កសិកម្ម-ដំឡូងមី

តម្លៃដំឡូងមីឆ្នាំនេះកើនឡើងទ្វេដង ខណៈកសិករសម្រុក​ដក​លក់យ៉ាងគគ្រឹកគគ្រេង


លោក ពុយ សេន ឈ្មួញដំឡូងមីនៅខេត្តបាត់ដំបង បានប្រាប់ ខេមបូណូមីស ថា ដំឡូងមីនៅឆ្នាំនេះ មានតម្លៃកើនឡើងខ្ពស់ជាងឆ្នាំមុនរហូតដល់ពីរដងឯនោះ។ កាលពីឆ្នាំមុន ដំឡូងមីស្រស់មានតម្លៃត្រឹមតែ ១,៣ បាតក្នុងមួយគីឡូក្រាម ខណៈឆ្នាំនេះ លោកទិញដំឡូងមីស្រស់ពីពលរដ្ឋក្នុងមួយគីឡូក្រាម តម្លៃ ២,១ បាត ស្មើ ២៨០រៀល និង លក់ចេញដំឡូងមីស្ងួតបានរហូត ៦៧០ ទៅ ៦៨០រៀលក្នុងមួយគីឡូក្រាម។
កម្មករកំពុងមមាញឹកចិតដំឡូងមីដោយម៉ាស៊ីនដើម្បីដាក់ហាលនៅខេត្តបាត់ដំបង (រូបថត៖ ចាន់ មង្គល)
ដោយ

លោក ពុយ សេន ដែលជាឈ្មួញប្រមូលទិញដំឡូមីនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំឡូងមីឆ្នាំនេះ ឡើងថ្លៃ​១គុណ​២ ព្រោះ ឆ្នាំទៅ ខ្ញុំទិញធ្លាក់ថ្លៃដល់១០០រៀលក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងស្រស់។ ឆ្នាំនេះ ថៃ និងយួន វាលិចទឹក ហើយយួនឥឡូវ វាក៏ស៊ីដំឡូងស្រស់ច្រើនដែរ។ ទីផ្សារដំឡូងយើង តែងតែពឹងថៃច្រើនជាងគេ ព្រោះ ថៃវាយកទៅចិនផង»។ 

បើតាមឈ្មួញរូបនេះ ពលរដ្ឋនៅខេត្តបាត់ដំបងកំពុងសប្បាយចិត្តក្នុងការប្រមូលផល ខណៈដែលពលរដ្ឋខ្លះទៀត ក៏មានអារម្មណ៍ស្តាយក្រោយដែលយកដីដាំពោតអស់ ព្រោះតែ ឆ្នាំមុនតម្លៃដំឡូងមីចុះថោកខ្លាំងពេក។ ហេតុនេះហើយទើប ពលរដ្ឋមួយចំនួនធំ បានទុកដំឡូងមីកាលពីឆ្នាំមុន ដើម្បីគាល់លក់នៅឆ្នាំនេះវិញ។

លោក ពុយ សេន កំពុងរៀបរាប់ពីទីផ្សារដំឡូងមីប្រាប់អ្នកកាសែតខេមបូណូមីស (រូបថត៖​ ចាន់ មង្គល)

របាយការពីអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា គិតចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០១៧ ការនាំចេញផលិតចំណិតដំឡូងមីក្រៀមទៅទីផ្សារ​​បរទេស មានប្រមាណ ២,៣លានតោន ខណៈការនាំចេញដំឡូងមីស្រស់ស្រស់វិញ មានរហូតដល់ជាង៧៥ម៉ឺនតោន។ ក្នុងនោះ ប្រទេសថៃ និង វៀតណាម ត្រូវបានចាត់ទុកថា ជាទីផ្សារធំបំផុតក្នុងនាំចេញផលិតផលដំឡូងមីកម្ពុជា ខណៈការនាំចេញទៅទីផ្សារចិនផ្ទាល់ ហាក់មានចំនួនតិចតួចនៅឡើយ។ 

យ៉ាងណាក៏ដោយ ទីផ្សារចិន គឺជាអ្នកបញ្ជាទិញកសិផលដំឡូងមីច្រើនជាងគេបង្អស់នៅក្នុងពីភពលោក។ ជាមួយគ្នានេះ ដំឡូងមី ដែលជាផលិតផល​សំខាន់ជាងគេទី២បន្ទាប់ពីស្រូវ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ផងដែរនៅមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែងនៅពេលកន្លងទៅថ្មីៗនេះ វេទិកាផ្សព្វផ្សាយផលិតផលដំឡូងមី ក៏ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរ។ 

ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់មានប្រសាសន៍ថា នៅឆ្នាំ២០១៧កន្លងទៅ ផ្ទៃដីដាំដុះដំឡូងមីមានប្រមាណ​៦០​ម៉ឺនហិចតា ហើយកសិផលដំឡូងមី ជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងកំពុងមានតម្រូវការច្រើននៅលើទីផ្សារពិភពលោក។   

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដំឡូងមី អាចយកទៅផលិតសម្រាប់ធ្វើអាហារសម្រាប់មនុស្ស ចំណីសត្វ អេតាណុល និង សម្ភារប្រើប្រាស់ផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ ផលិតផលនេះ មិនងាយខូច ដូចកសិផលដទៃទៀតនោះទេ។

ជុំវិញបញ្ហានេះ លោក ច័ន្ទ សុផល បានលើកឡើងថា លោកគាំទ្រចំពោះគោលនយោបាយរបស់រដ្ឋាភិបាលរបស់ក្រសួងពាណិជ្ជកម្ម ដែលជំរុញទីផ្សារដំឡូងមីនេះ ព្រោះ ដំណាំដំឡូងមីនេះ ជាឧស្សាហកម្មយុទ្ធសាស្រ្តមួយ ដែលមានសក្តានុពលខ្ពស់ក្នុងការបង្កើតតម្លៃបន្ថែម ក៏ដូចជាការផលិតបន្ថែមទៀត។ យ៉ាងណាក៏ដោយ លោកអះអាងថា ទីផ្សារផលិតផលកសិកម្ម តែងមានការប្រែប្រួលទៅតាមរលកនៃទីផ្សារសាកល ដូច្នេះ កសិករត្រូវមានត្រៀមខ្លួនឲ្យមុនឈានទៅរកការដាំដុះ ដូចជា ប្រភពទុន និងព័ត៌មានទីផ្សារជាដើម។ 

ការដាំដុះដំឡូងមីមាននៅគ្រប់២៥ខេត្តក្រុង ខណៈខេត្តដែលមានការដាំដុះច្រើនជាងគេ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ក្រចេះ និងកំពង់ធំជាដើម។ 

ជាមួយគ្នានេះដែរ កាលពីពេល​ថ្មីៗនេះ ក៏មាន​ក្រុមហ៊ុន​ចិន Green Leader Holdings Group Limited ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង បានចុះអនុស្សារណៈ​យោគយល់គ្​នាជាមួយ​នឹងក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសន្យាថា នឹងសាងសង់​រោងចក្រ​កែច្នៃ​ដំឡូងមី​ ឲ្យបានយ៉ាងតិច​ ៣កន្លែង​នៅកម្ពុជា ក្នុង​ឆ្នាំ ២០១៨នេះ និងគ្រោង​ពង្រីក​រោងចក្របន្ថែម ឲ្យ​បាន​រហូតដល់ ២០កន្លែង​នៅក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ។ 

បើតាមការ​អះអាង​ពីតំណាង​ក្រុមហ៊ុនចិន​ហុងកុង​មួយនេះ រោងចក្រទី១ នឹងត្រូវ​​សាងសង់​​ឡើង​ឆាប់ៗ​នេះ នៅលើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ខណៈដែល​រោងចក្រ​ទី២​​បន្ទាប់​ទៀត អាចនឹង​ត្រូវ​សាងសង់ឡើង​នៅខេត្ត​ត្បូងឃ្មុំ​ដដែល និងអាច​បន្តសាងសង់​នៅស្រុក​ស្នួលខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ពោធិ៍សាត់ និងមណ្ឌលគីរី​ ជាដើម ក្រោមជាការ​ចង្អុល​បង្ហាញ​ពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា បើតាម​ការអះអាង​ពីរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ឯកឧត្តម វេង សាខុន បច្ចុប្បន្ន ការដាំដុះ​ដំឡូងមី​របស់​កម្ពុជា មានប្រមាណ ១៤ លានតោន ក្នុងមួយឆ្នាំ លើផ្ទៃដី​ជាង៧០ម៉ឺនហិកតា ខណៈដែល​បច្ចុប្បន្ន រោងចក្រ​រកែច្នៃ​ដំឡូងមី​មានប្រមាណ​តែ ៤រោងចក្រ​ប៉ុណ្ណោះ ក្នុងនោះ ក៏មានរោង​ចក្រខ្លះ​ក៏កំពុង​ប្រឈម​នឹងការ​ក្ស័យធន​ផងដែរ។ ដូច្នេះ កម្ពុជា​ត្រូវការ​រោងចក្រ​កែច្នៃជាច្រើន​ទៀត​ដើម្បី​កែច្នៃ និងនាំចេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រយៈពេល ៥ឆ្នាំ កម្ពុជាចំណេញពីការលក់ផលិតផលឧស្សាហកម្ម ប៉ុន្មានម៉ឺនលានដុល្លារ?

ព័ត៌មាន
នៅក្នុងរយៈពេល៥ឆ្នាំចុងកន្លងមកនេះ កម្ពុជាលក់ចេញផលិតផលនៅក្នុងវិស័យឧស្សាហកម្មក្នុងតម្លៃទឹកប្រាក់ប្រមាណ ជាង ៤,៣ ម៉ឺនលានដុល្លារអាមេរិក ដែលមាន…

ណូរីភ្នំបាណន់ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរភ្លូកទឹកភ្លូកដី

ព័ត៌មាន
ណូរី ឬ គេហៅជាភាសាអង់គ្លេសថា «Bamboo Train» នៅភ្នំបាណន់ ខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ខណៈយានជំនិះដែលបន្សល់ទុកតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ