វ៉ាក់សាំងកូវីដ-១៩

កម្ពុជាអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយ WHO ជាទំនិញយុទ្ធសាស្ត្រគន្លឹះសាកល គ្មានការរើសអើង


បច្ចុប្បន្ននេះ ពិភពលោកបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាច្រើនប្រភេទ សម្រាប់ការទប់ទល់ការរីករាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ក៏ប៉ុន្តែ ប្រសិទ្ធិភាពនៃវ៉ាក់សាំងទាំងនោះ មិនដូចគ្នានោះទេ ព្រោះវាត្រូវបានផលិតនៅប្រទេសផ្សេងៗគ្នា និងប្រភេទខុសគ្នាផងដែរ។ វ៉ាក់សាំងទាំងនោះ សុទ្ធតែប្រសិទ្ធភាពរៀងខ្លួន ក្នុងការទប់ស្កាត់ជំងឺការឆ្លងជំងឺដ៏កាចសាហាវនេះ ដូច្នេះ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល។
វ៉ាក់សាំងកូវីដ ១៩

ការ​អំពាវ​របស់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​របស់​សម្តេច នៅ​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​សាកល​ស្ដី​ពី​ជំងឺ​កូ​វី​ដ​-១៩ «​ការ​បញ្ចប់​ការ​រាតត្បាត និង​ការ​កសាង​ឡើង​វិញ ឱ្យ​កាន់តែ​ប្រសើរ​» នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក​។

នៅ​ក្នុង​សុន្ទរកថា របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​«​ដោយសារ​វ៉ាក់សាំង ជា​ទំនិញ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស កម្ពុជា​សូម​ស្វាគមន៍​នូវ​ការ​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង ជា​ពិសេស​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​យ៉ាងតិច ៧០% នៃ​ប្រជាជន​ពិភពលោក​»​។

បន្ថែម​លើ​ការ​អំពាវនាវ ឱ្យ​មានការ​កំណត់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំងអស់ ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​ទំនិញ​យុទ្ធសាស្ត្រ​គន្លឹះ​សកល ដោយ​គ្មាន​ការ​រើសអើង​ទៅ​លើ​ប្រភេទ និង​ប្រភព​នៃ​វ៉ាក់សាំង នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​អំពាវនាវ​ឱ្យ​កំណត់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ទំនិញ​សាធារណៈ ដែល​មាន​តម្លៃ​សមរម្យ និង​អនុញ្ញាត​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់ អាច​មាន​លទ្ធភាព ទទួល​បាន និង​ប្រើប្រាស់​បាន​តាម​តម្រូវការ​។ លើស​ពី​នេះ​ទៀត ក៏​ត្រូវ​បើកចំហ​រការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ យ៉ាង​ទូលាយ​ទៅ​តាម​តំបន់ និង​ប្រទេស​នានា ដែល​មាន​លទ្ធភាព តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន និង​ការ​លើកទឹកចិត្ត ដល់​ការ​វិនិយោគ​លើ​ការ​ផលិត​វ៉ាក់សាំង​ផង​ដែរ។

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​គ្រប់​ប្រទេស​ទាំងអស់ សូមកុំ​ប្រមូល​ទិញ​វ៉ាក់សាំង ទុក​សម្រាប់​តែ​ប្រទេស​របស់​ខ្លួន ឬ​រក្សា​វ៉ាក់សាំង ដែល​ខ្លួន​ផលិត បាន​ទុក​សម្រាប់​ប្រើប្រាស់ តែ​ក្នុង​ប្រទេស​ផ្ទាល់ខ្លួន​។

បច្ចុប្បន្ន មាន​ប្រភេទ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​និង​កំពុង​ប្រើប្រាស់​សម្រាប់​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​។ ដោយឡែក វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ WHO មាន​ដូច​ជា វ៉ាក់សាំង​ប្រភេទ AstraZeneca របស់​អង់គ្លេស​,​វ៉ាក់សាំង​ប្រភេទ Astazanaca ផលិត​នៅ​ឥណ្ឌា​, វ៉ាក់សាំង​របស់​ចិន ប្រភេទ Sinopharm និង Sinovac និង​វ៉ាក់សាំង​របស់​អា​មេ​រិ​ក ប្រភេទ Jonson & Jonson,Moderna និង​Pfizer​ជាដើម​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែកញ្ញា តួលេខ​ពី​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ថា កម្ពុជា​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​បាន​ដល់​ទៅ​ជាង ៩៨%​ហើយ​នៃ​ផែនការ​ចាក់​ជូន​ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​១០​លាន​នាក់​។ វ៉ាក់សាំង​ដែល​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ រួម​មាន​វ៉ាក់សាំង​ចិន Sinopharm និង Sinovac, វ៉ាក់សាំង​អា​មេ​រិ​ក Johnson & Johnson និង​វ៉ាក់សាំង​ប្រភេទ AstraZeneca​ជាដើម​។

ដោយឡែក ចំពោះ​ករណី​ឆ្លង​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ជា​មធ្យម​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង ៦០០​នាក់​ក្នុង​មួយ​ថ្ងៃ ដោយ​បាន​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ជាង​១០​ម៉ឺន​នាក់​ហើយ ខណៈ​អ្នកជា​សោះ​ស្បើយ​មាន​ជិត​១០​ម៉ឺន​នាក់ និង​ករណី​ស្លាប់មាន​ជាង​២​ពាន់​នាក់​។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងព្រលាយន្ដហោះសៀមរាបថ្មី អាចនឹងត្រូវចំណាយបន្ថែមជាង ១០លានដុល្លារ ដើមប្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត

ព័ត៌មាន
គម្រោងព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាបថ្មី ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា បច្ចុប្បន្នសម្រេចបានជាង ៤៥%ហើយ ប៉ុន្ដែ គម្រោងនេះ កំពុងបញ្…

ម្ចាស់ភាគហ៊ុនធំៗមួយចំនួនរបស់ Evergrande បន្ដលក់ភាគហ៊ុនចេញជាបន្ដបន្ទាប់

ព័ត៌មាន
ម្ចាស់ភាគហ៊ុនធំៗរបស់ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande បាននិងកំពុងពិចារណាលក់ភាគហ៊ុនចេញជាបន្ដបន្ទាប់ហើយ។ ក្រុមហ៊ុន Chi…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ