ភាពតានតឹង​រវាង​ចិន​និង​អូស្ត្រាលីកាន់តែកើនកម្ដៅ?

នាយករដ្ឋមន្ត្រី​អូស្ត្រាលីនិយាយថា អូស្រ្តាលីមិនខ្លាច​សម្លុតរបស់ចិនទេ


នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា លោកនឹងមិន​ខ្លាច​ ឬចុះចាញ់​ការសម្លុត​នោះទេ នៅពេលអ្នកកាសែតសួរនៅថ្ងៃព្រហស្បតិ៍នេះ ថា តើ​អូស្ត្រាលី​នឹងបន្ត​រងគ្រោះ​លើ​ការនាំចេញ​ដោយសារ​ដៃគូ​ពាណិជ្ជកម្មដ៏ធំរបស់ខ្លួនគឺប្រទេស​ចិន ឬយ៉ាងណា។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison។ រូបភាព DPA
ដោយ

កាលពីពេលថ្មីៗនេះ ចិន​បាន​ហាមការនាំចូល​សាច់គោ​អូស្ត្រាលី និង​បាន​កំណត់​ការយកពន្ធ​ទៅលើ​ផលិតផលស្រូវ Barley របស់អូស្ត្រាលី ព្រមទាំង​​បាន​ចេញ​ការព្រមាន​ផ្សេងៗទៀត ចំពោះ​ប្រទេសអូស្ត្រាលី បន្ទាប់ពីអូស្ត្រាលី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជាអន្តរជាតិ​ដើម្បីស្រាវជ្រាវរកប្រភព​នៃ​ជំងឺ​រាតត្បាតកូរ៉ូណា (កូវីដ១៩) ដែល​ការអំពាវនាវនេះ​បាន​ធ្វើ​ឲ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំងខឹងច្រឡោត។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ។ 

កាលពីខែមុន សន្និបាត​សុខភាពពិភពលោកបានបោះឆ្នោត​គាំទ្រ​ឲ្យ​មាន​ការ​ពិនិត្យឡើងវិញ​ដោយ​ឯករាជ្យ ទៅលើ​ជំងឺ​រាតត្បាតនេះ បន្ទាប់ពីអូស្ត្រាលី​និង​សហភាពអឺរ៉ុប​បាន​ធ្វើការបញ្ចុះបញ្ចូល។ 

នៅថ្ងៃអង្គារ ដើម​សប្ដាហ៍នេះ ក្រសួងអប់រំចិន​បាននិយាយថា និស្សិត​ចិន​គួរតែពិចារណា​ឡើងវិញ​អំពី​ការជ្រើសរើស​ទៅរៀននៅ​អូស្រ្តាលី ដែល​ជាការគំរាម​ដល់​វិស័យនាំ​ចេញ​ដ៏ធំ​បំផុត​ទី៤របស់អូស្រ្តាលី គឺវិស័យ​អប់រំ​អន្តរជាតិ ដែល​រក​ចំណូល​ឲ្យ​អូស្ត្រាលី​រៀងរាល់ឆ្នាំបានប្រហែល ២៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ។ 

លោកនាយរដ្ឋមន្ត្រី ស្កុត ម៉ូរីសុន បាននិយាយដូច្នេះថា "យើង​គឺជា​ប្រទេស​រកស៊ី​ដោយ​បើក​ចំហ ប៉ុន្តែ ខ្ញុំ​នឹង​មិន​ធ្វើ​ពាណិជ្ជកម្ម​គុណតម្លៃ​របស់​យើង ជាការឆ្លើយតបទៅនឹង​ការសម្លុត​កំហែង​ឡើយ ទោះបី​វា​ចេញពី​ប្រភព​ណា​ក៏ដោយ"។ 

ការព្រមានដល់និស្សិត​បានកើតឡើង​នៅ​បន្ទាប់ពី​ការព្រមាន​ស្រដៀងគ្នា​នេះ​មួយទៀត​កាលពីសប្ដាហ៍មុនពីសំណាក់ក្រុង​ប៉េកាំង ដែល​ជំរុញ​ឲ្យ​អ្នកទេសចរ​ចិនជៀសវាង​ប្រទេស​អូស្ត្រាលី។ 

ក្នុងករណីទាំងពីរនេះ មន្ត្រី​ចិន​បាននិយាយថា ការព្រមានទាំងនេះ​គឺដោយសារតែមានការវាយប្រហារ​បែប​រើសអើង​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិអាស៊ីក្នុងអំឡុងពេល​នៃការផ្ទុះជំងឺរាតត្បាត​កូវីដ១៩។ 

អូស្រ្តាលី​បានដាក់​លិខិតជំទាស់​តវ៉ារួចហើយ ទៅកាន់ក្រសួងការបរទេស​ចិននៅទីក្រុង​ប៉េកាំង និង​នៅ​ស្ថានទូត​ចិន​ប្រចាំទីក្រុង​កង់ប៊ែរ៉ា អំពី​ការព្រមាន​របស់ចិន​ទាក់ទងនឹងការធ្វើដំណើរ និង​និស្សិត។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី។ 

សម្ព័ន្ធ​តំណាង​ឲ្យ​សាកលវិទ្យាល័យ​លំដាប់កំពូលៗរបស់អូស្ត្រាលីចំនួន ៨ បាន​និយាយថា ការអប់រំ​អន្តរជាតិ​បាននិងកំពុងត្រូវគេ"ប្រើប្រាស់ជា​កូនអុកនយោបាយ"។ 

ប្រទេសចិន គឺជា​ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់​អូស្ត្រាលី ដោយទំហំ​ពាណិជ្ជកម្មទ្វេភាគី​រវាង​ចិន​និងអូស្ត្រាលីមានទៅដល់ ២៣៥ពាន់លានដុល្លារអូស្ត្រាលី ក្នុងមួយឆ្នាំ៕




អត្ថបទបន្ទាប់


ក្រុមប្រឹក្សាទេសចរណ៍ថៃ នឹងដាក់សម្ពាធរដ្ឋាភិបាលឲ្យបញ្ចប់ការរឹតត្បិតការធ្វើដំណើរអន្តរជាតិនៅត្រឹមខែមិថុនានេះ

ព័ត៌មាន
ដោយសារតែនៅរយៈពេល ២ខែចុងក្រោយនេះ ចំនួនទេសចរបរទេសមកកាន់ប្រទេសថៃ ស្ថិតក្នុងចំនួនសូន្យនោះ ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) នឹងដាក់សម្ពាធទៅកាន…

ជប៉ុន នឹងបើកភ្លើងខៀវឲ្យជនបរទេសពីប្រទេសចំនួន ៤ ចូលប្រទេសខ្លួនក្នុងមួយថ្ងៃ ២៥០នាក់

ព័ត៌មាន
ប្រទេសជប៉ុន គ្រោងនឹងដកចេញការរឹតត្បិតការធ្វើដំណើររបស់ខ្លួន នៅអំឡុងពេលនៃការរាតត្បាតមេរោគឆ្លងកូវីដ-១៩ ដោយរាជរដ្ឋាភិបាលប្រទេសនេះ នឹងអនុញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ