អាស៊ានមិនអាចធានាថា មិនឲ្យមានទំនាស់ និងសង្គ្រាមឡើយ

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនអាចធានាថា មិនឲ្យមានទំនាស់ និងសង្គ្រាមឡើយ ប៉ុន្ដែជាអ្នកផ្តល់វេទិកាបើកចំហសម្រាប់កិច្ចសន្ទនា


សម្តេចតេជោ ហ៊ុន សែន ក្នុងប្រធានអាស៊ាននៅឆ្នាំនេះបានគូសបញ្ជាក់ថា អាស៊ានមិនអាចធានាដាច់ណាត់មិនឲ្យមានទំនាស់ និងសង្គ្រាមកើតឡើងនោះទេ ប៉ុន្ដែ អាស៊ាន បានដើរតួនាទីជាអ្នកផ្តល់ទេវិកាបើកចំហមួយសម្រាប់កិច្ចសន្យា និងពិគ្រោះយោបល់លើបញ្ហានានា។ ទោះយ៉ាងណា អាស៊ាននឹងបន្តជួបបញ្ហាជាច្រើននៅថ្ងៃអនាគត ជាពិសេសពាក់ព័ន្ធភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងសង្គ្រាមនៅអ៊ុយក្រែនតែម្តង។ សម្តេច តេជោ ហ៊ុន សែន អះអាងយ៉ាងដូច្នេះ នាពិធីប្រារព្ធខួបលើកទី៥៥របស់អាស៊ាន កាលពីថ្ងៃទី៨ខែសីហា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២
ដោយ

នាឱកាសខួប​លើកទី៥៥សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៨ ខែសីហា បានផ្ញើសារលិខិតអបអរនៃការបង្កើតសហគមន៍អាស៊ាន ដោយសម្តេចតេជោ បានរៀបរាប់ពីការវិវត្តខ្លួនជាបន្តបន្ទាប់របស់អាស៊ាន ដែលពីមុនត្រឹមតែជាអង្គការមួយដែលមានក្របខណ្ឌធូរលុង តែបច្ចុប្បន្នបានប្រែក្លាយទៅជាអង្គការ ដែលមានរចនាសម្ព័ន្ធរឹងមាំ និងវិធានការច្បាប់ត្រឹមត្រូវ។ ជាពិសេសសហគមន៍ដែលមាន១០ប្រទេសជាសមាជិកនេះបានឆ្លងការការផ្លាស់ប្តូរយ៉ាងខ្លាំងទាំងក្នុងទិដ្ឋភាពនយោបាយសកល និងក្នុងតំបន់ និងបានលេចត្រដែតឡើងជាគ្រួសារ​មួយដ៏ខ្លាំងក្លា និងវាងវៃ។

សម្រាប់សម្តេចតេជោ ហ៊ុន សែន អាស៊ានមិនអាចធានា​ដាច់ណាត់ថា គ្មានមានទំនាស់ និងសង្គ្រាមនោះទេ តែអាស៊ានបានដើរតួនាទី​ជាអ្នកផ្តល់វេទិកាបើកចំហមួយសម្រាប់កិច្ចសន្ទនា និងការពិគ្រោះយោបល់រវាង​ភាគីជម្លោះ ក្នុងការរួមចំណែក​លើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។ ជាក់ស្តែង រាល់កិច្ចប្រជុំម្តងៗអាស៊ានតែងតែលើកយកប្រធានបទពាក់ព័ន្ធបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយនិងជម្លោះផ្សេងៗទាំងក្នុងតំបន់ និងលើពិភពលោកមកពិភាក្សាគ្នា ដើម្បីស្វែងរកច្រកចេញពីវិបត្តិទាំងនោះ។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានលើកពីគុណសម្បត្តិ​របស់កម្ពុជាក្នុងនាមជាសមាជិកមួយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានផងដែរ។

ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាននឹងបន្តជួបបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវចូលរួមសហគ្នាដោះស្រាយនាពេលអនាគត ជាពិសេសពាក់ព័ន្ធដែលបានកើតឡើងកន្លងមក និងពេលថ្មីៗនេះដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម។

សម្រាប់សម្តេចតេជោ ហ៊ុន សែន វិបុលភាពនិងកំណើនរយៈពេលយូររបស់អាស៊ាន នឹងត្រូវពឹងផ្អែកលើភាពធន់របស់អាស៊ានក្នុងការជំរុញឡើងវិញនូវការស្ដារសេដ្ឋកិច្ច និងកំណើនក្នុងតំបន់។ លើសពីនេះអាស៊ានត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តប្រកបដោយភាពទូលំទូលាយនូវគំនិតផ្ដួចផ្ដើមនានា ដែលមានតាំងពីបរិវត្តកម្មឧស្សាហកម្មឌីជីថលូបនីយកម្ម និងនវានុវត្តន៍ រហូតដល់ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច។

សម្តេចបានបន្តថា ការអនុវត្តនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ ព្រោះអាសិបនឹងជួយជំរុញនូវការស្ដារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ ជាមួយគ្នានេះសម្តេចបានប្តេជ្ញាថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន៕




អត្ថបទបន្ទាប់


មនុស្សជាង ៤០ លាននាក់នៅទ្វីបអាហ្រ្វិក ត្រូវរងទុក្ខវេទនាដោយសារកង្វះស្បៀងអាហារ ព្រោះសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas Greenfield បានអះអាងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងធ្វើឱ្យប្…

តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា?

ព័ត៌មាន
តើប្រព័ន្ធអនុគ្រោះពន្ធ(GSP) របស់អង់គ្លេសសម្រាប់កម្ពុជា ចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកម្រិតណា? យើងឃើញថា ប្រទេសអង់គ្លេសនៅតែផ្តល់ប្រព័ន្ធអន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ