អាស៊ានព្រមព្រៀងគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត

មេដឹកនាំអាស៊ានយល់ព្រមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត


មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានយល់ព្រមរឹតបន្តឹងការគ្រប់គ្រងព្រំដែននិងការអនុវត្តច្បាប់ ហើយធ្វើឱ្យប្រសើរឡើងនូវការអប់រំសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនដែលកំពុងជួញដូរកម្មករពីប្រទេសមួយទៅប្រទេសមួយតាមរយៈការបោកប្រាស់តាមអ៊ីនធឺណិត។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃព្រហស្បតិ៍នាចុងបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ដែលមានឥណ្ឌូនេស៊ីជាប្រធានប្តូរវេន។ ទីភ្នាក់ងារសារព័ត៌មាន AP ធ្វើសេចក្ដីរាយការណ៍អំពីរឿងនេះ។
អាស៊ានព្រមព្រៀងគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត

មេដឹកនាំអាស៊ានបានជួបប្រជុំគ្នានៅទីក្រុង ឡាបូន បាចូ (Labuan Bajo) ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្ហាញអំពីការព្រួយបារម្ភរួមគ្នាចំពោះ«ការកើនឡើងនៃការរំលោភបំពានដោយប្រើបច្ចេកវិទ្យាក្នុងការរៀបចំការជួញដូរមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងនៅទូទាំងពិភពលោក ជាអ្វីដែលរីកសាយតាមរយៈការប្រើប្រាស់និងការប្រើដោយបំពាននូវប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវេទិកាអនឡាញផ្សេងទៀត។ នេះបើយោងតាមសំណៅព្រាងនៃសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន។

សេចក្តីព្រាងនោះបានឱ្យដឹងទៀតថា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវេទិកាផ្សេងទៀតដោយក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិត បានធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការជួញដូរមនុស្ស ក៏ដូចជាបានបង្កើនចំនួននិងទំហំនៃសំណុំរឿងផងដែរ។

ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាបញ្ហាចម្បងនៅក្នុងតំបន់ ព្រោះបើតាមរបាយការណ៍ជាច្រើន ប្រជាជនមកពីអាស៊ីនិងតំបន់ផ្សេងទៀតត្រូវបានទាក់ទាញឱ្យទៅធ្វើការនៅក្នុងប្រទេសនានា ដូចជាមីយ៉ាន់ម៉ានិងកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ ជារឿយៗពួកគេបានរកឃើញថា ពួកគេជាប់នៅក្នុងទាសភាពនិម្មិត ហើយត្រូវបានបង្ខំឱ្យចូលរួមក្នុងការបោកប្រាស់ដែលយកអ្នកប្រើប្រាស់អ៊ីនធឺណិតជាគោលដៅ។

បណ្តាញបោកប្រាស់តាមអ៊ីនធឺណិតទាំងនេះទៀតសោធ ជារឿយៗមានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មឆ្លងដែនដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសដែលមានការអនុវត្តច្បាប់ខ្សោយ ហើយទាក់ទាញកម្មករវ័យក្មេងដោយការសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់។ បន្ទាប់មក កម្មករនិយោជិតត្រូវដាក់ឱ្យនៅដាច់ដោយឡែក និងរងការគំរាមកំហែងដោយប្រើអំពើហិង្សា លើកលែងតែពួកគេជោគជ័យក្នុងការបោកប្រាស់ជនរងគ្រោះដែលអាចទាក់ទងតាមទូរស័ព្ទបាន ឱ្យផ្ទេរប្រាក់ទៅក្នុងគណនីធនាគារនៅក្រៅប្រទេស។

សំណៅព្រាងសេចក្តីថ្លែងការណ៍បាននិយាយទៀតថា មេដឹកនាំអាស៊ានបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន ការស៊ើបអង្កេត ការអនុវត្តច្បាប់និងការកាត់ទោស ព្រមទាំងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះទាំងនោះផងដែរ។ លើសពីនេះទៀត សេចក្ដីថ្លែងការណ៍ព្រាងនោះក៏ជំរុញឱ្យមានការកែលម្អកិច្ចខិតខំបង្ការនៅថ្នាក់ជាតិដែរ ក្នុងនោះមានយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈឱ្យកាន់តែប្រសើរឡើង និងការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាទំនើប។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយថា ពលរដ្ឋរបស់ពួកគេចំនួន ២០ នាក់ត្រូវបានដោះលែងនៅក្នុងក្រុង មីយ៉ាវ៉ាឌី ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវបានគេនាំទៅមីយ៉ន់ម៉ា និងបង្ខំឲ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។ ដោយឡែក កម្មករផ្សេងទៀតមកពីអាស៊ីអាគ្នេយ៍ក៏រងគ្រោះដែរ។ ថ្មីៗនេះ អាជ្ញាធរហ្វីលីពីនបាននិយាយថា ជនរងគ្រោះហ្វីលីពីនមួយចំនួនក៏ត្រូវបានជួយសង្គ្រោះពីប្រទេសមីយ៉ាន់ម៉ាដូចគ្នាដែរ ហើយនឹងត្រូវបញ្ជូនត្រឡបទៅប្រទេសកំណើតវិញ។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីឥណ្ឌូណេស៊ី លោក មូហាមេដ ម៉ាហ្វូដ ដែលធ្វើការលើបញ្ហានយោបាយ ច្បាប់ និងសន្តិសុខ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា វាមានការលំបាកសម្រាប់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសដទៃទៀតនៅក្នុងតំបន់ ក្នុងការធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធាតាំងពីឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនិងជួយជនរងគ្រោះ។ លោកបាននិយាយថា អាស៊ានចាំបាច់ត្រូវធ្វើឱ្យមានការវិវឌ្ឍលើសន្ធិសញ្ញាបត្យាប័នក្នុងតំបន់ដែលបានស្នើឡើងជាយូរមកហើយ ដោយវានឹងជួយឱ្យអាជ្ញាធរកាត់ទោសជនល្មើសកាន់តែលឿន និងទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេសG7 នឹងពិភាក្សាគ្នាអំពីបញ្ហាធនាគារ បញ្ហាអ៊ុយក្រែន និងការប្រឈមថ្មីៗ

ព័ត៌មាន
ប្រធានស្ថាប័នហិរញ្ញវត្ថុមកពីក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) ជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចពិភាក្សារយៈពេល៣ថ្ងៃនៅខេត្តនីហ្កាត…

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ថា អឺរ៉ុបត្រូវកាន់ចង្កូតពាណិជ្ជកម្មដោយខ្លួនឯង ដោយមិនត្រូវជ្រើសយកចិន ឬអាមេរិកឡើយ

ព័ត៌មាន
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក រ៉ូប៊ើត ហាបេក បាននិយាយកាលពីថ្ងៃពុធទី១០ឧសភាថា នៅពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិកបាននិងកំពុងប្រទាញប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ