តម្លៃស្រូវសាលីអូស្ត្រាលី

ស្រូវសាលីអូស្ត្រាលីរំពឹងទិន្នផលខ្ពស់នៅឆ្នាំនេះ នឹងជួយសម្រួលដល់តម្រូវការសាកលដែលកំពុងខ្វះខាត


ក្នុងឆ្នាំ២០២៣នេះដំណាំស្រូវសាលីក្នុងប្រទេសអូស្ត្រាលីនឹងមានទិន្នផលខ្ពស់បំផុតក្នុងកំណត់ត្រា ដោយសារតែរដូវកាលដាំដុះប្រព្រឹត្តទៅបានរលូន ដែលវានឹងធ្វើឱ្យតម្លៃនៅក្នុងទីផ្សារពិភពលោក ដែលកំពុងតែកើនខ្ពស់ ធ្លាក់ចុះមកវិញ។ ស្រូវសាលីផ្តើមឡើងថ្លៃខ្លាំងនៅពេលអាកាសធាតុមិនល្អកាលពីឆ្នាំ២០២២ គាប់ជួននឹងសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
តម្លៃស្រូវសាលីអូស្ត្រាលីធ្លាក់ចុះកំពុងទាញចំណាប់អារម្មណ៍ពីប្រទេសក្នុងអាសី!

យ៉ាងណាក៏ដោយ អ្នកជំនាញក៏មានក្តីបារម្ភខ្លះថា ទិន្នផលស្រូវសាលីអាចប៉ះពាល់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅរដូវប្រមូលផលឆ្នាំនេះ ដែលអាចប៉ះពាល់ដល់គុណភាពនៃដំណាំ។ ប៉ុន្តែប្រការនេះមិនបានបញ្ឈប់ចំណាប់អារម្មណ៍​របស់អ្នកទិញស្រូវសាលីពីអូស្ត្រាលីទេ ពិសេសប្រទេសចិន និងបណ្តាប្រទេសអាស៊ីដទៃ សុទ្ធតែកំពុងសម្លឹងឃើញពី​សក្តានុពលមួយនេះ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក ហៅកាត់ថា USDA​ រំពឹងថា ប្រទេសអូស្ត្រាលីនឹងផលិតស្រូវសាលីបានជាង ៣៦លានតោនក្នុងឆ្នាំ ២០២២-២០២៣ ដែលនេះជាកម្រិតខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែបើតាមការព្យាករណ៍​របស់ USDA ក្នុងរដូវប្រមូល​ផលខាងមុខនេះ នឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាក្តីបារម្ភថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវប្រមូលផលនេះ អាចប៉ះពាល់ដល់គុណភាពរបស់​ស្រូវ​សាលីបាន។

គួរជម្រាបផងដែរថា តម្លៃស្រូវសាលីខ្ពស់នេះហើយ គឺស្ថិតនៅក្នុងចំណោម​កត្តាចម្បងៗផ្សេងទៀត ដែលជំរុញឱ្យកម្រិតអតិផរណាកើនឡើង នៅក្នុងប្រទេសជាច្រើនកាលពីឆ្នាំមុន ហើយកាលនោះអ្នកជំនាញក៏បានព្រមាន អំពីវិបត្តិ និងអសន្តិសុខស្បៀងអាហារពិភពលោកផងដែរ។ ដូចច្នេះប្រសិនបើតម្លៃស្រូវសាលីធ្លាក់ចុះនៅឆ្នាំនេះ សម្ពាធទីផ្សារ​ក៏នឹងបានធូរស្រាលខ្លះដែរ។

ភាគច្រើននៃស្រូវសាលីពីអូស្ត្រាលី​ត្រូវបាននាំចេញទៅតំបន់អាស៊ី។ តំបន់អាស៊ីជាអ្នកនាំចូលស្រូវសាលីដ៏ធំ តំណាងឱ្យប្រមាណ ១ភាគ៤នៃការនាំចូលស្រូវសាលីជាសកល។ ក្នុងនោះ ប្រទេសចិន ជាអ្នកមានតម្រូវការគ្រាប់ធញ្ញជាតិមួយនេះ ច្រើនជាងគេក្នុងតំបន់។

យោងតាមទិន្នន័យពី​គយ​ចិន​បង្ហាញ​ថា រាប់​ចាប់​ពី​ខែ​មករា​ដល់​ខែ​តុលាឆ្នាំ២០២២ ប្រទេស​ចិន​បាន​នាំ​ចូល​ស្រូវសាលីជាង ៧លាន​តោន​ ដើម្បីស្តុក​ទុក​សម្រាប់​​ការ​ប្រើប្រាស់​នៅ​ចុង​ឆ្នាំ២០២២ និង​ដើម​ឆ្នាំ ២០២៣ ហើយប្រហែល៦០% នៃចំនួនស្រូវសាលី​សរុបនេះ គឺនាំចូលមកពី​ប្រទេសអូស្ត្រាលី។ ទិន្នន័យនេះកើនឡើង​ពីជិត ២លានតោន​កាលពី​ឆ្នាំ​២០២១។
លោក Ruan Wei មកពីវិទ្យាស្ថានស្រាវជ្រាវ Norinchukin របស់ប្រទេសជប៉ុន​បាន​ជឿថា គុណភាពនៃស្រូវសាលីអូស្ត្រាលី ស័ក្ដិសម​ជាមួយនឹងតម្រូវការនៃការផលិតសសៃមី ឬគុយទាវរបស់ចិន។ លោកបន្ដថា តម្លៃក៏ជាកត្តាចម្បងក្នុងការទាក់ទាញ​ការបញ្ជាទិញ​ពី​ចិនផងដែរ។ ជាក់ស្ដែង ​អូស្ត្រាលី​លក់ស្រូវសាលីឲ្យ​ចិនក្នុងតម្លែ​ប្រមាណ ៣៧០ ដុល្លារ​ក្នុង​មួយ​តោនប៉ុណ្ណោះ ខណៈដែលអាមេរិកលក់ឱ្យក្នុងតម្លៃ៤៤០ដុល្លារ ក្នុងមួយតោនឬថ្លៃជាងនេះ។

ដោយឡែកអ្នកជំនាញផ្នែកដឹកជញ្ជូនឱ្យដឹងថា ឥឡូវនេះការដឹកជញ្ជូន​នៅក្នុងប្រទេសចិនក៏មានលក្ខណៈល្អប្រសើ​រជាងមុនផងដែរ ដោយមិនបាច់រង់ចាំយូររហូតដល់៣០ថ្ងៃដូចមុនទៀតទេ គឺរង់ចាំតែពីរបីថ្ងៃប៉ុណ្ណោះ​ទំនិញ​នឹងទៅដល់គោលដៅ។​ ម៉្យាងវិញទៀត អ្នកឃ្លាំមើលទីផ្សារពាណិជ្ជកម្ម មើលឃើញថា ការនាំចេញស្រូវសាលីរបស់អូស្ត្រាលី មានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ទាំងសម្រាប់បរិភោគ និងសម្រាប់ធ្វើជាចំណីសត្វ។

ការ​នាំ​ចេញ​ស្រូវ​សាលី​របស់​អូស្ត្រាលី​ទៅតំបន់អាស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បន្ត​កើនឡើងបន្ថែមទៀត។ ការ​នាំ​ចេញ​ពី​តំបន់ភាគខាង​ត្បូង​អូស្ត្រាលីមាន​និន្នាការ​កើន​ឡើង​នៅ​ដើម​ឆ្នាំនេះ ខណៈ​ការដាំដុះ​នៅអាហ្សង់ទីនដែលជាអ្នកផលិតធំមួយដែរ ​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ដោយសារ​គ្រោះ​រាំង​ស្ងួត។ ក្រៅតែនាំទៅចិន តម្រូវ​ការ​ស្រូវ​សាលី​អូស្ត្រាលី​ស្ទុះកើនឡើងខ្លាំងនៅ ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ផងដែរ​ ​ដូច​ជានៅ​ឥណ្ឌូណេស៊ីជាដើម។

គួរជម្រាបផងដែរថា អតិផរណានៃតម្លៃស្បៀងអាហារ​បានគំរាមកំហែង​ដល់​ប្រទេសនានា ទូទាំងពិភពលោកកាល​ពីឆ្នាំ២០២២ ដោយសារភ្លើងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានបង្កជាបញ្ហាមិនអំណោយផលដល់ការដាំដុះ និងការនាំចេញក៏មានការរាំងស្ទះ។ សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបង្ហាញការធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នា ប្រមាណ១៥%។ ដោយសារតែស្រូវសាលីអូស្ត្រាលី​មួយចំនួនត្រូវបានប្រើប្រាស់​សម្រាប់ធ្វើជាចំណីសត្វ ដូចនេះ​គេក៏សង្ឃឹមដែរថា តម្លៃផលិតផលចំណីសត្វ​ក៏ទំនងជាធ្លាក់ចុះដូចគ្នាដែរ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ប្រេងរុស្ស៊ីកំពុងត្រូវគេលាយបញ្ចូលគ្នាជាមួយប្រេងដទៃនៅសិង្ហបុរី ដើម្បីការនាំចេញឡើងវិញ គេចពីទណ្ឌកម្ម

ព័ត៌មាន
ទណ្ឌកម្មរបស់បណ្តាប្រទេសបស្ចិមលោក ពិសេសសហរដ្ឋអាមេរិកទៅលើការនាំចេញប្រេងរបស់រុស្ស៊ីដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូក្នុងការបន្តកម្…

ទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុន Evergrande ធ្លាក់ចុះជាង ៩០% កាលពីឆ្នាំ២០២២

ព័ត៌មាន
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hui Ka Yan ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Evergrande បានធ្លាក់ចុះជិត៩៣% ឯណោះគិតត្រឹមចុងឆ្នាំ២០២៧ ស្របពេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ