យីហោ​ហាង​កាហ្វេថៃ បើកលើទឹកដីវៀតណាម

កាហ្វេ Amazon នឹងវិនិយោគ ៣,៥ លានដុល្លារបើកហាងកាហ្វេនៅវៀតណាម


ក្រុមហ៊ុនចុះបញ្ចីផ្សារហ៊ុនចំនួន២ គឺ PTT Plc ដែលជាក្រុមហ៊ុនមេ ហាងកាហ្វេ Amazon និង ក្រុមហ៊ុន Central Plaza Hotel Plc (Centel) បានប្រកាសកាលពីពេលថ្មីៗនេះ អំពីការសហវិនិយោគរួមគ្នា ដើម្បីបើកប្រតិបត្តិការអាជីវកម្មហាងកាហ្វេ Amazon នៅក្នុងទីផ្សារប្រទេសវៀតណាម ដោយទំហំនៃទឹកប្រាក់វិនិយោគរួមគ្នានេះ គឺមានរហូតដល់ទៅ ៣,៥ លានដុល្លារអាមេរិក។
កាហ្វេ Amazon នឹងវិនិយោគ ៣,៥ លានដុល្លារបើកហាងកាហ្វេនៅវៀតណាម

សារព័ត៌មាន​ថៃ បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ក្រោម​ការសហវិនិយោគរួមគ្នានេះ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ PTT របស់ថៃ និង​ពាណិជ្ជកម្មលក់រាយ នឹង​ដំណើរការ​តាមរយៈក្រុមហ៊ុន PTTOR International Holdings (Singapore) Pte Ltd ដើម្បីអាចកាន់កាប់​ចំណែក​ភាគហ៊ុន​៦០% នៅក្នុងទីផ្សារវៀតណាម។

រីឯក្រុមហ៊ុន Centel នឹង​វិនិយោគ​តាមរយៈ​ក្រុមហ៊ុន​ Central Restaurants Group Co (CRG) ដើម្បី​កាន់កាប់ចំណែក​ភាគហ៊ុន ៤០%។

កាលពី​ថ្ងៃទី ១២ ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុនថៃ PTT បាន​រាយការណ៍​ទៅកាន់​ផ្សារភាគហ៊ុន​ថៃថា ការវិនិយោគរួមគ្នានេះ នឹងមិនលើពី ២,១ លាន​ដុល្លារអាមេរិកនោះទេ។

ក្រុមហ៊ុន Centel បាននិយាយដែរថា តាមរយៈ​Central Restaurants Group នឹង​វិនិយោគ​ប្រហែល ១,៤លាន​ដុល្លារអាមេរិក នៅក្នុង​ការវិនិយោគរួមនេះ។ ភាគីទាំងពីរ បាន​ចុះហត្ថលេខា​រួមគ្នារួចហើយ អំពីកិច្ចព្រមព្រៀង​ចំណែកភាគហ៊ុន​នេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

លោក Ronnachit Mahattanapreut អនុប្រធាន​ជាន់ខ្ពស់​ផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលរបស់ Centel បានថ្លែង​នៅក្នុង​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ថា ថា​កម្មវត្ថុសំខាន់​គឺដើម្បី​ប្រតិបត្តិការអាជីវកម្ម​ហាងកាហ្វេ​Amazon នៅប្រទេសវៀតណាម។

លោក Ronnachit បញ្ជាក់យ៉ាងដូច្នេះថា «វាគឺស្ថិត​នៅក្នុង​ខ្សែបន្ទាប់​ជាមួយនឹង​ចក្ខុវិស័យរបស់​ក្រុមហ៊ុន Centel​ដើម្បីពង្រីក​អាជីវកម្ម​ម្ហូបអាហារ និងភេសជ្ជៈ​ទៅកាន់ទីផ្សារក្រៅប្រទេស»។

ជាមួយគ្នានេះដែរ លោក Wisarn Chawalitanon អនុប្រធាន​នាយកប្រតិបត្តិ​ជាន់ខ្ពស់​របស់ក្រុមហ៊ុន​ PTTOR បាន​លើកឡើងដែរថា ប្រទេសវៀតណាម​ គឺមានសក្ដានុពល​គ្រប់គ្រាន់​ក្នុងការ​ពង្រីក​អាជីវកម្មហាងកាហ្វេ​ ដោយសារតែ​ប្រទេសនេះ មានកំណើន​សេដ្ឋកិច្ចខ្ពស់ ហើយរដ្ឋាភិបាល​ក៏អនុញ្ញាត​ឲ្យវិនិយោគិន​ថ្មីៗ​បង្កើត និងប្រតិបត្តិការអាជីវកម្មនៅទីនោះផងដែរ។

លោក Wisarn និយាយថា «ឱកាសច្រើននៅវៀតណាម គឺដោយសារតែ​មាន​តម្រូវការ​ធំ នៃអ្នកប្រើប្រាស់ផលិតផល»។

បើតាម​ការគូសបញ្ជាក់​របស់ លោក Wisarn ហាងកាហ្វេ​ Amazon នឹង​ពង្រីកសាខា​របស់ខ្លួន​តាមរយៈ​ការលក់​សិទ្ធិអាជីវកម្ម (Franchise) សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​នៃប្រទេសវៀតណាមផងដែរ។

ហាងកាហ្វេ Amazon បានពង្រីក​បណ្ដាញសាខា​របស់ខ្លួន រហូតដល់ប្រហែល ៣.២០០ សាខា នៅតំបន់អាស៊ី រួមទាំងនៅប្រទេស អូម៉ង់ សិង្ហបុរី និងជប៉ុនជាដើម។ 

បង្កើតឡើង​តាំងពីឆ្នាំ២០១១ ហាងកាហ្វេយីហោរបស់ថៃមួយនេះ មានអតិថិជន​២,៤ លាន​នាក់ក្នុងមួយឆ្នាំ។

នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន PTTOR បានបង្ហាញពី​ចំណូល​បាន​មកពីអាជីវកម្ម​មិនមែន​ប្រេង ដែលមាន រហូតដល់ ១០,៩ ពាន់លានបាត កើនឡើង ៥,១២ ពាន់លាន​បាត ធៀបនឹង​ឆ្នាំ២០១៧។ នៅអំឡុងពេល​ដូចគ្នានេះ ហាង​កាហ្វេ Amazon មានតែ ២.៧៥០ សាខា​ប៉ុណ្ណោះ ទាំងនៅក្នុងស្រុក និង​សាខា​​នៅក្រៅប្រទេស។

យ៉ាងណាក៏ដោយចុះ គេសង្កេតឃើញថា បើទោះបីជា​ហាងកាហ្វេ​យីហោបរទេស​ហូរចូលច្រើន​នៅក្នុងទីផ្សារ​វៀតណាម ក៏ពិតមែន តែ​ហាក់មិនសូវជា​មានប្រៀបខ្លាំង​លើ​កាហ្វេយីហោ​ក្នុងស្រុក ដូចជា​ហាងកាហ្វេ Highlandនោះទេ។ តួយ៉ាង ហាងកាហ្វេយីហោ​ពី​អូស្ត្រាលី Gloria Jeans បានបិទទ្វារពីទីផ្សារ​វៀតណាម​នៅឆ្នាំ ២០១៧ ក្រោយពីបើកដំណើរការ​បាន​ប៉ុន្មានឆ្នាំ។ រីឯ ហាង​កាហ្វេ​ Starbucks ដែលជាយីហោ​ដ៏ល្បី​ក្នុងពិភពលោក​នោះ ក៏មិនសូវជា​ជោគជ័យ​ប៉ុន្មានដែរ ខណៈដែល​ហាងកាហ្វេ Coffee Bean & Tea Leaf ក៏ដូចគ្នាដែរ។ នេះបើយោង​តាម​ការរាយការណ៍មួយ​ដោយ​សារព័ត៌មាន CNBC។ 

តាម​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន Euromonitor International បាន​ឲ្យដឹងថា ប្រជាជន​ថ្នាក់ចំណុល​មធ្យម​នៅវៀតណាម កំពុង​មានការកើនឡើង​ ហើយទីផ្សារ​សម្រាប់​ហាង​កាហ្វេ និង​តែ នៅវៀតណាម ត្រូវបាន​គេ​ប៉ាន់ប្រមាណថា មាន​តម្លៃ​ច្រើនជាង ១ពាន់លាន​ដុល្លារអាមេរិក។ ​

បើតាម​សារព័ត៌មាន CNBC ខ្សែច្រវ៉ាក់​ក្នុងស្រុក​វៀតណាម កំពុង​ពង្រីកខ្លួន​យ៉ាងលឿន និង​ដំណើរការ​បាន​ល្អជាង​ដៃគូរ​ប្រជែង​អន្តរជាតិ​របស់ខ្លួន។ ខ្សែច្រវ៉ាក់ក្នុងស្រុក គឺមានការចំណាយតិច​ សម្រាប់​កាហ្វេ និងសម្របខ្លួន​បានលឿនជាង ទៅនឹងនិន្នាការ​ថ្មីៗ និងមាន​ការបោះជំហាន​ធំ។

សូមបញ្ជាក់ដែរថា វៀតណាម ក៏ត្រូវបានគេស្គាល់ថា ជាប្រទេស​ដែលមានការនាំចេញ​ធំបំផុត​ទី២ នៅក្នុង​ពិភពលោកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តុលាការ​ខេត្ត​រតនគិរី ពន្យារ​ពេល​ការ​កាត់​ក្តី​អតីត​អ្នក​កាសែត​ ឌឹខេមបូឌាដេលី

ព័ត៌មាន
តុលាការ​ខេត្ត​រតនគិរី នៅថ្ងៃ​ពុធ ទី​២៥ ខែ​ធ្នូ​នេះ បាន​ពន្យារ​ពេល​សវនាការ​កាត់ក្តី អតីត​អ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីរ​រូប ដែល​ត្រូវ…

ទូត​អាមេរិក៖ កម្ពុជា​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​លក្ខខណ្ឌ​ដែល​ភ្ជាប់​នឹង​ជំនួយ កម្ចី និង​ការ​វិនិយោគ​ផ្សេងៗ

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក លោក W. Patrick Murphy បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​គួរតែមាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​​លក្ខខណ្ឌ​ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ