេសចិនក្នុងពេលវេលាមិនដូចគ្នានៅ ២ឆ្នាំចុងក្រោយនេះ ដែលវាបានបង្កឱ្យមានការប្រែប្រួលនៃតម្រូវការ ប៉ះពាល់ដល់ចរន្តនៃការទិញរបស់អតិថិជនក្នុងអំឡុងត្រីមាសទី១ពីខែមករាដល់ខែមីនា។

បន្ថែមពីលើនេះ Apple អះអាងថា នៅពេលដែលទីក្រុងស៊ាងហៃឈានចូលដល់ខែទីពីរនៃការបិទខ្ទប់ទីក្រុង ហើយក្រុងនិងតំបន់ជាច្រើនទៀតនៅក្នុងប្រទេសចិនប្រឈមនឹងការរឹតបន្តឹងសុវត្ថិភាពដែរនោះ តម្រូវការពីអតិថិជនសម្រាប់ផលិតផលរបស់ Apple នៅក្នុងប្រទេសចិន អាចនឹងធ្លាក់ចុះបន្ថែមទៀត។

យ៉ាងណាមិញ បញ្ហារបស់ Apple នៅចិនមិនមែនដោយសារការលក់ធ្លាក់ចុះនោះទេ មែនទែនទៅតម្រូវការសម្រាប់ផលិតផល iPhone នៅតែអាចមានច្រើនដដែល ប៉ុន្តែបញ្ហាពិតប្រាកដនោះគឺជាការផ្គត់ផ្គង់ពីរោងចក្រក្នុងប្រទេសចិនទៅវិញទេ។ ការវិភាគរបស់ Nikkei បង្ហាញថា ជាងពាក់កណ្តាលនៃអ្នកផ្គត់ផ្គង់សំខាន់ៗចំនួន ២០០ របស់ក្រុមហ៊ុន Apple មានទីតាំងនៅក្នុងទីក្រុងសៀងហៃ និងតំបន់ជុំវិញនោះ ដែលសុទ្ធសឹងតែកំពុងស្ថិតក្នុងការបិទខ្ទប់ និងការរឹតបន្តឹងចរាចរណ៍ដោយសារតែកូវីដ១៩។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា ចំណូល Apple សម្រាប់ត្រីមាសទី២ឆ្នាំនេះ អាចនឹងធ្លាក់ចុះមកនៅចន្លោះពី ៤ទៅ៨ ពាន់លានដុល្លារប៉ុណ្ណោះ។

សូមជ​ម្រាបថា Apple រកចំណូលបានច្រើនសម្បើមណាស់នៅសហរដ្ឋអាមេរិកពោលគឺបានកើនឡើងជាង ១៩% គិតជាទឹកប្រាក់ជាង ៤០ពាន់លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះ។ ខណៈប្រាក់ចំណូលនៅប្រទេសជប៉ុនបានធ្លាក់ចុះតែ ០,២%ប៉ុណ្ណោះ ក្នុងទឹកប្រាក់ ៧ពាន់រយលានដុល្លារ រីឯប្រាក់ចំណូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញបានធ្លាក់ចុះ ៦,៧% គិតជាទឹកប្រាក់មាន ៧ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


NATO ចេញមុខធានាថា នឹងជួយគាំទ្រអ៊ុយក្រែនធ្វើសង្គ្រាមទប់ទល់រុស្ស៊ី ទោះក្នុងពេលច្រើនឆ្នាំទៀតក៏ដោយ

ព័ត៌មាន
អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ទី២៨មេសា បានឲ្យដឹងថា អង្គការសម្ព័ន្ធយោធាមួយនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការគាំទ្ររបស់ខ្លួនស…

វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ គ្រូបង្រៀន និងបុគ្គលិកធនាគារាប់រយនាក់ចូលរួមដើរក្បួនតវ៉ាទ្រង់ទ្រាយធំ

ព័ត៌មាន
ក្រុមគ្រូបង្រៀន បុគ្គលិកស្ថានីយរថភ្លើងរបស់រដ្ឋ និងបុគ្គលិកធនាគារជាច្រើនរាប់រយនាក់បាននាំគ្នាចូលរួមដើរជាក្បួនតវ៉ារបស់មហាជន ដែលដឹកនាំដោយគណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ