តើអង់គ្លេសនឹងអាចសម្រេចឱ្យចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPPឬទេ?!

អង់គ្លេសទទួលបានភ្លើងខៀវ ដើម្បីចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ហើយ


តើចក្រភពអង់គ្លេសនឹងអាចសម្រេចគោលដៅចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែរឬយ៉ាងណា? ក្រោយពីការចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសបានព្យាយាមខ្នះខ្នែងសម្បើមណាស់ក្នុងការចូលរួមនៅក្នុងកិច្ចព្រមព្រៀងធំៗរបស់ពិភពលោក រួមទាំងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅ កាត់ថា CP TPP។
អង់គ្លេសទទួលបានភ្លើងខៀវ ដើម្បីចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ហើយ

បើតាមសេចក្ដីរាយការណ៍ចុងក្រោយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនបង្ហាញថា ក្រុមប្រទេសទាំង១១ នៃកិច្ចព្រមព្រៀង CP TPP បានសម្រេចអនុញ្ញាតតាមសំណើរបស់ចក្រភពអង់គ្លេស ក្នុងការបើកភ្លើងខៀវឱ្យប្រទេសនៃប្រជាជាតិអឺរ៉ុបមួយនេះ ចូលជាសមាជិកនៃប្លុកសេដ្ឋកិច្ច CP TPP នៅសប្តាហ៍នេះតែម្តង។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសសមាជិក CPTPP កាលពីថ្ងៃសុក្រ ទី ២៤ មីនា បានយល់ព្រមឱ្យអង់គ្លេសចូលជាសមាជិកនៃកិច្ចព្រមព្រៀង CP TPPហើយ។ ទោះយ៉ាងណា ដំណើរការនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិបាន។

ការសម្រេចឱ្យអង់គ្លេសចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP គឺជាការបោះជំហានថ្មីមួយ ដែលប្លុកនេះ នឹងមានសមាជិក ដែលជាប្រទេសនៅតំបន់អឺរ៉ុបជាលើកដំបូង ហើយវាក៏ បានបង្ហាញពីការពង្រីកនូវវិសាលភាពនៃកិច្ចព្រមព្រៀងនេះឱ្យលើសពីក្របខណ្ឌសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផងដែរ។

ជាការពិត ក្របខណ្ឌសេដ្ឋកិច្ចនេះសន្យាថា នឹងបើកផ្លូវសម្រាប់ឱកាសទីផ្សារបន្ថែមទៀត សម្រាប់ចក្រភពអង់គ្លេស ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀតទាក់ទងនឹងលំហូរចូលនៃទិន្នន័យ និងស្តង់ដារចែករំលែកផ្នែកពាណិជ្ជកម្មផងដែរ។ ហើយទន្ទឹមនឹងការបើកភ្លើងខៀវនេះ អង់គ្លេសនឹងត្រូវអនុវត្តកំណែទម្រង់ណាមួយ ដែលគេចាត់ទុកថា ចាំបាច់ដើម្បីបំពេញតាមស្តង់ដារ CPTPP ក្នុងរយៈពេលកំណត់។

បើតាមលោក David Henig នាយកគម្រោងគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសនៅមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់សេដ្ឋកិច្ចនយោបាយអន្តរជាតិ បានចាត់ទុកការផ្លាស់ប្តូរដើម្បីចូលរួមនៅក្នុងកិច្ចព្រមព្រៀង CP TPP គឺមានការផ្តោតសំខាន់លើ «នយោបាយជាងសេដ្ឋកិច្ច»។ លោកថា ប្លុកសេដ្ឋកិច្ចនេះ មិនអាចក្លាយខ្លួនជាកម្លាំងមួយដ៏ស្រួចស្រាល់ក្នុងការដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោកខ្លាំងប៉ុន្មាននោះទេ ល្គឹកណាប្រទេសយក្សៗសេដ្ឋកិច្ចដូចជាសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុបមិនទាន់ចូលមកអង្គុយជាមួយគ្នានោះ។

គួរជម្រាបថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នេះត្រូវលេចចេញជារូបរាងឡើងកាលពីឆ្នាំ២០១៨ ដែលមានប្រទេសជាសមាជិកដំបូងចំនួន១១ប្រទេស។ គេអាចនិយាយបានថា ការចូលជាសមាជិកថ្មីនៃប្រទេសណាមួយនោះ នឹងតម្រូវឱ្យគោរពនូវច្បាប់ និងស្តង់ដារដ៏តឹងរ៉ឹង ហើយសមាជិកទាំងអស់ត្រូវសម្រេចអនុម័តជាឯកច្ឆ័ន្ទសម្រាប់សមាជិកថ្មី។ កិច្ចព្រមព្រៀង CPTPP មានសមាជិកដូចជា ប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ពេលថ្មីនេះ ប្រទេសចិន និងកោះតៃវ៉ាន់ ក៏បានបានប្រទាញប្រទង់គ្នាក្នុងការស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងនេះផងដែរ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ប្តេជ្ញាបើកចំហសេដ្ឋកិច្ច និងធ្វើកំណែទម្រង់ប្រទេសចិន

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) ដែលទើបចូលកាន់តំណែងថ្មី បន្ទាប់ពីលោក លី ខឺឈាងនោះ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៣០មីនា នៅឯវេទិកាសេ…

ក្រុមហ៊ុនហាងទំនិញលក់រាយធំៗចំនួន២ នៅអាមេរិកនឹងបិទហាង ៨០០កន្លែង ក្រោយទប់នឹងការខាតលែងជាប់

ព័ត៌មាន
ក្រោយពេលដែលសហរដ្ឋអាមេរិកមានវិបត្តិនៃការដូលរលំធនាគារ ហើយវិបត្តិអតិផរណានៅតែខ្ពស់ ទោះបីជាមានការកែលំអរបន្តិចក៏ដោយក៏នៅចុងខែមីនា ឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ