ទីផ្សារប្រេងពិភពលោក

ប្រទេសអ្នកនាំចេញប្រេងធំៗនៅអាស៊ីកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទីផ្សារប្រេងនៅអូស្ត្រាលី


ប្រទេសអ្នកនាំចេញប្រេងឥន្ធនៈធំៗនៅតំបន់អាស៊ី កំពុងផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារប្រេងនៅអូស្ត្រាលី ដែលបច្ចុប្បន្នប្រទេសនេះ កំពុងមានតម្រូវការប្រេងយ៉ាងខ្លាំង ដោយសារតែមានការបិទទ្វាររោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសនេះ ស្ទើរតែទាំងអស់ ដែលវាបានជំរុញឲ្យមានតម្រូវការកើនឡើងយ៉ាងគំហុក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters។
ប្រទេសអ្នកនាំចេញប្រេងធំៗ នៅអាស៊ី កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទីផ្សារប្រេងនៅអូស្ត្រាលី

ប្រទេស​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ប្រទេស​ដែល​អាច​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាងគេ​ពី​ឱកាស​ដ៏​កម្រ​នេះ​។ ប៉ុន្តែ​មិន​ប្រាកដ​ថា​ចិន​ទទួល​បាន​ផល​ប្រ​យោ​ជ​ណ៍​ពី​ការ​នាំ​ចេញ​ប្រេង​ទៅ​ផ្គត់ផ្គង់​នៅ​អូស្ត្រាលី​ដែល​កំពុង​តែ​មាន​តម្រូវការ​ខ្លាំង​នោះ​ទេ បើ​ក្រឡេក​មក​មើល​រឿងរ៉ាវ​ចិន និង អូស្ត្រាលី បន្តិច វា​ហាក់បីដូចជា​មិន​ទាន់​សម្រុះសម្រួល​ត្រូវរ៉ូវ​គ្នា​នៅឡើយ​ទេ កន្លង​មក​ថ្មី​ៗ​នេះ​ប្រទេស​ទាំង​ពីរ បាន​តម្លើង​ពន្ធគយ​នាំ​ចូល​លើ​ទំនិញ​រៀង​ៗ​ខ្លួន ដែល​ចុង​ក្រោយ​នេះ ចិន​បាន​សម្រេច​តម្លើង​ថ្លៃ​ពន្ធ​នាំ​ចូល​ស្រាក្រហម​របស់​អូស្ត្រាលី​ទ្វេ​ដង ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អូស្ត្រាលី​ក្តៅស្លឹកត្រចៀក​យ៉ាង​ខ្លាំង​។ ដូច្នេះ​មិន​អាច​ថា​ជា​ឪ​កាស​មាស​របស់​ចិន​នោះ​ទេ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​អ្នក​ផ្គត់ផ្គង់​ប្រេង​សំខាន់​ៗ​ផ្សេង​ទៀត ដូច​ជា សិង្ហ​បុរី និង កូរ៉េ​ខាងត្បូង ក៏​កំពុង​តែ​ត្រៀមខ្លួន​ក្នុង​ការ​ឈាន​ទៅ​ដណ្តើម​ក្ដោប​ក្ដាប់​ឱកាស​នាំ​ចេញ​ប្រេង​ទៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ​។

ប្រទេស​អូស្ត្រាលី គឺជា​ប្រទេស​នាំ​ចូល​ប្រេង​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​តំបន់ នឹង​អាច​បង្កើន​ការ​នាំ​ចូល​ប្រហែល​១​ភាគ​៣ បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ក្នុង​ទំហំ​ប្រមាណ​៦៣​ម៉ឺន​បារ៉ែល​នៅ​ក្នុង​មួយ​ថ្ងៃ​។​ហើយ​បច្ចុប្បន្ន​ប្រទេស​អូស្ត្រាលី កំពុង​មាន​តម្រូវការ​ប្រេង​យ៉ាង​ខ្លាំង ដោយសារ​តែ​មានការ​បិទទ្វារ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ប្រទេស​នេះ ស្ទើរតែ​ទាំងអស់​។

សំណួរ​សួរ​ថា ហេតុ​អ្វី បានជា​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​អូស្ត្រាលី​ជា​ច្រើន​បិទទ្វារ? 

បើ​តាម​សេចក្តីរាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​បាន​បង្ហាញ​ថា ដោយសារ​តែ​កាលពី​អំឡុង​ពេល​កូ​វី​ដ​-១៩ រាតត្បាត​ខ្លាំង​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ធ្លាក់​ចុះ​ខ្លាំង ដែល​កត្តា​នេះ បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ថយ​ចុះ​ខ្លាំង និង​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​រង​ការ​ខាតបង់​ជា​ទម្ងន់​តែ​ម្តង​។ មួយវិញទៀត គឺ​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​ក្នុង​តំបន់​បាន​លើស​តម្រូវការ ហើយ​នៅ​អាស៊ី និង មជ្ឈិមបូព៌ា​មានការ​កើនឡើង​នូវ​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​ៗ​ច្រើន ដែល​ធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ខ្លាំង​សម្រាប់​ការ​ផលិត​ប្រេង​នៅ អូស្ត្រាលី​។

បច្ចុប្បន្ន​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ចំនួន​៣​ប៉ុណ្ណោះ ដែល​កំពុង​បន្ដ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​មាន​រោងចក្រ​ចំនួន​៤​បាន​បិទទ្វារ ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​មានការ​ធ្លាក់​ចុះ​នូវ​លទ្ធភាព​ហិរញ្ញវត្ថុ ចំ​ពេល​ដែល​មានការ​កើនឡើង​នៃ​រោងចក្រ​ចម្រាញ់​ប្រេង​ខ្នាត​ធំ​ៗ​នៅ​ទូ​ទាំង​តំបន់​អាស៊ី និង​មជ្ឈិមបូព៌ា​។ ហើយ​ថ្មី​ៗ​នេះ រោងចក្រ​ទាំង​៣ ដែល​នៅ​បន្ដ​ប្រតិបត្តិការ​នេះ ក៏​បាន​បិទ​ផ្នែក​ខ្លះ​នៃ​ការ​ចម្រាញ់​ប្រេង​របស់​ខ្លួន​ផង​ដែរ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ និង ការ​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់​។

បើ​តាម​អ្នកវិភាគ​មក​ពី​ស្ថាប័ន​ប្រឹក្សា​យោបល់ Rystad Energy បាន​និយាយ​ថា អូស្ត្រាលី​ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​ចិន ដោយសារ​តែ​ចិន​នឹង​បង្កើន​កូតា​ការ​នាំ​ចេញ​ប្រេង​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បន្ថែម​ទៀត​។ ហើយ​ចិន​ក៏​បន្ដ​ពង្រីក​សមត្ថភាព​ចម្រាញ់​ប្រេង​ឲ្យ​បាន​ដល់ ៦០​ម៉ឺន​ធុង​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​សម្រាប់​ឆ្នាំ​២០២១​នេះ​។

សមត្ថភាព​ចម្រាញ់​ប្រេង​របស់​ចិន​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ដល់​១​លាន​៥​សែន​ធុង​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរក្សាកំណើននាំចេញជ្រូកទៅក្រៅប្រទេស ទោះបីមានការបារម្ភពីជំងឺប៉េសជ្រូកអាហ្វ្រិករាលដាលខ្លាំងក៏ដោយ

ព័ត៌មាន
ជំងឺប៉េសជ្រូកអាហ្វ្រិកបានសម្លាប់ជ្រូកអស់រាប់លានក្បាល នៅពាសពេញទ្វីបអាស៊ីចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ ដែលជាហេតុធ្វើឲ្យការចិញ្ចឹមជ្រូក មិនថាជ្…

Nokia នឹងកាត់បន្ថយការងារបុគ្គលិក ១ម៉ឺននាក់នៅ២ឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន Nokia ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាវ័យចំណាស់មួយក្នុងពិភពលោក បានប្រកាសពីផែនការកាត់បន្ថយការងារបុគ្គលិករបស់ខ្លួនដល់ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ