អង់គ្លេសចែចូវទិញប្រេងពីមជ្ឈិមបូព៌ា

អង់គ្លេសតាមចែចូវទិញប្រេងពីតំបន់មជ្ឈិមបូព៌ា ក្រោយឈប់នាំចូលប្រេងពីរុស្ស៊ី


បើទោះបីជា ប្រទេសលោកខាងលិចមិនសូវជាល្អូកល្អើនជាមួយនឹងប្រទេសនៅតំបន់មជ្ឈិមបូព៌ាក៏ពិតមែន ប៉ុន្ដែ នៅក្រោយពេលសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផ្ទុះឡើង និងមានការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីយ៉ាងចាស់ដៃនោះ ឥឡូវនេះ ក្រុមប្រទេសលោកខាងលិចហាក់បង្វែរទិសដៅ ភ្នែកសម្លឹងតាមចែចូវប្រទេសនៅតំបន់មជ្ឈិមបូព៌ាឡើងវិញ ដើម្បីធ្វើជាទីផ្សារផ្គត់ផ្គង់ប្រេងជំនួសទីផ្សារុស្ស៊ី។
អង់គ្លេសតាមចែចូវទិញប្រេងពីតំបន់មជ្ឈិមបូព៌ា
ដោយ

ជាក់ស្ដែង នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក បូ​រី​ស ច​ន​សុ​ន (Boris Johnson) នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អា​រ៉ាប់​រួម និង​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ទទួល​បាន​លំហូរ​ប្រេង​បន្ថែម​ពី​មជ្ឈិមបូព៌ា និង​បង្កើន​សម្ពាធ​លើ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin ជុំវិញ​សង្គ្រាម​ឈ្លានពាន​នៅ​អ៊ុយ​ក្រែ​ន​។

នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​និង ប្រទេស​លោក​ខាងលិច​ជា​ច្រើន​ទៀត​កំពុង​តែ​ប្រឈម​នឹង​តម្លៃ​ថាមពល​ឡើងថ្លៃ​ឥត​ឈប់​ឈរ ក្រោយ​ទម្លាក់​ទណ្ឌកម្ម​ផ្ទួន​ៗ​ទៅ​លើ​រុ​ស្ស៊ី​នោះ លោក ច​ន​សុ​ន នាយក​រដ្ឋមន្ត្រី​អង់គ្លេស​កំពុង​អ​ន្ទៈ​សា​មែនទែន ក្នុង​ការ​ជំរុញ​ឱ្យ​ប្រទេស​ផលិត​ប្រេង​បង្កើន​ការ​ផលិត​របស់​ខ្លួន និង​ធានា​ការ​ផ្គត់ផ្គង់​ផ្សេង​ទៀត ដើម្បី​ព្យាយាម​ជួយ​ប្រទេស​ជា​អ្នក​ប្រើប្រាស់​ប្រេង​ពិសេស​នៅ​អឺរ៉ុប​។ ការ​ផ្គត់ផ្គង់​ប្រេង​ពី​ប្រទេស​ផលិត​ប្រេង ពិសេស​ពី​ម​ជ្ឍិ​ម​បូព៌ា​កាន់តែ​ច្រើន នោះ​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​ទៅ​លើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី​ផង​ដែរ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​របស់​លោក បូ​រី​ស ច​ន​សុ​ន បាន​និយាយ​ថា មេដឹកនាំ​អង់គ្លេស​ក៏​នឹង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត រួម​ទាំង​ការ​ប្រហារជីវិត​បុរស ៨១ នាក់​ផង​ដែរ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា រដ្ឋាភិបាល​ទីក្រុង​ឡុ​ង​ដ៍ មិន​គួរ​ងាក​ទៅ​រក​ប្រទេស ដែល​បាន​ប្រព្រឹត្ត​ការ​ប្រហារជីវិត​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ​ទេ​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រូប​នេះ​នឹង​ជួប​ព្រះ​អង្គ​ម្ចាស់ ម៉ូ​ហា​ម៉េ​ត ប៊ី​ន ហ្សា​យ៉េ​ដ (Mohammed bin Zayed) នៅ​ប្រទេស​អា​រ៉ាប់​រួម​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ចូល​គាល់​ព្រះ​អង្គ​ម្ចាស់ ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ា​ន់ (Mohammed bin Salman) របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។

លោក ច​ន​សុ​ន បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​មុន​ពេល​កិច្ចប្រជុំ​មួយ​ថា ចក្រភព​អង់គ្លេស​កំពុង​បង្កើត​សម្ព័ន្ធភាព​អន្តរជាតិ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​អង់គ្លេស​កំពុង​ជួប​ថ្មី​ៗ​នេះ​។ ពិភពលោក​ត្រូវ​តែ​ផ្តាច់ខ្លួន​ចេញពី​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​រុ​ស្ស៊ី​ដើម្បី​ផ្ដាច់​អាហារ​ដ៏​សែន​ឆ្ងាញ់​របស់​លោក ពូ​ទី​ន​។

លោក ច​ន​សុ​ន បាន​បន្ថែម​ទៀត​ថា អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ាត​អា​រ៉ាប់​រួម គឺជា​ដៃគូ​អន្តរជាតិ​ដ៏​សំខាន់​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​។ អង់គ្លេស​នឹង​ធ្វើការ​ជាមួយ​ប្រទេស​ទាំងនេះ ដើម្បី​ធានា​សន្តិសុខ​ក្នុង​តំបន់ ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​មនុស្សធម៌ និង​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព នៃ​ទីផ្សារ​ថាមពល​ពិភពលោក​សម្រាប់​រយៈពេល​កាន់តែ​វែង​។

ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​នេះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ប្រេងម៉ាស៊ូត​ធំ​ជាងគេ​ទី​បី​ទៅ​ឱ្យ​ចក្រភព​អង់គ្លេស​នោះ ក៏​នឹង​មានការ​បញ្ជាក់​ដែរ​ថា ក្រុម Alfanar Group  របស់​អា​រ៉ាប់​ប៊ី​សា​អូឌីត​នឹង​វិនិយោគ​ទឹកប្រាក់​ប្រហែល ១​ពាន់​៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុង​គម្រោង​ផលិត​ប្រេង​បៃតង ឬ​ហៅ​ថា Lighthouse Green Fuels Project នៅ​តំបន់ ធី​សាយ (Teeside) នៅ​ភាគ​ឦសាន​ប្រទេស​អង់គ្លេស​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចោទកោះតៃវ៉ាន់ថា កំពុងទាញយកប្រយោជន៍ពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
រដ្ឋាភិបាលចិននៅថ្ងៃពុធ ទី១៦ ខែមីនា បានថ្កោលទោសជំនួយមនុស្សធម៌របស់តៃវ៉ាន់សម្រាប់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីថាជា «ការទាញយ…

វិបត្តិសង្គ្រាមនៅអ៊ុយក្រែនធ្វើឲ្យជនភៀសខ្លួនអ៊ុយក្រែនកើនជាង ៣លាននាក់ហើយ

ព័ត៌មាន
ជនភៀសខ្លួនអ៊ុយក្រែនសរុបបានកើនឡើងដល់ជាង៣លាននាក់ហើយ គិតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនរហូតមកទល់នឹងពេលនេះ។ នេះបើតាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ