បេតិកភណ្ឌពិភព​លោកនៅ​អាស៊ាន

ក្នុង​​អាស៊ាន តើ​ប្រទេស​ណា​មានតំបន់​​​បេតិកភណ្ឌ​ពិភព​លោក​ច្រើន​ជាង​គេ? កម្ពុជា​មាន​០៣!


ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧ ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ទៀត ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​របស់​អង្គការ​ យូណេស្កូ។ នោះ​គឺ​ប្រាសាទ សម្បូរ​ព្រៃគុក ដែលស្ថិត​ក្នុង​ខេត្ត​កំពង់ធំ ភាគកណ្ដាល​នៃ​ប្រទេស​កម្ពុជា។
ប្រាសាទ​សម្បូរ​ព្រៃគុក ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ។ រូបភាព៖ Chanrasmey Miech-Wikipedia
ដោយ

ប្រាសាទ​សម្បូរ​ព្រៃគុក តាមប្រវត្តិសាស្ត្រ គេ​ស្គាល់ថាជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា ដែលរីកលូត​លាស់​ខ្លាំង​នៅ​ចុង​សតវត្ស​ទី៦ និង​ដើម​សតវត្ស​ទី៧ នៃ​គ្រឹះសករាជ។ 

អតីត​រាជធានី​​មួយ​នេះ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ ២៥​គីឡូម៉ែត្រ​ការ៉េ និង​រួមមាន​ប្រាសាទ​បុរាណ​ជា​ច្រើន។ 

គិត​មក​ទល់​នឹង​ឆ្នាំ​២០១៧នេះ កម្ពុជា​មាន​​តំបន់​​បេតិកភណ្ឌ​ពិភព​លោក (World Heritage Site) ​ចំនួន ៣ ហើយ ដែល​​ទីមួយ គឺ​ប្រាសាទ​អង្គរវត្ត ដែល​ត្រូវ​បាន​អង្គការ​ យូណេស្កូ ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំបន់​​បេតិកភណ្ឌ​ពិភព​លោកដែល​ប្រឈម​នឹង​គ្រោះថ្នាក់ នៅ​ឆ្នាំ​១៩៩២ និង​បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក ឆ្នាំ​២០០៤ ទីពីរ ប្រាសាទ​ព្រះវិហារ នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​ជាប់​នឹង​ប្រទេស​ថៃ ដែល​បាន​ក្លាយ​ជា​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ នៅ​ឆ្នាំ​២០០៨ និង​ទីបី គឺ​ប្រាសាទ សម្បូរ​ព្រៃ​គុក ខាង​លើ​នេះឯង។

ប្រាសាទ​ព្រះវិហារ​នៃ​កម្ពុជា ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ឆ្នាំ​២០០៨។

នៅ​ក្នុង​អាស៊ាន តើ​ប្រទេស​ណា​មាន​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ច្រើន​ជាងគេ?

គិត​ក្នុងក្របខ័ណ្ឌ​ប្រទេស​ជា​សមាជិក​អាស៊ាន វៀតណាម​​និង​ឥណ្ឌូនេស៊ី មាន​តំបន់​​បេតិកភណ្ឌ​ច្រើន​ជាងគេ គឺ​មាន​ដល់​ទៅ ០៨ ដូចគ្នា។

តំបន់​បេតិកភណ្ឌ​ពិភព​លោក​ទាំង​៨ របស់​វៀតណាម រួមមាន៖ 

  1. វិមាន​បុរាណទីក្រុង វ៉េ (Complex of Hué Monuments) 
  2. ឆក​សមុទ្រ​ ហាឡុង (Ha Long Bay) 
  3. ទីក្រុង​បុរាណ ហូយអាន (Hoi An Ancient Town) 
  4. My Son Sanctuary
  5. ឧទ្យានជាតិ Phong Nha-Ke Bang 
  6. កំផែង​ស្ដេច​ ថាងឡុង ក្នុង​ទីក្រុង​ហាណូយ 
  7. កំផែង​ស្ដេច​ ហូ និង 
  8. តំបន់​ទេសភាព Trang An។

ឆក​សមុទ្រ ហាឡុង ប្រទេស​វៀតណាម។ (wikipedia.com)

ឥណ្ឌូនេស៊ី​ មានចំនួន​តំបន់​បេតិកភណ្ឌ​ពិភព​លោក ០៨ ស្មើ​គ្នា​នឹង​ប្រទេស​វៀតណាម​ដែរ។ តំបន់​បេតិកភណ្ឌ​ទាំង​០៨ នោះ រួមមាន៖ 

  1. តំបន់​ប្រាសាទ Borobudur Temple Compounds
  2. ឧទ្យានជាតិ Komodo National Park
  3. តំបន់​ប្រាសាទ Prambanan Temple Compounds
  4. ឧទ្យានជាតិ Ujung Kulon National Park
  5. តំបន់​មនុស្ស​ជំនាន់ដើម Sangiran Early Man Site
  6. ឧទ្យានជាតិ Lorentz National Park
  7. ព្រៃ​ត្រូពិក​ស៊ូម៉ាត្រា Tropical Rainforest Heritage of Sumatra
  8. ទេសភាព​វប្បធម៌​ខេត្ត​បាលី Cultural Landscape of Bali Province: the Subak System as a Manifestation of the Tri Hita Karana Philosophy។

តំបន់​ទេសភាព​វប្បធម៌​នៅ​ខេត្ត​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ (រូបភាព៖ wikipedia.com)

បន្ទាប់ពី​វៀតណាម និង​ឥណ្ឌូនេស៊ី ដែល​ឈរ​នៅ​លេខ​១ ស្ទួនគ្នា គឺ​ប្រទេស​ហ្វ៊ីលីពីន ដែល​ឈរ​នៅ​លេខ​២ នៃ​ប្រទេស​ដែល​មានតំបន់​​បេតិកភណ្ឌ​ពិភព​លោក​ច្រើន​ជាង​គេ នៅ​ក្នុង​អាស៊ាន។

ហ្វ៊ីលីពីន មាន​តំបន់​បេតិកភណ្ឌ​ចំនួន ០៦ ដូច​ខាង​ក្រោម៖ 

  1. តំបន់ព្រះវិហារ​កាតូលិក​ហ្វ៊ីលីពីន Baroque Churches of the Philippines
  2. ឧទ្យានធម្មជាតិ Tubbataha Reefs Natural Park
  3. តំបន់​ទេសភាព​វាលស្រែ Rice Terraces of the Philippine Cordilleras
  4. ទីក្រុង​ប្រវត្តិសាស្ត្រ វីហ្គែន Historic City of Vigan
  5. ឧទ្យានជាតិ​ទន្លេ Puerto-Princesa Subterranean River National Park
  6. ដែន​ជម្រក​សត្វ​ព្រៃ​ជួរ​ភ្នំ Mount Hamiguitan Range Wildlife Sanctuary។

ទីក្រុង​បុរាណ​សុខោទ័យ ប្រទេស​ថៃ។ (រូបភាព៖ Wikipedia)

ឈរ​នៅ​លំដាប់​លេខ​៣ គឺ​ប្រទេស​ថៃ ដែលមាន​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ០៥ ៖ 

  1. ទីក្រុង​ប្រវត្តិសាស្ត្រ​ អាយុធ្យា Historic City of Ayutthaya
  2. ទីក្រុង​ប្រវត្តិសាស្ត្រ​សុខោទ័យ Historic Town of Sukhothai and Associated Historic Towns
  3. ដែន​ជម្រក​សត្វ​ព្រៃ Thungyai-Huai Kha Khaeng Wildlife Sanctuaries
  4. តំបន់​បុរាណវិទ្យា Ban Chiang Archaeological Site
  5. តំបន់​ព្រៃ Dong Phayayen-Khao Yai Forest Complex។

វិហារ​ព្រះពុទ្ធសាសនា​នៅ​លួង​ប្រាបាង ប្រទេស​ឡាវ។ (រូបភាព៖ wikipedia.com)

នៅ​លេខ​ទី៤ ជា​ប្រទេស​ដែល​មាន​តំបន់​បេតិកភណ្ឌ​ច្រើនជាង​គេ​នៅ​ក្នុង​អាស៊ាន គឺ​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​តំបន់​​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ០៤៖

  1. ឧទ្យានជាតិ​ Gunung Mulu National Park
  2. ឧទ្យាន Kinabalu Park
  3. ទីក្រុង​បុរាណនៃ​ជ្រោយ​ម៉ាឡាកា Melaka and George Town, Historic Cities of the Straits of Malacca
  4. បេតិកភណ្ឌ​បុរាណវិទ្យា Archaeological Heritage of the Lenggong Valley។

ជា​ប្រទេស​នៅ​លេខ​ទី៥ ដែលមាន​តំបន់​​បេតិកភណ្ឌ​ពិភព​លោក​ច្រើន​ជាងគេ ក្នុង​អាស៊ាន គឺ​កម្ពុជា​ ដែល​មាន​ចំនួន ៣ ដូចបាន​រៀបរាប់​ខាងលើ។

លេខ​៦ គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែលមាន​តំបន់​​បេតិកភណ្ឌ​ពិភព​លោក​ចំនួន ០២​ គឺ​ទីក្រុង​លួងប្រាបាង និង​វត្ត​ភូ ដែលស្ថិត​នៅ​ក្នុង​តំបន់​ទេសភាព​វប្បធម៌​ចំប៉ាសាក់។ 

លេខ៧ ស្ទួនគ្នា គឺ​សហភាព​មីយ៉ាន់ម៉ា និង​ប្រទេសសិង្ហ​បុរី ដែល​មាន​តំបន់​បេតិកភណ្ឌ​ពិភព​លោក​ម្នាក់ ០១ គឺ​មីយ៉ាន់ម៉ា មាន​តំបន់​ក្រុង​បុរាណ ពីយុ (Pyu Ancient Cities) និង​សិង្ហ​បុរី មាន​សួន​រុក្ខជាតិ​សិង្ហ​បុរី (Singapore Botanic Gardens)។

ដោយឡែក​ចុង​ក្រោយ​គេ ប្រទេស​ប្រ៊ុយណេ គឺ​មិន​ទាន់​មាន​តំបន់​​បេតិកភណ្ឌ​ពិភព​លោក​ នៅ​ក្នុង​បញ្ជី​របស់​អង្គការ យូណេស្កូ នៅ​ឡើយ​ទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សាលា​អន្តរជាតិ​ដែល​ថ្លៃជាង​គេ​នៅ​កម្ពុជា

ព័ត៌មាន
ការ​អប់រំ​កម្រិត​ស្តង់ដារ​អន្តរជាតិ ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ជំរុញ​ឲ្យ​សិស្សានុសិស្ស​រីក​ចម្រើន​ឆាប់​រហ័ស ផ្នែក​គំនិត​ប្រាជ្ញា​ស្មារតី ការ…

ដឹងទេថា ពិធី​​មង្គល​ការ​​មួយ​​នៅ​ភ្នំពេញ​ត្រូវ​ចំណាយ​អស់​​ប៉ុន្មាន?

ព័ត៌មាន
ការ​ចំណាយ​លើ​ការ​រៀប​អាពាហ៍​ពិពាហ៍​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អស់​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ បើធៀប​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ