ការទិញ​រថយន្ត​បង់​រំលស់

ការ​ទិញ​រថយន្ត​បង់​រំលស់​ផ្តើម​ពេញ​និយម​ខ្លាំង​ ប៉ុន្តែ អ្នកជំនាញ​ហិរញ្ញ​វត្ថុ​ឲ្យ​ប្រយ័ត្ន!


ការ​ទិញ​រថយន្ត​បង់​រំលស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​នៅ​កម្ពុជា។ អាជីវករ​​លក់​រថយន្ត​បង់​រំលស់ លោក ប៊ុន រតនា បាន​ឲ្យ​ដឹង​ថា ខុស​ពី​អតីតកាល​ដែល​ប្រជាជន​ខ្មែរ​មាន​ផ្នត់​គំនិត​ខ្មាស​អៀន​នៅ​ពេល​ទិញ​រថយន្ត​បង់​រំលស់ បច្ចុប្បន្ន ប្រជាជន​ចាប់​ផ្តើម​ប្តូរ​គំនិត​ដោយ​ងាក​មក​គាំទ្រ​ការ​ទិញ​រថយន្ត​បង់​រំលស់​ទៅ​វិញ។
ការ​ទិញ​រថយន្ត​បង់​រំលស់​ហាក់​កំពុង​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា។
ដោយ

លោក ប៊ុន រតនា អគ្គនាយ​ក្រុមហ៊ុន S-AUTO CAMBODIA មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ជា​ទូទៅ ហាង​ខ្ញុំ​លក់​ដាច់​ឡាន​បង់​រំលស់​ច្រើន ដោយសារ​ប្រជាជន​យើង​ចង់​ទិញ​រថយន្ត ហើយ​អត់​មាន​លុយ​គ្រប់ ដូច្នេះ គាត់​មាន​ជម្រើស​តែ​មួយ គឺ​រថយន្ត​បង់​រំលស់។ ឥឡូវ ពួកគេ​ពេញនិយម​ច្រើន តែ​កាល​មុន ដូចជា ពួកគាត់​ខ្មាស​នៅ​ពេល​ទិញ​ឡាន​បង់​រំលស់»។

តាមពិត​ទៅ ការ​ទិញ​រថយន្ត​បង់​រំលស់​គឺ​ជា​និន្នាការ​ថ្មី​មួយ​នៅ​កម្ពុជា ប៉ុន្ដែ ការ​ទិញ​រថយន្ត​បង់​រំលស់​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ជឿន​លឿន​នៅ​ជុំវិញ​ពិភព​លោក។ បើ​តាម​លោក ប៊ុន រតនា ការ​ទិញ​រថយន្ត​បង់​រំលស់ មិនមែន​ជា​រឿង​ខ្មាស​អៀន​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ វា​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ទៅ​វិញ​ទេ។

លោក ប៊ុន រតនា បន្ថែម​យ៉ាង​ដូច្នេះ ៖ «បើ​និយាយ​ពី​ភាព​វិជ្ជមាន មាន​កត្តា​ពីរ គឺទី១ គាត់​អាច​មាន​ថវិកា​អត់​គ្រប់គ្រាន់​មែន តែ​គាត់​អាច​ទិញ​រថយន្ត​បាន ទីពីរ គាត់​មាន​ថវិកា​គ្រប់ តែ​គាត់​អត់​ចង់​ទិញ​ដោយ​បង់​ប្រាក់​ទាំង​អស់ ដោយ​គាត់​បង់​រំលស់​ដើម្បី​សល់​លុយ​ខ្លះ​យក​ទៅ​រក​ស៊ី។…បើ​កត្តា​អវិជ្ជមាន នៅ​ពេល​ទិញ​បង់​រំលស់ គាត់​ត្រូវ​អស់​ការ​ប្រាក់»។ 

បច្ចុប្បន្ន មាន​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនាគារ​ជា​ច្រើន បាន​សហការ​ជាមួយ​ឈ្មួញ ឬ​ក្រុមហ៊ុន​លក់​រថយន្ត ម៉ូតូ ឬ​ទូរស័ព្ទ​ជាដើម ដើម្បី​ផ្តល់​សេវា​កម្ចី​ដល់​អតិថិជន​សម្រាប់​ទិញ​សម្ភារៈ​ទាំង​នេះ។ 

លោក យុន សុវណ្ណា ប្រធាន​​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក ១០៣​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា មុន​ទិញ​របស់​របរ​បង់​រំលស់ ពលរដ្ឋ​គួរ​ទិញ​របស់​ណា​ដែល​ចាំបាច់​​បំផុត និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​លើ​លំហូរ​សាច់​ប្រាក់​របស់​ខ្លួន ដើម្បី​ជៀសវាង​បញ្ហា​គ្មាន​ប្រាក់​សង​ត្រឡប់​ទៅ​ម្ចាស់​បំណុល​វិញ។  

លោក យុន សុវណ្ណា មានប្រសាសន៍​ថា ៖ «ការ​ប្រើប្រាស់​សេវា​ហរិញ្ញវត្ថុ មិនមែន​សុទ្ធតែ​ជា​ឱសថ​ទិព្វ​សម្រាប់​ការ​ព្យាបាល​គ្រប់​កាលៈ​ទេសៈ​នោះ​ទេ គឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅ និង​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព និង​លំហូរ​សាច់​ប្រាក់​នៅ​ពេល​អនាគត​របស់​គ្រួសារ មុន​នឹង​យើង​សម្រេច​ចិត្ត​ប្រើ​សេវា​ហិរញ្ញ​វត្ថុ​យក​ទៅ​ទិញ​សម្ភារៈ។ ពលរដ្ឋ​គួរតែ​ប្រើ​សេវា​ហិរញ្ញវត្ថុ​នេះ ទិញ​សម្ភារៈ​ណា​ដែល​ចាំបាច់ ត្រូវការ​ប្រើ​ប្រាស់​ពិត​ប្រាកដ កុំ​ព្រោះ​តែ​សម្ភារៈ​និយម ហើយ​​ធ្វើការ​សម្រេច​ចិត្ត​ដោយ​មិន​យោង​តាម​ស្ថានភាព​ជាក់​ស្តែង វា​អាច​នឹង​ធ្វើ​ឲ្យ​ខ្លួន និង​គ្រួសារ​មាន​បញ្ហា»។

បើ​តាម​លោក យុន សុវណ្ណា ពលរដ្ឋ​មិនគួរ​ចំណាយ​ប្រាក់​លើស​ពី១០​ភាគរយ​នៃ​ចំណូល​ប្រចាំ​ខែ ដើម្បី​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​នោះ​ទេ ហើយ​គួរតែ​ទិញ​សម្ភារៈ​ដោយ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​ជា​ជាង​ទិញ​របស់​ដោយ​ផ្អែក​លើ​ចំណង់ ដើម្បី​ជៀស​វាង​ហានិភ័យ​នៃ​បំណុល​វ័ណ្ឌ​ក​នៅ​ថ្ងៃ​ខាង​មុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃម្រេចនាំចេញរបស់វៀតណាម ធ្លាក់ចុះជាង ៦០ ភាគរយ

ព័ត៌មាន
តម្លៃម្រេចនាំចេញរបស់វៀតណាម ជាមធ្យម នៅ៨ខែឆ្នាំនេះ បានរអិលធ្លាក់ចុះ ប្រមាណ ៦២% ធៀបនឹងតម្លៃម្រេចនៅឆ្នាំមុន ពោលគឺមានតម្លៃមកនៅត្រឹមប្រមាណ ៣.៣…

CPL ចាប់​ដៃគូ​ជាមួយ​ធនាគារ MB ផ្ដល់​សេវាវាយតម្លៃ​អចលនទ្រព្យ​ផ្តាច់មុខ

ព័ត៌មាន
ក្រុមហ៊ុន ស៊ីភីអិល (CPL) ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​និង​ល្បីល្បាញ​ជាង ២០ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ថ្មីៗនេះ សម្រេច​ចាប់​ដៃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ