វេទិកា​ធុរកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ថ្ងៃទី៤ វិច្ឆិកា ២០១៩

ធុរជន​កម្ពុជា​ល្បីៗ, លោក​ទូត​អាមេរិក​ថ្មី នឹងចូលរួម​វេទិកា​ធុរកិច្ច​​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​នៅប្រទេស​ថៃ


ធុរជន​និងសហគ្រិន​​​លេចធ្លោ​​នៅ​ក្នុង​វិស័យ​ឯកជន​នៃ​ប្រទេស​កម្ពុជា ប្រមាណជិត ២០នាក់ ដែល​ដឹកនាំ​ដោយ​​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំ​កម្ពុជា លោក W. Patrick Murphy នឹង​ទៅចូលរួម​វេទិកា​ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹង​ប្រព្រឹត្តទៅនាថ្ងៃទី៤ វិច្ឆិកា ២០១៩​នេះ នៅទីក្រុង​បាងកក​ ប្រទេស​ថៃ ស្របពេល​ជាមួយគ្នា​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី៣៥ ដែល​ប្រទេសថៃ​ធ្វើជា​ម្ចាស់​ផ្ទះ​ផងដែរ។
លោកឧកញ៉ា សុង សារ៉ន នាយកប្រតិបត្តិ​ក្រុមហ៊ុន Amru Rice និង​ជាប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (រូបឆ្វេង) សំណេះ​សំណាល​ជាមួយ​លោក​ W. Patrick Murphy នាពិធីជួបជុំមួយ នាថ្ងៃទី៣០ តុលា ២០១៩។
ដោយ

វេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Business Forum) សហការរៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ដោយ​ខាងភាគី​អាមេរិក ក៏នឹងមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផងដែរ។

លោកឧកញ៉ា សុង សារ៉ន នាយក​ប្រតិបត្តិក្រុមហ៊ុន​ Amru Rice ដែល​ល្បីល្បាញ​ខាង​រកស៊ី​ស្រូវអង្ករ​នៅ​កម្ពុជា នាំចេញទៅក្រៅប្រទេស និង​ជា​ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា ក៏ស្ថិត​ក្នុង​ចំណោម​គណៈប្រតិភូ​ធុរកិច្ច​កម្ពុជា ផង​ដែរ។ 

លោកឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា វេទិកា​នេះ គឺ​ជា​ឱកាស​សម្រាប់ធុរជន​ និងសហគ្រិន​កម្ពុជា ពន្យល់​ដល់​ធុរជន​មកពីជាង ២០​ប្រទេស អំពីចំណុច​វិជ្ជមាន​នៅ​កម្ពុជា ក៏​ដូច​ជា ឱកាស​ស្វែងរក​ការចាប់ដៃគូ​ពាណិជ្ជកម្ម​ថ្មីៗ ផងដែរ។

លោកឧកញ៉ា មានប្រសាសន៍​ដូច្នេះថា «ទីមួយ ការរំពឹងទុក​របស់​យើង គឺ​ យើង​នឹង​បាន​ជួប​ជាមួយក្រុមហ៊ុន​អាមេរិកធំៗ ដែលមាន​សក្ដានុពល​ក្នុងការ​ចាប់ដៃគូ​ពាណិជ្ជកម្ម ដោយសារយើង​ត្រូវការ​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​ឲ្យ​បាន​ទូលំ​ទូលាយ។ ហើយ​ក្នុង​វេទិកា​នេះ យើង​រំពឹង​ថា នឹងមាន​ក្រុមហ៊ុន​អាមេរិកាំង និង​ក្រុមហ៊ុន​មក​ពី ២៥ប្រទេស​ទៀត​ នឹង​ចូលរួម​ចែករំលែក និងស្វែងរក​ឱកាស​ធ្វើជា​ដៃគូ​ពាណិជ្ជកម្ម។ ទីពីរ យើង​ចង់​ស្វែងយល់​អំពីការ​ផ្លាស់ប្ដូរ​ថ្មីៗ នៅក្នុង​ចលនាពាណិជ្ជកម្ម​ពិភព​លោក អំពីតម្រូវការ អំពីការផ្គត់ផ្គង់ ព្រមទាំង​ទិដ្ឋភាព​ទៅ​ថ្ងៃ​មុខ ថាតើ​តម្រូវការ​សម្រាប់​សហរដ្ឋ​អាមេរិក និង​ពិភព​លោក នឹង​ប្រែប្រួល​យ៉ាងដូចម្ដេច ជាពិសេស គឺ បម្លាស់ប្ដូរផ្សេងៗ ដែល​កម្ពុជា​យើង​អាច​កែសម្រួល ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ពួកគាត់បាន។»

វេទិកាធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នឹងធ្វើឡើងនៅថ្ងៃទី៤ វិច្ឆិកា ២០១៩ នៅទីក្រុង​បាងកក ប្រទេសថៃ។

វេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វិក កើតឡើង​នៅក្រោយពេលដែល​ប្រទេស​កម្ពុជាធ្លាក់​ចុះ​ពិន្ទុ​នៅលើ​សន្ទស្សន៍​វាស់​ភាពងាយស្រួល​ធ្វើពាណិជ្ជកម្ម (ease of doing business index) រយៈពេល​ ៤ឆ្នាំ​ជាប់​ៗគ្នា ចាប់តាំងពីឆ្នាំ​២០១៦​មក។ នេះ​បើ​តាម​របាយការណ៍​វាស់​ភាពងាយស្រួល​ក្នុងការធ្វើ​ពាណិជ្ជកម្ម ឆ្នាំ​២០២០ របស់ធនាគារពិភពលោក។ 

សម្រាប់​ឆ្នាំ​២០២០ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១៤៤ លើ ១៩០ប្រទេស ដោយ​បាន​ពិន្ទុ ៥៣,៨ គឺធ្លាក់ចុះ​ពីចំណាត់ថ្នាក់​លេខ ១៣៨ កាលពីឆ្នាំ​២០១៩។ ឆ្នាំ​២០១៨ កម្ពុជា​ជាប់ចំណាត់ថ្នាក់លេខ​ ១៣៥, ឆ្នាំ​២០១៧ កម្ពុជាមាន​ចំណាត់ថ្នាក់​លេខ​១៣១, និង​ឆ្នាំ​២០១៦ កម្ពុជា​មាន​ចំណាត់ថ្នាក់លេខ ១២៧ លើ​ ១៩០​ប្រទេស។ 

លោកឧកញ៉ា សុង សារ៉ន ដែល​ក្រុមហ៊ុន​របស់​លោកជា​តួអង្គ​សំខាន់​មួយដែរ នៅក្នុង​វិស័យ​ឯកជន​កម្ពុជា បាន​មានប្រសាសន៍ថា ទើបី​កម្ពុជា​នៅមាន​ចំណុច​ខ្វះ​ខាត​ខ្លះក្ដី ក៏ប៉ុន្តែ ប្រទេស​អាស៊ាន​មួយនេះ​ក៏មានចំណុច​ល្អ​ច្រើនដែរ ដែល​លោកថា លោក​នឹង​ពន្យល់ដល់​ធុរជនធំៗ នៅឯវេទិកា​ ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ខាងមុខនេះ។

ធុរជន, សហគ្រិន និង​អ្នកសារព័ត៌មាន​កម្ពុជា ថតរូប​អនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូត​អាមេរិក ក្នុងពិធីជួបជុំ​មួយនាថ្ងៃទី៣០ តុលា ២០១៩ នៅ​មុន​ដំណើរមក​ចូលរួម​វេទិកា​ធុរកិច្ច ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក។

លោកឧកញ៉ា សុង សារ៉ន បន្ថែម​ថា «យើង​នឹង​ប្រាប់ទៅ​ពាណិជ្ជករ​នៃ​ប្រទេស​ផ្សេងៗ ជាពិសេស សហរដ្ឋ​អាមេរិក ឲ្យ​គាត់​ងាកមក​កម្ពុជា ដោយសារតែ​កម្ពុជា​យើង​មាន​ការរីកចម្រើន ងាកទៅរក​ការ​អភិវឌ្ឍ​។ ដូច្នេះ យើង​ចង់​ផ្លាស់ប្ដូរ​មុខ​មាត់​កម្ពុជា​​យើង មិនមែន​ជា​ប្រទេស​មួយ ដែលនិយាយ​តែ​ពីរឿង​អាក្រក់នោះទេ កម្ពុជា​យើង​ក៏ជា​ប្រទេស​មួយដែលមានរឿង​ល្អ​ជាច្រើន​ផងដែរ»។ 

នៅឯ​ពិធីជួបជុំ​មួយធ្វើ​នៅភ្នំពេញ មុនការ​ចេញដំណើរ​របស់​ប្រតិភូធុរកិច្ច​កម្ពុជា លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំកម្ពុជា ដែល​នឹង​ដឹកនាំ​គណៈប្រតិភូធុរកិច្ច​កម្ពុជា បានបង្ហាញ​នូវក្ដីរំពឹងវិជ្ជមាន​ពីលទ្ធផល​នៃ​វេទិកា​ធុរកិច្ច​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដែល​នឹង​ធ្វើ​នៅទីក្រុង​បាងកក នៅ​ថ្ងៃទី៤​ វិច្ឆិកា ខាង​មុខ​នេះ​។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានប្រសាសន៍​ដូច្នេះ​ថា «វាជា​ឱកាសដ៏​អស្ចារ្យ​មួយ សម្រាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ហើយ​វា​ក៏ជា​ឱកាស​ល្អ​ដែល​កម្ពុជា​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​ថ្នាក់​តំបន់ ដើម្បី​អំពី​អ្វីខ្លះ​ជា​ឱកាស​ដែលមាន​នៅ​កម្ពុជា សម្រាប់​ការវិនិយោគ​និង​ការធ្វើ​ពាណិជ្ជកម្ម​ដែល​បើក​ចំហ, មានតម្លាភាព ​និង​ប្រកាន់​ខ្ជាប់​នូវ​ការគោរព​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ខ្ពស់​បំផុត»។ 

គួរបញ្ជាក់ថា វេទិកា​ធុរកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក លើកទី១ ធ្វើឡើងកាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ឯ​សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។ ហើយ​លើកទីពីរ ដែលធ្វើនៅទីក្រុងបាងកក នៅថ្ងៃទី៤ វិច្ឆិកា ២០១៩ វេទិកានេះ នឹងមាន​អ្នក​ចូលរួមជា​មេដឹកនាំ​វិស័យ​ឯកជន ធុរជនធំៗ និង​មន្ត្រីរដ្ឋាភិបាល ជាង ១០០០នាក់ មកពីប្រមាណ ២៥ប្រទេស ហើយ​គណៈប្រតិភូ​ដ៏ធំមួយ ដែលដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក ក៏​នឹង​មក​ចូលរួមផ​ងដែរ។ 

វេទិកានេះ ធ្វើឡើង​នៅខាងក្រៅ​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៣៥, កិច្ច​ប្រជុំ​កំពូល អាស៊ី-បូព៌ា ហើយ​នឹង​ផ្ដោត​កិច្ច​ពិភាក្សា​ទៅ​លើ​ថា តើ​ឧបករណ៍​និង​គោល​នយោបាយ​នានា​របស់រដ្ឋាភិបាល អាច​ជួយ​សម្រួល​ដល់​ភាព​ជាដៃគូ​វិស័យ​ឯកជន​យ៉ាង​ដូចម្ដេច​ខ្លះ ដើម្បី​ជំរុញ​ឲ្យតំបន់​ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ទាំងមូល​សម្រេច​បាន​នូវ​សក្ដានុពល​សេដ្ឋកិច្ច​របស់​ខ្លួន។ នៅឯវេទិកានេះដែរ គេរំពឹងថា នឹងមានការប្រកាស​ឲ្យ​ដឹងអំពី​គំនិត​ផ្ដួចផ្ដើម​ជាច្រើន នៅក្នុង​វិស័យនានា ដូចជា ថាមពល, ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេដ្ឋកិច្ច​ឌីជីថល។ 

ពីក្នុងចំណោម​គណៈប្រតិភូ​ធុរកិច្ច​កម្ពុជា គេ​ឃើញមាន​ក្រុមហ៊ុនធំៗនិង​លេចធ្លោបំផុតនៅកម្ពុជា ក៏នឹងចូលរួមផងដែរ ដូចជា ក្រុមហ៊ុន ជីប ម៉ុង គ្រុប, ក្រុមហ៊ុន WorldBridge Group និង​ក្រុមហ៊ុន​អាមេរិកធំៗ ដែល​រកស៊ី​នៅ​កម្ពុជា ដូចជា General Electric Cambodia ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម នាំចេញផលិតផលកសិកម្មជាង ៣០ពាន់លានដុល្លារអាមេរិកនៅ៩ខែឆ្នាំនេះ

ព័ត៌មាន
ក្នុងរយៈពេល ៩ខែដំបូង ដើមឆ្នាំ ២០១៩ ប្រទេសវៀតណាម បានសម្រេចការនាំចេញផលិតផលកសិកម្មជាង ៣០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣% ធៀបនឹងឆ្ន…

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Thai Airways ចុះចេញពីតំណែង ខណៈក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways បាននិងកំពុង ជួបវិបត្តិហិរញ្ញវត្ថុអូសបន្លាយមកអស់រយៈពេលជាយូរមកហើយ។ អំឡុងពេលដែលក្រុមហ៊ុនកំពុងជួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ