កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ កម្ពុជា-ចិន បញ្ចប់កិច្ចចរចាហើយ!

កម្ពុជា និងចិន បានបញ្ចប់កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីជាស្ថាពរហើយ!


នៅទីបំផុតក្រោយពីចាប់ផ្ដើមចរចាអស់រយៈពេលជិត១ឆ្នាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានបញ្ចប់ជាស្ថាពរហើយ និងត្រៀមចុះហត្ថលេខានៅក្នុងឆ្នាំ២០២០នេះ ពោលគឺឆាប់ៗនេះតែម្ដង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?

កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ ត្រូវបាន​បញ្ចប់​ជាស្ថាពរ​ក្រោយពី មាន​កិច្ចប្រជុំ​រួមគ្នា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ រវាង​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និងលោក Zhong Shan រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មចិន នាថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់ថា ការបញ្ចប់​ការចរចា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដោយ​ជោគជ័យ ក្នុងរយៈពេល​មួយ​ដ៏ខ្លីនេះ បានបង្ហាញ​ពីឆន្ទៈ​នៃថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ ក្នុងការពង្រឹង​ទំនាក់​ទំនង​ឱ្យកាន់តែ​ជិតស្និត និង​ទូលំទូលាយ ដោយកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ នឹងផ្ដល់ផល​ប្រយោជន៍​សេដ្ឋកិច្ច និងសង្គម​ជាច្រើន ដល់ប្រជាជន​នៃប្រទេស​ទាំងពីរ តាមរយៈ​ការធ្វើសេរី​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទំនិញ និងសេវា ការជំរុញ​ការវិនិយោគ​ទូលំទូលាយ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​លើវិស័យ​មួយចំនួន​ទៀតផងដែរ។

ជាជំហាន​បន្ទាប់ ភាគីទាំងពីរ​នឹងអនុវត្ត​នីតិវិធី​ផ្ទៃក្នុង​រៀងៗខ្លួន ដើម្បីឈាន​ទៅចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី នៅក្នុង​ឆ្នាំ២០២០ នេះ។

ស្ថានទូតចិន​ប្រចាំ​កម្ពុជា​បាន​អះអាង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​ដែរថា ​ប្រទេស​ទាំងពីរ គឺកម្ពុជា និងចិន​​បានបញ្ចប់កិច្ច​ចរចាព្រមព្រៀង​ពាណិជ្ជ​កម្មសេរី ដែលមាន​ទិសដៅ​ប្រកបដោយ​អត្ថប្រយោជន៍ ទាំងនេះ​នឹងជាកម្លាំង​ជំរុញ​ថ្មីមួយក្នុង​ការពន្លឿន​ការកសាង​សហគមន៍​ជោគវាសនា​រួមរវាង​ចិននិង​កម្ពុជា​ប្រកបដោយ​អត្ថន័យ​យុទ្ធសាស្ត្រ។ ភាគីទាំងពីរ នឹងអនុវត្ត​តាមនីតិវិធី​ក្នុងប្រទេស​រៀងៗខ្លួន ខិតខំសម្រេច​ឲ្យបាន​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនៃ​ទ្វេភាគី​ឲ្យបាន​ឆាប់រហ័ស។

តាមការបញ្ជាក់​របស់​ស្ថានទូតចិន​ កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង ចិននិងកម្ពុជា​ត្រូវបាន​ចាប់ផ្តើម​នាចុង​ឆ្នាំ២០១៩ ដំណើរការ​តែជាង​ពាក់កណ្ដាល​ឆ្នាំក៏ឈាន​ដល់ការឯកភាពគ្នា នេះបានបង្ហាញ​ពីកម្រិតខ្ពស់​នៃទំនាក់ទំនង​ដៃគូកិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខា​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ធ្លាប់បាន​អះអាង​នៅក្នុង​សន្និសីទ​ព័ត៌មាន​នាពេល​ថ្មីៗនេះថា បើមិនមាន​អ្វីប្រែប្រួលទេនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានីប៉េកាំង​ប្រទេសចិន នៅមុនថ្ងៃទី ១២ សីហា ឆ្នាំ២០២០ ដើម្បី​ធ្វើជា​អធិបតីភាព​នៃការ​ចុះហត្ថលេខា​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-និងចិន។

ការធ្វើដំណើរ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់រដ្ឋធានី​ប៉េងកាំងនៅមុន​ថ្ងៃទី ១២ សីហានេះ ត្រូវបាន​គេមើលឃើញថា គឺធ្វើឡើង​នៅមុន​ថ្ងៃដែល​សហភាព​អឺរ៉ុប​កំណត់​នឹង​ចាប់ផ្ដើម​អនុវត្ត​ការ​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​EBA ពីកម្ពុជា ដែលសហភាព​អឺរ៉ុប​បានកំណត់​យក​ថ្ងៃទី ១២ ខែសីហា​ឆ្នាំ២០២០ គឺជា​ថ្ងៃ​ចាប់​ផ្ដើម​អនុវត្ត។

តាមមន្ត្រីជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និងចិននេះ នឹងជួយ​ជំរុញ​ដល់ការនាំចេញ​របស់​កម្ពុជា​បន្ថែមទៀត ពិសេស​គឺមុខទំនិញ​កសិកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងកសិដ្ឋានចិញ្ចឹមសត្វធំមួយ តម្លៃវិនិយោគជិត៣២លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃទី ២០ ខែកក្កដានេះ បានផ្សព្វផ្សាយពីការអនុម័តគម្រោងចំនួន៣ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្ល…

ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២៦នាក់ទៀតហើយ មកពី៣ប្រទេសផ្សេងគ្នា

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី លើបុរសជនជាតិខ្មែរ២៦នាក់ទៀតហើយ ដែលក្នុងនោះ ទើបតែត្រលប់មកពីប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ