ការកក់សេវាស្នាក់នៅ

ការកក់បន្ទប់ស្នាក់នៅស្ទុះងើបឡើង ខណៈថ្ងៃឈប់សម្រាកជិត១០ថ្ងៃកៀកជិតមកដល់


អាជ្ញាធរទេសចរណ៍បានអះអាងថា ការកក់បន្ទប់ស្នាក់នៅនៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍បាននិងកំពុងស្ទុះងើបឡើងជាបណ្ដើរៗវិញហើយ ខណៈដែលថ្ងៃឈប់សម្រាកជិត១០ថ្ងៃ កាន់តែកៀកខិតចូលមកដល់។ ទន្ទឹមនឹងនេះដែរ អាជ្ញាធរខេត្តក៏បាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងណាសម្រួលដល់ការធ្វើដំណើរកម្សាន្ដរបស់ពលរដ្ឋ ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាពពីការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
កម្មករនិយោជិតក្នុងវិស័យទេសចរណ៍នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុង១ខែពីរដ្ឋាភិបាល(www.tripadvisor.com)
ដោយ

​នៅសប្ដាហ៍ទី៣ នៃខែសីហានេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​​ឈប់សម្រាក​រយៈពេល​១សប្ដាហ៍ពេញ ប៉ុន្ដែ​បើបូកទាំថ្ងៃសោរ៍ អាទិត្យ​ទៀត គឺការឈប់សម្រាក​នេះ​មានរយៈពេលដល់ទៅ ៩ថ្ងៃឯណោះ ដោយការឈប់សម្រាកនេះ គឺធ្វើឡើង​តាមការសន្យា​របស់​រាជរដ្ឋាភិបាល ដែល​ឈប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ កាលពីខែ​មេសាកន្លង​នេះ។

លោក ស៊យ ស៊ីណុល ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​បញ្ជាក់​ថា តាមការ​ចុះ​ស្រង់ទិន្នន័យ​ពីអាជ្ញាធរ​លើ​ផ្ទះសំណាក់​សណ្ឋាគារ​នៅក្នុង​ខេត្ត​កំពត​​បានបង្ហាញ​ឲ្យឃើញថា ការ​កក់​បន្ទប់​ស្នាក់​នៅ​គឺមាន​សកម្មភាពកើនឡើង​ជាបន្ដបន្ទាប់​ ដោយមកទល់ពេលនេះ​ទទួលបាន​ការកក់​ពីភ្ញៀវ​ប្រមាណ ៣០%ហើយ​ ពិសេស​សេវាបន្ទប់​ស្នាក់នៅ​នៅតាម​ដងព្រែក។ បើតាម​ប្រធានមន្ទីរ​ទេសចរ​ខេត្តកំពត​ នៅក្នុងខេត្ត​នេះ មាន​បន្ទប់​សម្រាប់​ជួលស្នាក់នៅ​ជាង ៤ពាន់បន្ទប់​ ក្នុងនោះ​ ​សណ្ឋាគារ​មាន​ចំនួន ១២ កន្លែង ក្រៅពីនោះ ភាគច្រើនជា​ផ្ទះសំណាក់ និងបឹងហ្គាឡូ។ 

ទន្ទឹមនឹង​ ការ​កក់​បន្ទប់​ស្នាក់នៅ​កំពុង​មានការ​កើនឡើងនេះដែរ អាជ្ញាធរ​ខេត្ត​កំពត​ក៏បាន​និងកំពុង​ចុះ​ធ្វើការអប់រំ​ផ្សព្វផ្សាយ​ពីវិធានការ​នានា​ទៅដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​នៅក្នុងខេត្ត​ផងដែរ​ក្នុងគោលដៅ​ទប់ស្កាត់​នូវ​ការ​ឆ្លង​មេរោគកូវីដ-១៩ អំឡុងពេល​ពលរដ្ឋ​មកធ្វើដំណើរ​កម្សាន្ដ​នាសប្ដាហ៍ខាងមុខនេះ។ បើតាម​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពត នៅក្នុងខេត្តនេះ មាន​មូលដ្ឋាន​អាជីវកម្មមាន​ប្រមាណ ៦០០ ទីតាំង ហើយ​អាជ្ញាធរ​បាន​ចុះ​ធ្វើការអប់រំ​ផ្សព្វផ្សាយ​បានប្រមាណ ៩០%ហើយ។ លោកបន្ថែមថា ខេត្តកំពត​មាន​តំបន់ទេសចរណ៍​ចំនួន​១៧ គោលដៅ​ហើយ​នៅ​រយៈពេល​២ខែចុងក្រោយនេះ ចំនួន​ភ្ញៀវទេសចរ​មកធ្វើ​ដំណើរកម្សាន្ដ​ក្នុង​ខេត្តកំពត​បាន​ហក់​កើនឡើងទ្វេដង។

ជុំវិញ​នឹង​ការកក់​បន្ទប់ស្នាក់នៅ​នេះដែរ ប្រធានមន្ទីរទេសចរណ៍​ខេត្ត​សៀមរាប​លោក ងូវ សេងកាក់​បាន​លើកឡើងដែរថា ចំពោះតួលេខ​ជាក់ស្ដែង គឺខាងមន្ទីរទេសចរណ៍ខេត្ត​មិនទាន់​បាន​ប្រមូល​អស់នៅឡើ​យទេ ប៉ុន្ដែ​តាមការ​ត្រួតពិនិត្យ​ជាបឋម​ឃើញថា ការកក់​នៅមាន​ចំនួន​តិចតួច​នៅឡើយទេ។

យ៉ាងណាក៏ដោយ លោក សេងកាក់​បន្ថែមថា ដើម្បី​ទទួលស្វាគមន៍​ភ្ញៀវទេស​ដែលនឹង​មកកម្សាន្ដ​នៅថ្ងៃឈប់​សម្រាក​នាសប្ដាហ៍​ទី៣ នៃខែសីហានេះ ​អាជ្ញាធរខេត្ត​សៀមរាប​ បាននិងកំពុង​ត្រៀម​រៀបចំ​នូវ​កម្មវិធីជាច្រើន​ដូចជា​ជិះកង់ ជិះទូក ពិព័រណ៌ម្ហូបអាហារ​ និងកម្មវិធី​ធ្វើដំណើរ​ទៅតាម​គោលដៅ​ទេសចរណ៍​ផ្សេងៗទៀត។ ជាមួយគ្នានេះ អាជ្ញាធរខេត្ត​សៀមរាប​​ក៏បាននិងកំពុង​រៀបចំ​អប់រំ​ផ្សព្វផ្សាយ​អំពីវិធានការ​ទប់ស្កាក់​ការចម្លង​កូវីដ-១៩ ទៅកាន់​ម្ចាស់អាជីវកម្ម​ទេសចរណ៍នានាផងដែរ។ 

តាមការ​បញ្ជាក់​របស់​ប្រធានមន្ទីរទេសចរណ៍រូបនេះ សម្រាប់​ខេត្តសៀមរាប​ក្នុងមួយខែៗ ទទួលបាន​ភ្ញៀវទេសចរ​មកស្នាក់នៅ​ប្រមាណជិត​៣ពាន់នាក់​ប៉ុណ្ណោះ ក្នុងនោះ​ភ្ញៀវជាតិ​ប្រមាណជាង​១ពាន់នាក់ ខណៈបរទេស​មានប្រមាណ ជិត​២ពាន់នាក់។

សូមបញ្ជាក់ថា របាយការណ៍ថ្មីមួយ​​ពីក្រសួង​ទេសចរណ៍​បាន​បង្ហាញថា នៅក្នុងខែ​កក្កដា​កន្លងទៅនេះ ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​ដែល​បាន​ធ្វើដំណើរកម្សាន្ដ​នៅទៅទាំង​ប្រទេសកម្ពុជា​មាន​ប្រមាណ ៧៤ម៉ឺននាក់ ដោយក្នុងនោះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​ប្រមាណជាង​ជាង​១៤ម៉ឺននាក់ បន្ទាប់មក​គឺខេត្ត​កែប​ទទួលបាន​ជិត​១២ម៉ឺននាក់ បន្ទាប់ពីនេះ គឺខេត្ត​កណ្ដាល​ កោះកុង, ព្រះវិហារ និងមណ្ឌលគីរី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្យាករណ៍​ថ្មីបង្ហាញថា GDP របស់ថៃ អាចនឹងធ្លាក់ចុះដល់ -១១,៤% នៅក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានទម្លាក់ការព្យាករជាថ្មីអំពី GDP របស់ថៃ ថាអាចនឹងធ្លាក់ចុះដល់ទៅ ១១,៤% នៅក្នុងឆ្នាំ ២០២០នេះ ដោយរងផលប៉ះពាល…

សង្គ្រាមបច្ចេកវិទ្យារបស់មហាអំណាចពិភពលោក ចាប់ផ្ដើមពុះកញ្ជ្រោលកាន់តែខ្លាំង!

ព័ត៌មាន
ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មមិនទាន់បានរកដំណោះស្រាយឃើញផងនោះ សង្គ្រាមបច្ចេកវិទ្យារវាងប្រទេសមហាអំណាចយក្សៗរបស់ពិភពលោកក៏កំពុងចាប់ផ្ដើមកក្រើកពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ