អាមេរិកនឹងប្រើកម្លាំងយោធាជា «មធ្យោបាយចុងក្រោយ» ជាមួយអ៊ីរ៉ង់!

លោកចូ បៃដិនព្រមាននឹងប្រើកម្លាំងយោធាជា «មធ្យោបាយចុងក្រោយ» ដើម្បីហាមឃាត់អ៊ីរ៉ង់កុំឲ្យបង្កើតធអាវុធនុយក្លេអ៊ែរ


នៅក្នុងដំណើរទស្សកិច្ចលើកដំបូងនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានព្រមានខ្លាំងៗទៅកាន់អ៊ីរ៉ង់ថា «លោកនឹងប្រើប្រាស់កម្លាំងជា«មធ្យោបាយចុងក្រោយ» ដើម្បីរារាំងប្រទេសអ៊ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអែរ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងក្លានៅក្នុងតំបន់។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកចូ បៃដិនព្រមាននឹងប្រើកម្លាំងយោធាជា «មធ្យោបាយចុងក្រោយ» ដើម្បីហាមឃាត់អ៊ីរ៉ង់កុំឲ្យបង្កើតធអាវុធនុយក្លេអ៊ែរ

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ 12 របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ លោក Biden បានបញ្ជាក់ច្បស់ៗថា «លោកនឹងនៅតែដាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ទៅក្នុងបញ្ជីអង្គការយោធា​ភារវកម្មបរទេស (FTO) របស់សហរដ្ឋអាមេរិក ទោះបីជាការធ្វើនេះ​​អាចសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅឆ្នាំ ២០១៥ ក្តី។

សូមបើកវង់ក្រចកបន្តិចថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) គឺជាក្រុមយោធាជាតិអ៊ីរ៉ង់ដ៏មានឥទ្ធិពលនយោបាយបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលគ្រប់គ្រងបណ្ដុំពាណិជ្ជកម្មធំៗ ក៏ដូចជាគាំទ្រកងកម្លាំងប្រដាប់អាវុធជ្រុលនិយមផ្សេងៗ រហូតដល់ការស៊ើបការណ៍សម្ងាត់នានា ដែលទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់យោធាជាតិអ៊ីរ៉ង់នេះថា ជាអ្នកធ្វើយុទ្ធនាការគាំទ្រក្រុមភេរវកម្ម​ពាសពេញពិភពលោក។

លើសពីនេះទៅទៀត មានសំណួរសួរថា​ បើអាមេរិកមិនអាចរារាំងអ៊ីរ៉ង់​ក្នុងផលិតការអាវុធនុយក្លេអ៊ែរបាន តើអាមេរិកនឹង​ដោះស្រាយដូចម្តេច?​ លោកបៃដិន ឆ្លើយដោយឥតលាក់លាមថា​ «សហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាក្នុងការដោះស្រាយ» ជាជម្រើសចុងក្រោយ។

ទោះបីបែបនេះក្តី កន្លងមក អ៊ីរ៉ង់​បដិសេធ​ការចោទប្រកាន់របស់អាមេរិក ហើយថា​ ការដែលខ្លួនដំឡើង​កម្មវិធី​នុយក្លេអ៊ែរ​រ​ដើម្បីផលិតអាវុធនេះ គឺសម្រាប់​គោលដៅ​សន្តិភាព​តែ​មួយ​គត់។

មែនទែនទៅ ទីក្រុងតេអេរ៉ង់បានធ្វើកិច្ចព្រមព្រៀងមួយជាមួយប្រទេសមហាអំណាចចំនួន​ប្រាំមួយក្នុងឆ្នាំ ២០១៥ ដែលសន្យាថា នឹងដាក់កំហិតក្នុងការការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច​ពីប្រទេសទាំងប្រាំមួយនោះ។

ជាអកុសល ក្រោមអាណត្តិ​ប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិសេធចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ក្នុងឆ្នាំ ២០១៨ ជាមួយអ៊ីរ៉ង់ ហើយថែមទាំងដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរលើប្រទេសនេះដែលជំរុញឱ្យ​ទីក្រុងតេអេរ៉ង់ (Tehran) ចាប់ផ្តើមរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួនពីពេលនោះមក។

ក៏ប៉ុន្តែ ក្រោយរដ្ឋការលោកចូ បៃដិន អាមរិកបានចរចាបាន​ឡើងវិញនូវកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងខែមីនាកន្លងទៅ ប៉ុន្តែការពិភាក្សា​មិនបានទទួលលទ្ធផលអ្វីបន្តិចសោះ ដោយសារតែសហរដ្ឋអាមេរិកបានទាត់ចោលចំពោះ​ការទាមទារ​របស់ទីក្រុងតេអេរ៉ង់ ដែលឱ្យទីក្រុងវ៉ាស៊ីន​តោន​ដកយោធា​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ (IRGC) ចេញពីបញ្ជីក្រុមភេរវកម្ម ដោយអាមេរិកលើកហេតុផលថា ការទាមទារនេះគឺជាប្រធានបទផ្សេងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក៏ដោយចុះ នៅក្នុងដំណើរកិច្ចនេះ​លោក Biden ក៏បានរំលឹកឡើងវិញ​នូវបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកដែលចង់ឃើញ ជនជាតិប៉ាឡេស្ទីន​ដែលរស់នៅក្នុងទឹកដី​ដែលកាន់កាប់ដោយអ៊ីស្រាអែលមាន​ការសម្រុះសម្រួល​ជាមួយជនជាតិអ៊ីស្រាអែល និងចាប់ផ្តើមកិច្ចចរចា​ដែលជាប់គាំងកាលពីឆ្នាំ ២០១៤ ក្នុងការឈានទៅរកឯករាជ្យភាពរដ្ឋប៉ាឡេស្ទីន។

គួររំលឹកឡើងវិញថា ភាព​តានតឹង​មានកើនឡើង​សាជាថ្មីរវាង​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ជុំវិញ​ការ​សម្លាប់​អ្នកកាសែត​ជនជាតិ​អាមេរិក-ប៉ាឡេស្ទីន​​ឈ្មោះ ស៊ើរីន អាបូ អាក្លេរ (Shireen Abu Akleh) ក្នុង​ខែ​ឧសភាកន្លងទៅ ដែល​ដោយមានបាញ់ដោយ​​​កងកម្លាំង​របស់អ៊ីស្រាអែល​​នៅ​តំបន់ (West Bank)។

សូមបន្ថែមថា នៅថ្ងៃទីពីរនៃ​ដំណើរទស្សនៈកិច្ចនៅមជ្ឈិមបូព៌ា គឺនៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោកយ៉ែ ឡាភីប (Yair Lapid) បានប្រកាសថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយដោយសន្យាថា នឹងរារាំងប្រទេសអ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរឲ្យបានផងដែរ។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់លោក Biden បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រីកលើទំនាក់ទំនង​សន្តិសុខយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមទាំងការប្តេជ្ញាចិត្ត ដែលនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរក្នុងដៃនោះទេ»។

សូមជម្រាបថា បន្ទាប់ពីអ៊ីស្រាអែលលោក Biden ក៏នឹងជួបជាមួយមេដឹកនាំប៉ាឡេស្ទីននៅតំបន់ West Bank នៅថ្ងៃសុក្រ ហើយនឹងជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេស​អារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រ​ផ្សេងទៀតនៅទីក្រុងចេដា (Jeddah) នៅថ្ងៃសៅរ៍។

ដំណើរទស្សនៈកិច្ចក្នុងប្រទេសសម្ព័ន្ធមិត្តនៅមញ្ឈឹមបូព៌ានេះ ត្រូវបានគេមើលឃើញថា អាមេរិកចង់គៀរករសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការខ្ទប់ឥទ្ធិពលអ៊ីរ៉ង់នៅក្នុងតំបន់ ក៏ដូចជាជំរុញ​ឱ្យមានការពង្រីកផលិតកម្មប្រេងពីប្រទេស​អារ៉ាប៊ីសាអូឌីតជាដើម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងពិភពលោកផងដែរ ក្រោយការដាក់ទណ្ឌកម្មលើរុស្សី។




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ប្រាប់ឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណេតពង្រឹងសេវារបស់ខ្លួន

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា និងបានអំពាវនាវឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ ន…

ប្រទេសទួរគីអះអាងថា កិច្ចព្រមព្រៀងបើកផ្លូវនាំចេញស្បៀងអ៊ុយក្រែននឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ

ព័ត៌មាន
ប្រទេសរុស្ស៊ី អ៊ុយក្រែន ទួគី និងអង្គការសហប្រជាជាតិ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅសប្តាហ៍ក្រោយនេះ ក្នុងគោលបំណងបន្តការនាំចេញគ្រាប់ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ