ទំនាក់ទំនង​កម្ពុជា-អាមេរិក

កម្ពុជា​បដិសេធ​របាយការណ៍​​អាមេរិក​​ដែល​​ថា 'កម្ពុជា​អាច​នឹង​ធ្វើ​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ'​ ឲ្យ​មាន​វត្តមាន​យោធា​ចិន


មន្ត្រី​​ស៊ើបការណ៍​​របស់​​អាមេរិក​បាននិយាយក្នុង​របាយការណ៍​សន្តិសុខ​ប្រចាំ​ឆ្នាំ​ ដែល​ចែកចាយ​កាល​ពីពេលថ្មីៗ​នេះ​ ថា កម្ពុជា​អាច​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​នាំ​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល​កម្ពុជា​បដិសេធ​​របាយការណ៍នេះ។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

នៅ​ក្នុង​របាយការណ៍​ចុះ​ថ្ងៃ​ទី២៩ ខែ​មករា ២០១៩ ការិយាល័យ​ស៊ើបអង្កេត​ជាតិ​របស់​លោកនាយក ដេនខូត បាន​និយាយ​ថា ការវិល​ត្រឡប់​របស់​កម្ពុជា​ទៅ​កាន់​ប្រព័ន្ធ​ឯកបក្ស​បន្ទាប់​ពី​ការ​បោះឆ្នោត​ទូទៅ កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ អាច​នាំ​ឱ្យ​មាន​ឥទ្ធិពល​ចិន​កាន់តែ​កើន​ឡើង​នៅ​កម្ពុជា។

របាយការណ៍​នោះ បាន​និយាយ​ដូច្នេះ​ថា៖ «ការ​ធ្លាក់​ចុះ​របស់​កម្ពុជា​ទៅ​ជា​ប្រព័ន្ធ​ផ្តាច់ការ ដែល​បាន​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈាន​ដល់​កម្រិត​កំពូល​ក្នុង​ការ​រក្សា​អំណាច​និង​គ្រប់គ្រង​អំណាច​ពេញ​លេញ​លើ​នីតិប្បញ្ញត្តិ​ជាតិ បើក​ផ្លូវ​សម្រាប់​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដែល​អាច​នាំ​ឲ្យ​មាន​វត្តមាន​យោធា​ចិន​នៅ​ក្នុង​ប្រទេស»។

របាយការណ៍​មាន​ចំនួន​៤២​ទំព័រ ហើយ​បាន​ផ្តោត​លើ​ការវាយ​តម្លៃ​ការ​គំរាម​កំហែង​នៅ​ជុំវិញ​ពិភពលោក​ដល់​សន្តិសុខ​ជាតិ​អាមេរិក ប៉ុន្តែ មាន​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​ដែល​និយាយ​ពី​កម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​បដិសេធ​ថា មិន​មាន​ការ​ធ្វើ​វិសោធនកម្ម​នោះ​ទេ ហើយ​និយាយ​បន្ត​ថា កម្ពុជា​មាន​សន្តិភាព ដែល​ទទួល​បាន​មក​មាន​តម្លៃ​ខ្ពស់​ណាស់ អ៊ីចឹង ប្រជាពលរដ្ឋ​មិន​ចង់​បាន​សង្គ្រាម​នោះ​ទេ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បដិសេធ​ថា នឹង​មិន​មាន​​មូលដ្ឋាន​ទ័ព​បរទេស​នៅ​កម្ពុជា​នោះ​ទេ បន្ទាប់​ពី​សារព័ត៌មាន​ អេស៊ា ថែមស៍ បាន​សរសេរ​ថា ចិន​ចង់​មាន​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នៅ​ខេត្ត​កោះកុង។

លោក ឈុំ សុជាតិ បាន​និយាយ​បន្ត​ថា ការ​បដិសេធ​របស់​សម្តេច​នាយករដ្ឋមន្រ្តី គឺ​វា​គ្រប់​គ្រាន់​ហើយ។ លោក ឈុំ សុជាតិ បាន​និយាយ​ដូច្នេះ​ថា៖ «គាត់​បាន​ដើរ​ជិត​ប៉ុន្មាន​ប្រទេស គាត់​ដើរ​ប្រកាស​ហើយ​ថា អត់​មាន​ទេ បញ្ហា​វត្តមាន​កងទ័ព​ជើង​ទឹក​ចិន ឬ​នាវា​ចិន ឬ​ក៏​វត្តមាន​កងទ័ព​ចិន​មក​នៅ​កម្ពុជា។ គាត់​ប្រកាស​ប៉ុណ្ណឹង​ហើយ មិន​ដឹង​ជា​ខ្ញុំ​បញ្ជាក់​ម៉េច​ទៀតទេ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​តាម​សារ​តេឡេក្រាម ថា វា​ជា​ការ​ចោទ​ប្រកាន់​ទាំង​បំពាន និង​ជា​ការ​និយាយ​ស្មានៗ ដែល​ផ្ទុយ​ពី​ការពិត ដែល​ថា រដ្ឋាភិបាល​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​អនុញ្ញាត​ឲ្យ​មាន​ការ​តាំង​មូលដ្ឋាន​យោធា​បរទេស។

លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​ថា៖ «ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចង​សម្ព័ន្ធ​​យោធា ឬ​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណាមួយ​ដែល​មិន​ស្រប​នឹង​អព្យាក្រឹត​ភាព​របស់​ខ្លួន​ឡើយ។ ព្រះរាជាណាចក្រកម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ»។

គួរ​រំឭក​ថា កាសែត អេស៊ា ថែមស៍ បាន​ចុះផ្សាយ​ព័ត៌មាន​ពី​ឆ្នាំ​មុន អំពី​វត្តមាន​យោធា​ចិន​​ដោយ​ដក​ស្រង់​ប្រភព​អ្នក​ការទូត និង​ក្រុម​អ្នក​វិភាគ​ដោយ​មិន​បញ្ចេញ​ឈ្មោះ។

នៅក្នុង​របាយការណ៍​​អាមេរិក​ខាង​លើ​​ ក៏​បាន​លើក​ឡើង​ពី​តំបន់​អាស៊ាន​ទាំងមូល​​ផង​ដែរ ដោយ​បាន​និយាយ​ថា លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ នៅ​តែ​មាន​ភាព​ផុយ​ស្រួយ ហើយ​ចិន​នឹង​បង្កើន​ការចូលរួម​របស់​ខ្លួន​នៅ​​ក្នុង​តំបន់ ដើម្បី​កសាង​ឥទ្ធិពល​បន្ថែម ខណៈ​ដែល​បន្ថយ​ឥទ្ធិពល​របស់​អាមេរិក និង​សម្ព័ន្ធ​​មិត្រ​អាមេរិក។

រុស្ស៊ី​ក៏​អាច​បន្ត​ការងារ​ការទូត​និង​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ផងដែរ ហើយ​ប្រទេស​​មួយ​ចំនួន​នឹង​ស្វាគមន៍​ដើម្បី​ជា​តុល្យភាព​នឹង​ឥទ្ធិពល​ប្រទេស​ចិន នេះ​បើ​យោង​តាម​របាយណ៍​ដដែល​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្ទាប់ពីបើក​​កាស៊ីណូ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នៅ​លើ​កោះភូកុក (កោះត្រល់) វៀតណាម​នឹង​បើក​ការហោះហើរ​ត្រង់​ ភូកុក-ហុងកុង ឆាប់ៗនេះ!

ព័ត៌មាន
ទើបតែបើក​សម្ពោធ​រមណីដ្ឋាន​និងកាស៊ីណូ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក នៅ​លើ​កោះ ភូកុក (ខ្មែរ​ស្គាល់ថា ជា កោះត្រល់) ប្រទេស​វៀតណាម​គ្…

វៀតណាមរំពឹងចំណូល ៤០ពាន់លានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆ្នាំនេះ

ព័ត៌មាន
សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានដាក់គោលដៅនៅឆ្នាំនេះ នឹងរកចំណូលពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ឲ្យបានដល់ ៤០ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ