កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅដើមឆ្នាំក្រោយ


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(FTA) នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ បន្ទាប់ពីទទួលបានការគាំទ្រលើការការពារសេចក្តីព្រាងច្បាប់កាលពីពេលថ្មីៗពីគណៈកម្មការរដ្ឋសភា។ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-FTA កម្ពុជា-ចិននឹងត្រូវដាក់ពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំពេញក្នុងពេលឆាប់ខាងមុខនេះ។
ទំនាក់​ទំនង​កម្ពុជា​ចិន ត្រូវ​បាន​គេ​មើលឃើញថា កាន់តែ​ជិត​ស្និទ្ធ​ខ្លាំង​ឡើងៗ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រោយ​ពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​ចូល​ជា​ធរមាន កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​ជាង​៣០០​មុខ​ទៅ​ប្រទេស​ចិន ដោយ​មិន​ចាំបាច់​បង់ពន្ធ​។ ក្រសួងពាណិជ្ជកម្ម​រំពឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន​នឹង​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ប្រសិនបើ​កម្ពុជា​អាច​រៀបចំ​នីតិវិធី​ផ្ទៃក្នុង​ឲ្យ​បាន​ចប់​សព្វគ្រប់​មុន​ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម​ជឿជាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន នឹង​អាច​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​២០២២​។ ឯកឧត្តម​បាន​បន្ថែម​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ត្រូវ​ដាក់​ឲ្យ​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។

អ្នកនាំពាក្យ​ឆ្លាស់​វេន​រូប​នេះ​រំពឹង​ថា កម្ពុជា​នឹង​ទទួល​អត្ថប្រយោជន៍​បន្ថែម​ទៀត​ពី FTA កម្ពុជា​-​ចិន លើ​អ្វី​ដែល​កម្ពុជា​កំពុង​ទទួល​បាន​ពី​ភាគី​ចិន ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​នាំ​ចេញ​របស់​កម្ពុជា​។ ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​ចូល​ជា​ធរមាន កម្ពុជា​អាច​នាំ​ចេញ​ទំនិញ​ជាង​៣០០​មុខ​ទៅ​ប្រទេស​ចិន ដោយ​មិន​ចាំបាច់​បង់ពន្ធ​។ 

អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​បាន​លើក​ឡើង​ថា ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន​នឹង​តុល្យភាព​ក្នុង​ថ្ងៃ​ណាមួយ​នា​ពេល​អនាគត ប្រសិនបើ FTA កម្ពុជា​-​ចិន​ចូល​ជា​ធរមាន ព្រោះ​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន នឹង​មាន​ក្រុមហ៊ុន​បរទេស​ធំ​ៗ​ជា​ច្រើន ពិសេស​ចិន សម្រុក​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផលិត​ផលិតផល និង​សម្ភារ​ផ្សេង​ៗ​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន និង​ទីផ្សារ​អ៊ឺ​រ៉ុ​ប​មួយ​ចំនួន ដែល​មាន​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​។   

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ធ្លាប់​បាន​បង្ហាញ​ក្តី​រំពឹង​កន្លង​មក​ថា ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន នឹង​កើនឡើង​២៥% បន្ថែម​ទៀត ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ចូល​ជា​ធរមាន​។

របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា នៅ​៥​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​សម្រេច​បាន​ជិត​៤​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​២៥% ក្នុង​នោះ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​ជិត​៥៦០​លាន​ដុល្លារ កើនឡើង​៥៦% ខណៈ​ដែល​ការ​នាំ​ចូល​មក​វិញ​មាន​ជាង​៣​ពាន់​៣​រយ​លាន​ដុល្លារ​កើន​ជាង​២១%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២១ អាចនឹងប្រសើរជាងឆ្នាំ២០២០ដែរ ឬទេ?

ព័ត៌មាន
ទាំងស្ថាប័នរដ្ឋ និងអ្នកជំនាញអចលនទ្រព្យបានអះអាងថា ចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ ស្ថានភាពនៃការវិនិយោគនៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅ…

ក្រុមប្រទេស G20៖ សេដ្ឋកិច្ចសកលកំពុងរងការគំរាមគំហែងពីមេរោគកូវីដ-១៩បំប្លែងថ្មី ឌែលតា

ព័ត៌មាន
ក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង២០ G20 ព្រមានថា វត្តមានកូវីដ១៩ «ឌែលតា» នឹងគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ នៅក្នុងកិច្ចប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ