អាស៊ានព្រួយបារម្ភចំពោះភាពតានតឹងនៅតៃវ៉ាន់ថ្មីៗនេះ

អាស៊ានព្រួយបារម្ភចំពោះភាពតានតឹងនៅតៃវ៉ាន់ថ្មីៗនេះ និងប្រកាសប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ


សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដែលមានសមាជិក១០ប្រទេសរួមទាំងកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ ដែលអាចបង្កឲ្យមានអស្ថិរភាពក្នុងតំបន់។
ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥

ភាពតានតឹងនៅតៃវ៉ាន់បានកើតឡើងក្រោយពេលដែល លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាតំណាងអាមេរិកបានធ្វើដំណើរទស្សនកិច្ចនៅតំបន់ដីកោះមួយនេះ ហើយក៏បានរងការថ្កោលទោស និងព្រមានខ្លាំងពីសំណាក់ទីក្រុងប៉េកាំងផងដែរ។ ទន្ទឹមនឹងស្នើឲ្យមានការអត់ធ្មត់ជាអតិបរមា អាស៊ាន បានប្រកាសពីជំហរគាំទ្រ និងប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ។

ក្រោយលោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាតំណាងសហរដ្ឋអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ច ដែលចិនចាត់ទុកជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង រំលោភអធិបតេយ្យភាព បូរណភាពទឹកដី និងរំលោភគោលការណ៍ចិនតែមួយនេះ។ មួយម៉ោងក្រោយថ្នាក់ដឹកនាំសភាអាមេរិករូបនេះ ឈានជើងចូលដល់ទឹកដីតៃវ៉ាន់ ចិនបានបើកប្រតិបត្តិការសមយុទ្ធយោធាទាំងជើងគោក ជើងទឹក និងជើងអាកាសព្រមគ្នានៅជុំវិញកោះតៃវ៉ាន់ ដែលកំពុងបង្កឲ្យមានភាពតានកាន់តែខ្លាំងនៅចក្រសមុទ្រក្បែរកោះតៃវ៉ាន់។

ភាពតានតឹងនៅតាមច្រកសមុទ្រក្បែរកោះតៃវ៉ាន់នេះ កំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ពីប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។

ជាក់ស្តែងនៅថ្ងៃទី៣ ខែសីហា ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការវិវឌ្ឍឆ្លងច្រកសមុទ្រដោយបានបង្ហាញក្តីបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ពិសេសការវិវឌ្ឍ និងភាពតានតឹងនៅច្រកសមុទ្រក្បែរកោះតៃវ៉ាន់។ ព្រោះអាស៊ានយល់ថា ភាពតានតឹងទាំងនេះអាចបង្កអស្ថិរភាពដល់តំបន់ និងអាចនាំឲ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បានក្នុងចំណោមមហាអំណាច។

អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងសកម្មភាពញុះញុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ អាស៊ានក៏បានរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗផងដែរ។

សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូកិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើង គឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន។

រដ្ឋមន្ត្រីការបរទេសអាស៊ានអះអាងថា អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការ សម្របសម្រួលការសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី៣ សីហា រាជរដ្ឋាភិបាលបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្ដិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលត្រូវបានចុះហត្ថលេខារវាងចិន និងអាមេរិក រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយ ចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ចិនអះអាងថា «ចិននឹងធ្វើអ្វីៗដើម្បីជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេស»

ព័ត៌មាន
នៅមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានបង្ហាញពីការប្តេជ្ញារបស់ចិនក្នុងការជួយអភ…

សិក្ខាសិលាអំពីការក្លាយជាសមាជិក វើលដ៍ប៊្រីដ ហូម ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ប្រចាំខែ ចូលរួមដោយមិនគិតថ្លៃ

ព័ត៌មាន
វើលដ៍ប៊្រីដ ហូម បើកសិក្ខាសាលាជ្រើសរើសភ្នាក់ងារលក់ ដែលគ្មានបទពិសោធ ឬមានបទពិសោធ ដើម្បីហ្វឹកហាត់សម្រាប់ក្លាយជាភ្នាក់ងារលក់ ដែលមានវិជ្ជាជីវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ