លទ្ធផលបាក់ឌុប

នៅឆ្នាំ២០២១ សិស្សជាប់បាក់ឌុបមានជាង ៧ម៉ឺននាក់ ខណៈនិទ្ទេស A មានជាង១ពាន់នាក់


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញឲ្យឃើញថា នៅឆ្នាំ២០២១ មានសិស្សជាង៧ម៉ឺន២ពាន់នាក់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលស្មើនឹង៦៥,៦៥%។ ក្នុងចំណោមសិស្សដែលបានប្រឡងជាប់ សិស្សទទួលបាននិទ្ទេស A មានរហូតដល់ជាង១ពាន់នាក់ មានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹមតែជាង៤រយនាក់។
សិស្ស​តម្រង់​ជួរ​ចូល​ប្រឡង​បាក់ឌុប​នា​ពេល​កន្លង​ទៅ រូបភាព៖ Siv Channa
ដោយ

ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្នុងចំណោមសិស្សជាង១១ម៉ឺន៤ពាន់នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មា​នសិស្សជាង៧ម៉ឺន២ពាន់១៦នាក់បានប្រឡងជាប់នៅឆ្នាំនេះ ដែលស្មើនឹង៦៥,៦៥%។ ចំនួននេះមានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០១៩ ដោយកាលនោះមានសិស្សជាង៧ម៉ឺន៩ពាន់៥២នាក់បានប្រឡងជាប់ ដែលស្មើនឹង៦៩,៦២%។  

ប៉ុន្តែបើយើងមើលទៅលើលទ្ធផលតាមនិទ្ទេសនីមួយៗបង្ហាញឲ្យឃើញថា លទ្ធផលនៅឆ្នាំ២០២១ មានភាពល្អប្រសើរជាងឆ្នាំ២០១៩។ ក្នុងនោះសិស្សជាប់និទ្ទេស A នៅឆ្នាំ២០២១ មានចំនួន១,៧៥៣នាក់, និទ្ទេស B ៥,២១៥នាក់, និទ្ទេស C ១១,៦៣៤នាក់, និទ្ទេស D ២៣,៤៩៩នាក់ និងនិទ្ទេស E ២៩,៩១៥នាក់​។ ខណៈកាលពីឆ្នាំ២០១៩ សិស្សនិទ្ទេស A មាន៤៤៣នាក់, និទ្ទេស B ២,៤៣០នាក់, និទ្ទេស C ៥,៨៤៧នាក់, និទ្ទេស D ១៤,១០០នាក់ និងនិទ្ទេស E ៥៦,២៣២នាក់។ 

ការប្រឡងបាក់ឌុបនៅឆ្នាំ២០២១ មានបេក្ខជនចូលរួមប្រឡងចំនួន១១៤,១៨៧នាក់ ដោយបែងចែកជា២០៤មណ្ឌល និង៤,៦១៥បន្ទាប់ ខណៈកាលពីឆ្នាំ២០១៩ មាន២០២​មណ្ឌល និង​មាន​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប១១៧,០៤៣​នាក់។ ចំណែកការប្រឡងបាក់ឌុបនៅឆ្នាំ២០២០ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាសម្រេចលុបចោល ដោយឲ្យសិស្សទាំងអស់ជាប់ដោយស្វ័យប្រវិត្តិ ក្រោយបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងជើងបន្ដបាញ់មីស៊ីលជាថ្មីទៀត ទោះរងទណ្ឌកម្មពីអាមេរិក

ព័ត៌មាន
ទើបតែត្រូវបានអាមេរិកប្រកាសដាក់ទណ្ឌកម្មលើកម្មវិធីអាវុធនុយក្លែអ៊ែមិនប៉ុន្មានម៉ោងផង នៅថ្ងៃសុក្រនេះ កូរ៉េខាងជើង ហាក់ផ្កើនកាន់តែខ្លាំងជាមួយអ…

អគ្គទេសាភិបាលធនាគារជាតិ៖ ការរក្សាបាននូវស្ថិរភាពតម្លៃប្រាក់រៀល គឺជាការរួមចំណែកក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ស្ថិតនៅក្នុងស្ថានភាពនៃការរីករាតត្បាតជំងឺកូវីដ-១៩ ការគ្រប់គ្រងតម្លៃប្រាក់រៀល ដែលប្រកបដោយប្រសិទ្ធភាព វាពិតជាមានសារៈសំខាន់ណាស់ នៅក្នុងវិស័យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ