ការអភិវឌ្ឍមីស៊ីលល្បឿនលឿន

អូស្ត្រាលី អង់គ្លេស និងអាមេរិក ប្រកាសអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ចំពេលស្ថានការពិភពលោកតានតឹងខ្លាំង


សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីបានប្រកាសឲ្យដឹងថា ប្រទេសធំៗទាំង៣នេះ នឹងធ្វើការរួមគ្នាតាមរយៈសម្ព័ន្ធភាពសន្តិសុខ ដែលទើបបង្កើតឡើងថ្មីៗនេះ ដែលគេហៅថា AUKUS ដើម្បីអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង នៅចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីស្ថានការណ៍ពិភពលោកដែលកំពុងតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេស ទាក់ទងនឹងការងើបឡើងខ្លាំងនៃអំណាចយោធារបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
អូស្ត្រាលី អង់គ្លេស និងអាមេរិក ប្រកាសអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ចំពេលស្ថានការពិភពលោកតានតឹងខ្លាំង

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden  នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ប្រកាស​ពី​ផែនការ​នេះ បន្ទាប់​ពី​បាន​ធ្វើការ​ពិនិត្យ​មើល​វឌ្ឍនភាព​របស់​ក្រុម​សម្ព័ន្ធមិត្ត AUKUS នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ទាំង​៣​នេះ​កាលពី​ខែកញ្ញា​ឆ្នាំ​២០២១​។

ក្រុម​មេដឹកនាំ​សម្ព័ន្ធភាព AUKUS នេះ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា ពួក​គេ​«​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ថ្មី​មួយ ស្តី​ពី​ការ​ផលិត​មី​ស៊ី​ល​លឿន​ជាង​សំឡេង និង​មី​ស៊ី​ល​ប្រឆាំង​នឹង​មី​ស៊ី​ល​នេះ និង​សមត្ថភាព​សង្គ្រាម​អេ​ឡិច​ត្រូ​និក​ក៏​ដូច​ជា​ការ​ពង្រីក​ការ​ចែករំលែក​ព័ត៌មាន ហើយនឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​ការ​ច្នៃប្រឌិត​ផ្នែក​ការពារ​ជាតិ​ផង​ដែរ​»​។

សហរដ្ឋអាមេរិក រុ​ស្សី និង ចិន សុទ្ធតែ​ប្រទេស ដែល​បាន​សម្លឹង​រក​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង ព្រោះ​វា​ជា​ប្រព័ន្ធ​មី​ស៊ី​ល​មួយ​លឿន​បំផុត​ដែល​គ្មាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ណាមួយ​អាច​ស្ទាក់​ចាប់​វា​បាន​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ឧត្តមសេនីយ​យោធា​លោក ម៉ាក មី​ល​ឡេ​យ៍ (Mark Milley) ប្រធាន​អគ្គសេនាធិការ​ចម្រុះ​បាន​បញ្ជាក់​ថា ប្រទេស​ចិន​ក៏​បាន​ធ្វើការ​សាកល្បង​ប្រព័ន្ធ​អាវុធ​លឿន​ជាង​សំឡេង​នេះ​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​មុខ​ក្នុង​វិស័យ​អវកាស និង​បច្ចេកវិទ្យា​យោធា​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ Bloomberg លោក Milley បាន​ពណ៌នា​ការ​សាកល្បង មី​ស៊ី​ល​របស់​ចិន​នេះ​ថា​ជា​«​ព្រឹត្តិការណ៍​សំខាន់​មួយ​នៃ​ការ​សាកល្បង​ប្រព័ន្ធ​អាវុធ​លឿន​ជាង​សំឡេង ហើយ​វា​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​»​។

ចំណែក​មេបញ្ជាការ​កំពូល​របស់​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​អឺរ៉ុប​វិញ បាន​និយាយ​ថា ពេល​នេះ​ប្រទេស​រុ​ស្ស៊ី​បាន​ប្រើ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ជា​ច្រើន​ដង​រួច​ហើយ​ដែរ ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ 

កាលពី​ឆ្នាំ​មុន​នៅ​ពេល​មន្ត្រី​ចារកម្ម​អា​មេ​រិ​ក​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​ការ​បង្កើន​កងកម្លាំង  រុ​ស្ស៊ី​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន ខណៈ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​ទីក្រុង​ម៉ូ​ស្គូ​អភិវឌ្ឍ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​កម្រិត​ខ្ពស់​បន្ថែម​ទៀត ដើម្បី​រក្សា​ឥទ្ធិពល​វិស័យ​បច្ចេកវិទ្យា​យោធា​របស់​ខ្លួន​។

សំណើសុំ​ថវិកា​សម្រាប់​ឆ្នាំ​២០២៣ របស់​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក រួម​មាន​ថវិកា ៤​ពាន់​៧​រយ​លាន​ដុល្លារ គឺ​សម្រាប់​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង ដោយ​រួម​ទាំង​គម្រោង​ផលិត​ម៉ាស៊ីន​ជំរុញ​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ មី​ស៊ី​លបាញ់​ចេញពី​សមុទ្រ​នៅ​ឆ្នាំ​២០២៥ និង​មី​ស៊ី​លបាញ់​តាម​អាកាស​នៅ​ឆ្នាំ​២០២៧​ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​មន្ត្រី​យោធា​អា​មេ​រិ​ក ដែល​បាន​បញ្ជាក់​ប្រាប់ សារព័ត៌មាន CNN ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា អា​មេ​រិ​ក​ក៏​ទើបតែ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​របស់​ខ្លួន កាលពី​ពាក់កណ្ដាល​ខែមីនា​ដែរ ប៉ុន្តែ​ខ្លួន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយសារ​មិន​ចង់​ឲ្យ​ទីក្រុង​ម៉ូ​ស្គូ​មានការ​បកស្រាយ​ខុស នាំ​ឲ្យ​បង្កើន​ភាព​តានតឹង​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជាទាំង៣ តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល

ព័ត៌មាន
ធនាគារពិភពលោក ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រទេសជិតខាងកម្ពុជា តែរក្សាការព្យាករសេដ្ឋកិច្ចកម្ពុជានៅដដែល។ ប្រទេសវៀតណាម ថៃ និងឡាវ ដែលជាប្រ…

អ៊ុយក្រែនប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ «ត្រូវចាត់វិធានការលើរុស្ស៊ីភ្លាម បើមិនដូច្នេះទេស្ថាប័នគួររំលាយចោលទៅ»

ព័ត៌មាន
អំឡុងពេលថ្លែងសារទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខឲ្យចាត់វិធានការភ្លាមៗ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ