រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ប្រទេសមហាអំណាចនិងប្រទេសក្នុងតំបន់ណាខ្លះបានប្រតិកម្មតវ៉ាចំពោះការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា?


សំឡេងថ្កោលទោស និង ប្រតិកម្មចេញពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់ ក្រោយហេតុការណ៍រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីព្រឹកព្រលឹមថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១។ សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភ នឹងអំពាវនាវឲ្យក្រុមយោធាគោរពលទ្ធិប្រជាធិបតេយ្យ ដែលកើតចេញពីការបោះឆ្នោតដោយពលរដ្ឋភូមារាប់លាននាក់ និងទាមទារផងដែរឲ្យដោះលែងលោកស្រី Aung San Su Kyi និងក្រុមថ្នាក់ដឹកនាំស៊ីវិល។ នេះបើតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មានជប៉ុន Nikkei។
ទាហានមីយ៉ាន់ម៉ាដើរនៅក្បែរបរិវេណសភាក្នុងទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ (រូបភាព៖ Reuters)

កាលពីថ្ងៃទី២កុម្ភៈ សារព័ត៌មានជប៉ុន ក៏បានដកស្រង់សំដីរបស់លោក Joe Biden ប្រធានាធិបតីទើបចូលកាន់ដំណែងថ្មីនៅអាមេរិក ដែលបានថ្លែងថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងលើការធ្វើរដ្ឋប្រហារយោធានៅភូមា ដែលជាការក្តិចត្រួយលទ្ធិប្រជាធិបតេយ្យ ដែលទើបនឹងរីកឡើងកាលពីខែវិច្ឆិកាឆ្នាំ២០២០ ក្រោមសំឡេងឆ្នោតរបស់ពលរដ្ឋភូមារាប់លាននាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសនោះគឺថា ប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សលេខ១លើពិភពលោក អាមេរិច ហាក់បីដូចជាឡូឡាខ្លាំងជាងគេ ករណីរឿងរដ្ឋប្រហារនៅភូមា ប៉ុន្តែមហាយក្សចិនឯណោះវិញ ហាក់បីដូចជាមិនសូវមាត់កនោះទេ- អាមេរិកបានអំពាវនាវឲ្យមជ្ឈដ្ឋានអន្តរជាតិនានា និងជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីក្បែរខាងមីយ៉ាន់ម៉ា ឲ្យរួមជាសម្លេង ដាក់សម្ពាធឲ្យយោធាមីយ៉ាន់ម៉ាប្រគល់អំណាច និងដោះលែងមន្ត្រីធំៗរបស់បក្សប្រជាធិបតេយ្យមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung San Sun Kyi ដែលពួកយោធាបានចាប់បង្ខាំងទុកតាំងពីព្រឹកថ្ងៃច័ន្ទ។

ដោយឡែក ប្រទេសចិន ដែលជារឿយៗត្រូវបានគេសង្កេតឃើញថា មានភាពស្និទ្ធស្នាលនឹងពួកយោធាភូមា នៅមិនទាន់មានប្រតិកម្មអ្វីឡើយជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ាលើកនេះ។

ប្រការនេះត្រូវបានសហរដ្ឋអាមេរិកមើលឃើញថា ធ្វើឲ្យមីយ៉ាន់ម៉ាឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ ហើយបែរទៅមានភាពស្និទ្ធស្នាលនឹងចិន ដែលប្រកាន់របបកុម្មុយនិស្តថែមទៀត។

ទោះយ៉ាងណា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់អាមេរិកថា៖«រាល់សកម្មភាពណាក៏ដោយ សហគមន៍អន្តរជាតិបានអនុវត្តគួរតែធ្វើយ៉ាងណា ចៀសវាងបង្កើនកំដៅដល់ជម្លោះនិងធ្វើឲ្យស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែស្មុគស្មាញ»។

យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ មិនបាន ថ្លែងថ្កោលទោសឲ្យចំៗ ទៅលើការធ្វើរដ្ឋប្រហារយោធានេះទេ ដោយលោកលើកឡើងថា ចិនកំពុងតែសង្កេតតាមដាន ដើម្បីស្វែងយល់ស្ថានការណ៍នយោបាយ នៅភូមាឲ្យបានច្បាស់។ 

កាលពីថ្ងៃច័ន្ទទី១កុម្ភៈភ្លាមៗ ក្រោយពេលរដ្ឋប្រហារកើតឡើង ក្រសួងការបរទេស ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី បានចេញសេចក្តីថ្លែងការណ៍ទទួចឲ្យភាគគីជម្លោះទាំង២នៅភូមា ស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចាគ្នា និងដោះស្រាយដោយសន្តិវិធី។

ផ្ទុយពីនេះ រដ្ឋាភិបាលថៃរបស់លោក Prayut Chan-o-Cha ហាក់ព្យាយាមនៅឆ្ងាយពីស្ថានការណ៍នេះ ដោយមិនចង់សំដែងការយល់ឃើញអ្វីច្រើន ពាក់ព័ន្ធក្នុងបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ ព្រោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសរបស់ខ្លួនក៏មិនមានស្ថេរភាពប៉ុន្មានដែរ។ លោក Prayut ថែមទាំងបានផ្តាំទៅអ្នកសារព័ត៌មានឲ្យចុះផ្សាយឲ្យបានត្រឹមត្រូវចៀសវាង ប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃនិងមីយ៉ាន់ម៉ា។ 

មិនខុសគ្នាពីរដ្ឋាភិបាលថៃប៉ុន្មានទេ នៅចំពោះមុខរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងក្នុងពីធី បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន កាលពីថ្ងៃច័ន្ទទី១កុម្ភៈថា កម្ពុជានឹងមិនធ្វើការអត្ថាធិប្បាយអំពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២១ បុរី ប៉េង ហួត ចាប់ផ្ដើម​សាងសង់​គម្រោងថ្មី​បែប​អេកូ​ធម្មជាតិ ៣បន្ថែមទៀត

ព័ត៌មាន
កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស…

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ យោធាបើកព្រលានយន្តហោះឡើងវិញ ក្រោយបិទអស់២ថ្ងៃ

ព័ត៌មាន
ក្រោយផ្អាកដំណើរការអាកាសយានដ្ឋានអន្តរជាតិធំជាងគេក្នុងទីក្រុងយាំងហ្គនអស់ពេល២ថ្ងៃ អាកាសចរណ៍ជាតិមីយ៉ាន់ម៉ាបានសម្រេចឲ្យបើកដំណើរការឡើងវិញចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ